កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​៖ BBU ផ្អាក​សកម្មភាព​ប្រកួត​សិន ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​ខ្លាំង​
06, Jan 2016 , 2:17 pm        
រូបភាព
លោក ឌៀប សីហា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​ជា​ប្រធាន​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត
លោក ឌៀប សីហា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​ជា​ប្រធាន​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត
​គ្មាន​ឡើយ​ការប្រកួត​របស់​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត (BBU) នៅក្នុង​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឌៀប សីហា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​ជា​ប្រធាន​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​។ លោក​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថ្នាក់ដឹកនាំ​កំពុង​សិក្សា​មើល​ចំណុច​ខ្វះខាត​កន្លងមក ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​ក្លិប​ឲ្យ​បានល្អ​នាពេល​អនាគត ខណៈ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​កំពុង​ត្រៀម​សាងសង់​កីឡដ្ឋាន​មួយ​នៅ​ទីតាំង​សាខា​ថ្មី​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 
​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​គឺជា​ក្លិប​តែមួយគត់​ដែលមាន​ប្រភព​ចេញពី​សាកលវិទ្យាល័យ ហើយ​ឈរជើង​យូរ​ជាងគេ​នៅក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​កម្ពុជា​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ កាលពី​ថ្ងៃទី​៥ ខែមករា អ្នកតាមដាន​កីឡាបាល់ទាត់​កម្ពុជា មានការ​ស្រងាក​ចិត្តជា​ខ្លាំង បន្ទាប់ពី​បានឃើញ​មន្ត្រី និង​កីឡាករ​នៃ​ក្លិប​មួយ​នេះ បង្ហោះ​រូប និង​សំណេរ​តាម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការ​ជប់លៀង​លាគ្នា ដោយសារ​ក្លិប​ត្រូវបាន​រំសាយ​។​
 
​បញ្ហា​ហិរញ្ញវត្ថុ​ត្រូវបាន​លើកឡើង​ទាក់ទង​នឹង​ការរំសាយ​ក្លិបដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជិត​១០​ឆ្នាំ​កន្លងមកនេះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ឌៀប សីហា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​ជា​ប្រធាន​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ទទួលស្គាល់ថា ក្លិប​របស់លោក​ពិតជា​ជួប​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ​ក្លិប​គ្រាន់តែ​ផ្អាក​សកម្មភាព​មួយឆ្នាំ​ប៉ុណ្ណោះ មិនមែនជា​ការរំសាយ​នោះឡើយ​។​
 
​លោក ឌៀប សីហា បាន​ពន្យល់ថា​៖ «​ក្លិប និង​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ តែងតែ​ចូលរួម​សកម្មភាព​ដើម្បី​លើកតម្កើង​វិស័យ​កីឡា​នៅ​កម្ពុជា ជាពិសេស​បាល់ទាត់​។ ប៉ុន្តែ​ពេលនេះ យើង​ត្រូវធ្វើ​កំណែទម្រង់​ឡើងវិញ​លើ​គម្រោង​ថវិកា​របស់​យើង​ដើម្បី​កសាង​ក្លិប​មួយ​ឲ្យ​ខ្លាំង​នាពេល​អនាគត​។ មកដល់ពេលនេះ យើង​មិនទាន់​ទទួល​ចំណូល​អ្វី​នោះឡើយ​ពី​វិស័យ​កីឡា​» ។​
 
​សាកលវិទ្យាធិការ និង​ជា​ប្រធាន​ក្លិប​រូបនេះ បាន​អះអាងថា ថ្នាក់ដឹកនាំ​កំពុង​ពិភាក្សាគ្នា​លើ​គម្រោង​សាងសង់​កីឡដ្ឋាន​មួយ​នៅលើ​ទីតាំង​សាខា​ថ្មី​របស់​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ដែល​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
 
​លោក​បាន​លើកឡើងថា​៖ «​បើ​យើង​ចង់​កសាង​ក្លិប​ឲ្យ​ខ្លាំង យើង​ត្រូវមាន​ការពិភាក្សា​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​»​។ តើ​ក្រុម​គ្រូបង្វឹក មន្ត្រី និង​កីឡាករ ពិតជា​ត្រូវ​រំសាយ​មែន​ទេ​? លោក ឌៀប សីហា មិនបាន​ផ្តល់​ចម្លើយ​ជាក់លាក់​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​កំពុងដំណើរការ​។​
 
​លោក លាស់ សា​ឡាក់​ខាន់ គ្រូបង្វឹក​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ក៏បាន​អះអាង​ផងដែរ​ពី​ការដកខ្លួន​របស់​ក្លិប​សម្រាប់​ការប្រកួត​ធំៗ​នៅ​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​លោក​បាន​ចាត់ទុកថា វា​ជា​រឿង​ធម្មតា​។​
 
«​ខ្ញុំ​ទើបតែ​ទទួលដំណឹង​ពី​ការផ្អាក​នេះ តែ​ខ្ញុំ​មិនដឹង​ពី​ហេតុផល​ពិតប្រាកដ​នោះឡើយ​។ ប្រសិនបើជា​បញ្ហា​ថវិកា​មែន​នោះ ខ្ញុំ​គិតថា វា​ជា​រឿង​ដែល​ត្រូវ​យោគយល់ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​ច្រើន​ដែរ​។ បើ​គ្មាន​ថវិកា​ទ្រទ្រង់​ទេនោះ យើង​មិនអាច​រៀបចំ​ក្លិប​ឲ្យ​ខ្លាំង​នោះឡើយ​»​។ នេះ​ជា​បញ្ជាក់​របស់លោក លាស់ សា​ឡាក់​ខាន់ ដែល​ធ្លាប់មាន​បទពិសោធន៍​លើ​បញ្ហា​ថវិកា នៅពេលដែល​លោក​ធ្វើជា​ម្ចាស់​ក្លិប​ខេមរា​កីឡា​។​
 
​តើ​លោក លាស់ សា​ឡាក់​ខាន់ មាន​គម្រោង​យ៉ាងណា​ទៀត​សម្រាប់​អាជីព​របស់លោក​? គ្រូបង្វឹក និង​ជា​ថ្នាក់ដឹកនាំ​កីឡា​ដ៏​មានបទពិសោធន៍​រូបនេះ មិនទាន់​គិត​អ្វី​នោះឡើយ ដោយ​លោក​បញ្ជាក់ថា រង់ចាំ​ជានិច្ច​ក្នុងការ​បន្ត​ជួយ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​។​
 
​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) មួយរូប បានបញ្ជាក់​ពី​ការសុំ​ដកខ្លួន​របស់​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ពី​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ តាមរយៈ​លិខិត​មួយ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ។ លោក ខៀវ សា​ម៉េ​ត អនុប្រធាន FFC មិនទាន់​បានឃើញ​លិខិត​ដោយផ្ទាល់​ភ្នែក​នោះឡើយ ប៉ុន្តែ​លោក​បានបង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​អវត្តមាន​បៀ​ល​ប្រាយ​នៅ​ក្របខណ្ឌ​កំពូល​នា​ឆ្នាំក្រោយ​។ 
 
​លោក​បាន​គូសបញ្ជាក់ថា​៖ «​វា​ជា​រឿង​ល្អ​ដែល​បៀ​ល​ប្រាយ​ងាក​ទៅ​ព​ង្រឹ​ក​សមត្ថភាព និង​រចនាសម្ព័ន្ធ​រប​ស់​ខ្លួន ប៉ុន្តែ​ការផ្អាក​សកម្មភាព​មួយឆ្នាំ គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​។ ពេល​បៀ​ល​ប្រាយ​ចូលខ្លួន​សារជាថ្មី FFC ត្រូវ​សិក្សា​មើល​លក្ខណៈ​បច្ចេកទេស​របស់​ក្លិប​មួយ​នេះ​ឡើងវិញ​ផងដែរ​»​។​
 
​សាកលវិទ្យាល័យ​ប្រៀល​ប្រាយ បាន​ប្រឡូក​ខ្លួន​ក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​ចាប់ពី​ឆ្នាំ​២០០៧​មក ដោយបាន​ទទួល​ចំណាត់ថ្នាក់​លេខ​៥​នៅក្នុង​លី​ក និង​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ចាប់ពី​ឆ្នាំ​២០០៨ ក្លិប​នេះ បាន​ប្រើ​ឈ្មោះថា «​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​» ។​
 
​លោក មាស សំអឿន បាន​ធ្វើជា​គ្រូបង្វឹក​របស់​បៀ​ល​ប្រាយ​ចាប់ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៣ ហើយ​លោក លាស់ សា​ឡាក់​ខាន់ បាន​បន្តកាន់កាប់​តំណែង​មួយ​នេះ ចាប់ពី​ពី​ការប្រកួត​ជើង​ទី​ពីរ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៣ ។​
 
​នា​រយៈពេល​៩​ឆ្នាំកន្លងមក បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បាន​ចំណាត់ថ្នាក់​លេខ​៣​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១០ ហើយ​តែងតែ​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ដោយ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៤ ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ។​
 
​បៀ​ល​ប្រាយ​ធ្លាប់​ឈ្នះ​ជើងឯក​ផងដែរ​នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​កម្រិត​សាកលវិទ្យាល័យ​អាស៊ាន​នា​ឆ្នាំ​២០០៧​នៅ​ប្រទេស​ថៃ និង​ឆ្នាំ​២០១៣ នៅ​ប្រទេស​ឡាវ​។ កីឡាករ និង​អតីត​កីឡាករ​ឆ្នើមៗ​មួយចំនួន​ដែល​ឆ្លងកាត់​ក្លិប​បៀ​ល​ប្រាយ​រួមមាន​ដូចជា ស៊ូ យ៉ា​ទី​, ហែម ស៊ី​ម៉ៃ​, នុត ស៊ីនួន​, ឈុន សុធា​រ័ត្ន​, រ៉ឹង ប៊ុន​ហៀ​ង​, ញឹម សុវណ្ណារ៉ា​, ហេង សុខលី​, ចាន់ វាសនា​, ព្រំ ពុទ្ធ​សិទ្ធី​, អ៊ុំ ចាន់​តារា ជាដើម​៕
 
    

Tag:
 បាល់ទាត់​
  BBU
© រក្សាសិទ្ធិដោយ thmeythmey.com