អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ស្រក់​ទឹកភ្នែក​ពេលរំលឹកពីហិង្សា​​ប្រដាប់​អាវុធ​នៅក្នុង​សង្គម​អាមេរិក
06, Jan 2016 , 7:30 am        
រូបភាព
​នៅ​ថ្ងៃ​អង្គារ​ទី ៥​ខែមករា​ម្សិលមិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ផែនការ​ថ្មី​សំដៅ​រឹតបន្តឹង​ការ​ប្រើ​ប្រាស់​អាវុធ​ដែលវាជា​វិធានការ​មួយ​ដែលដាក់ចេញដោយស្ថាប័ន​នីតិប្រតិបត្តិ​ឬ​​ប្រធានាធិបតី​ផ្ទាល់​។ តែ​ក្នុងពេល​ថ្លែង​សុន្ទរកថា លោក អូ​បា​ម៉ា​ស្រក់​ទឹកភ្នែក ពេល​លោក​រំលឹក​ពី​ការសម្លាប់​រង្គាល​ក្មេងៗ​មិនដឹង​អ្វី​សោះ​នៅ​សហរដ្ឋអាមេរិក ព្រោះ​ការគ្រប់គ្រង​អាវុធ​មាន​លក្ខណៈ​ធូររលុង​ពេក​។    

​ចុងក្រោយ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ផែនការ​រឹតបន្តឹង​ការប្រើប្រាស់​អាវុធ​និង​ឈានទៅ​កាត់បន្ថយ​ហិង្សា​ប្រដាប់អាវុធ​នៅ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី ៥​ខែមករា​នេះ​។ លោក អូ​បា​ម៉ា បាន​ថ្លែង​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​បទបញ្ជា​ថ្មី​របស់លោក​ដែល​ដាក់ចេញ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ហើយ​លោក​បាន​សង្កត់ធ្ងន់ថា​វា​ជា​ពេល​ត្រូវ​ចាត់វិធានការ​មួយ​ដើម្បី​ដោះស្រាយ​ហិង្សា​ប្រដាប់អាវុធ​នេះ​។ 
 
​ក្នុងពេល​ថ្លែង​សុន្ទរកថា លោក​បាន​លើកយក​បញ្ហា​ហិង្សា​ប្រដាប់អាវុធ​ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០១២ ដោយមាន​ការសម្លាប់រ​ង្គា​ល​ក្មេងៗ​នៅ​សាលា Sandy Hook នៅក្នុង​រដ្ឋ Connecticut​។ លោក​ថា ៖« គ្រប់​ពេលដែល​ខ្ញុំ​គិតដល់​ក្មេងៗ​ទាំងនោះ ខ្ញុំ​ចាប់ផ្តើម​ច្របូកច្របល់​ក្នុង​ចិត្ត​ភ្លាម​»​។ ប៉ុន្តែ​ពេល​កំពុងនិយាយ លោក អូ​បា​ម៉ា មិនអាច​ទប់​របស់ខ្លួន​បាន​រហូតដល់​ហូរ​ទឹកភ្នែក​ថែមទៀត​ផង​។ លោក​បាន​ផ្អាក​និយាយ​បន្តិច​ហើយ​យកដៃ​ជូត​ភ្នែក ហើយ​បន្ត​និយាយថា​៖«​ហើយ​រឿង​បែបនេះ​កើតឡើង​នៅតាម​ផ្លូវ​នៅ​ស៊ី​ហ្កា​កូ រៀងរាល់ថ្ងៃ​»​។ ការលើកឡើង​របស់លោក អូ​បា​ម៉ា​បែបនេះ សំដៅ​ដល់ទី​កន្លែង​ដែល​លោក​ចាប់ផ្តើម​អាជីព​ជា​អ្នកនយោបាយ​កន្លងមក​។​
 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តាំងពីដើម​មក​បាន​ព្យាយាម​ធ្វើយ៉ាងណា​តស៊ូ​មតិ​ឲ្យ​សភា​សម្រេច​អនុម័ត​បទបញ្ញត្តិ​ថ្មី​ដែល​អាច​រឹតបន្តឹង​ការប្រើប្រាស់​អាវុធ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​គោលនយោបាយ​របស់លោក​មិន​បានទទួល​ការគាំទ្រ​ពី​សភា​អាមេរិក​នោះឡើយ​។ ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​ទិតៀន​សភា​ដែល​តែង​បដិសេធ​គម្រោង​ឈានទៅ​រឹតបន្តឹង​ការប្រើប្រាស់​អាវុធ​នេះ​។ នេះ​ក៏ដោយ​សារ​ទង្វើ​របស់​ស​ភា​ផ្ទុយ​ឆន្ទៈ​ប្រជាជន ព្រោះ​ដូច​ឃើញ​ហើយ ក​របាយការណ៍​ស្ទង់​មតិ​ផ្លូវការ​ក្នុងចំណោម​ប្រជាជន​អាមេរិក បង្ហាញថា ប្រជាជន​ជាង​៨០​ភាគរយ គាំទ្រ​ឲ្យ​មានការ​ត្រួតពិនិត្យ​ប្រវត្តិ​រូបអ្នក​ដែល​ប្រើប្រាស់​អាវុធ​ដើម្បី​កាត់បន្ថយ​ហិង្សា​។ 
 
​យ៉ាងណាក៏ដោយ លោក អូ​បា​ម៉ា ក៏​ឆ្លៀត​អំពាវនាវ​ទៅកាន់​សភា​អាមេរិក​ជាថ្មី​ឲ្យ​អនុម័ត​ច្បាប់គ្រប់គ្រងអាវុធ​ថ្មី ដោយ​លោក​ពន្យល់ថា រាល់​វិធានការ​នីតិប្រតិបត្តិ​ដែល​លោក​ដាក់ចេញ​អាច​បង្ខំ​ឲ្យ​គេ​អនុវត្តតាម​បាន​ដរាបណា​ស្ថាប័ន​នីតិបញ្ញត្តិ​ធ្វើ​សកម្មភាព​ដែរ​។ កាលពី​ឆ្នាំ ២០១៣ សេចក្តីស្នើច្បាប់​របស់លោក អូ​បា​ម៉ា ត្រូវ​សភា​ទាត់ចោល​ម្តងមកហើយ​។ ទាក់ទង​ការទាត់ចោល​សំណើរ​របស់លោក​ពី​សំណាក់​សភា​កន្លងមក លោក អូ​បា​ម៉ា បាន​អះអាង ក្រុម​អ្នក​បញ្ចុះបញ្ចូល​សភា​និង​ជា​អ្នកគាំទ្រ​ការប្រើប្រាស់​អាវុធ អាច​យក​សភា​ជា​ចំណាប់ខ្មាំង​បាន ប៉ុន្តែ​មិនអាច​យក​ប្រជាជន​អាមេរិក​ជា​ចំណាប់ខ្មាំង​នោះឡើយ​។​
 
​ដោយឡែក ចំណាត់ការ​ថ្មី​របស់​ប្រមុខ​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​នេះដែរ នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​លក់​អាវុធ​ត្រូវ​ចុះបញ្ជី​ដើម្បី​បាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​និង​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​នូវ​ប្រវត្តិរូប​របស់​អ្នកទិញ​អាវុធ បើ​មិន​ដូច្នេះ​ទេ​ក្រុមហ៊ុន​ទាំងនោះ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ តាមពិតទៅ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក អូ​បា​ម៉ា ប្រើ​អំណាច​ប្រតិបត្តិ​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​ដាក់ចេញ​ចំណាត់ការ​បែបនេះ​។ នេះ​ក៏​ដោយសារតែ​ណាត់​ការ​រឿង​រឹតបន្តឹង​ការប្រើ​អាវុធ​នេះ​មិនមាន​អនុភាព​គតិយុត្តិ​ឡើយ ហើយ​ការប្រើប្រាស់​អាវុធ​ជា​រឿង​រសើប​បំផុត​ក្នុង​ឆាកនយោបាយ​អាមេរិក​ដែរ​។​ដូច្នេះ​ចាំបាច់​មានការ​សហការ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​ឈានទៅ​អនុវត្ត​និង​បង្កើត​ឲ្យ​មាន​អនុភាព​ចាប់បង្ខំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com