អន្តរជាតិ
បុរស​ម្នាក់​ប្រើពេល​៤០​ឆ្នាំ​ដើម្បី​សន្សំ​កែវស្រា​បាន​ជាង​៤០០០​កែវ​ដាក់​ក្នុងផ្ទះ​
06, Jan 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 

​បុរស​ជនជាតិ​បារាំង លោក Roland Noiseau ក្លាយ​មនុស្ស​ម្នាក់​ដែល​ខុសប្លែក​ពី​គេ ដោយ​លោក​បាន​ប្រើ​ពេលវេលា​រហូតដល់​ទៅ​៤០​ឆ្នាំ​ដើម្បី​សន្សំ​កែវស្រា​ជាង​៤០០០​កែវ​នៅក្នុង​ផ្ទះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​នានា​នៅក្នុង​ប្រទេស​បារាំង​។​

 
​មុនពេល​បើកទ្វារ​គេហដ្ឋាន លោក Roland Noiseau បាន​ស្រែកថា​៖ «​សូម​ស្វាគមន៍​ចំពោះ​ការមកដល់​សារមន្ទីរ​ឯកជន​ដ៏​តូច​មួយ​របស់ខ្ញុំ​»​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ សារមន្ទីរ​របស់លោក Noiseau គឺ​កែវ​សុរា​ដ៏​សំបូរបែប​ពាសពេញ​ផ្ទះ​ដែលមាន​រហូតដល់​ទៅ​ជាង​៤០០០​កែវ​។​
 
​បុរស​ដែល​ឈានចូល​ដល់​វ័យ​៨០​ឆ្នាំ​រូបនេះ បាន​អះអាងថា លោក​បាន​សន្សំ និង​ប្រមូល​កែវ​សុរា​ទាំងនោះ​អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ ដើម្បី​ដាក់​ក្នុងផ្ទះ​ដែល​ស្ថិតនៅ​តំបន់ Chateau-Gontier ប្រទេស​បារាំង​។ 
 
​គ្រប់​ទីកន្លែង​ក្នុងផ្ទះ ពោរពេញ​ទៅដោយ​កែវ​សុរា ដែលមាន​ប្រភេទ​ដូចគ្នា ប្រហាក់ប្រហែលគ្នា និង​ខុសប្លែក​ពីគ្នា ទៅតាម​ក្រុមហ៊ុន​ដែល​បាន​ផលិត​។ លោក Noiseau បាន​អះអាងថា លោក​បានចាប់ផ្តើម​មាន​គំនិត​ប្រមូល និង​ទិញ​កែវ​ទាំងនោះ ខណៈដែល​លោក​រស់នៅ​តំបន់​ក្បែរ​ព្រំដែន​អាល្លឺម៉ង់​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​អះអាងថា លោក​គ្រាន់តែ​ដើរ​ប្រមូល និង​ទិញ​កែវ​ទាំងនោះ ប៉ុណ្ណោះ ដោយ​លោក​មិនមែនជា​មនុស្ស​ប្រមឹក​នោះឡើយ​៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com