អត្ថបទពាណិជ្ជកម្ម
សហភាព​សហ​ព័ន្ធយុវជន​កម្ពុជា បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ
06, Jan 2016 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ព្រឹក​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០១៦ ក្រុមគ្រួសារ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និងនិមន្ត​ព្រះសង្ឃ​បង្សុកូល ​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ ក៏ដូចជា​អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​មាតុភូមិ​ នៅក្នុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ដូនជី តាជី និង​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​កណ្តាល សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន កម្ពុជា អ្នកយកព័ត៌មាន និង​សាធារណជន សរុប​ចំនួន​ប្រមាណ ៤០០​នាក់​។


​គួរ​រម្លឹក​ផងដែរ​ថា អស់​រយៈកាល​៣៧​ឆ្នាំ​មកហើយ ដែល​ប្រទេស​កម្ពុជា​បាន​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​វាលពិឃាដ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ខ្មែរក្រហម ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​ស្លាប់​អស់ ជាង​២​លាន​នាក់ និង​បាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ និង​កូនកំព្រា​ជាច្រើន​សែន​នាក់​ឲ្យ​ស្ថិតក្នុង​ភាព​និរាស​ព្រាត់ប្រាស់​ដ៏​ឈឺចាប់​​ខ្លោចផ្សា​។



​បឹង​ជើងឯក ធ្លាប់ជា​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ​បុរាណវិទ្យា​មួយ ត្រូវបាន​ពួក​ខ្មែរក្រហម​ប្រែក្លាយជា​កន្លែង​សម្លាប់​មនុស្ស​មួយ​ដ៏​សាហាវព្រៃផ្សៃ​បំផុត ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ ទាំងនោះ​​ត្រូវបាន​ប​ញ្ចូ​ន​មក​មន្ទីរ​សន្តិសុខ ទូល​ស្លែង ឬ​មន្ទីរ​ស​-២១​។ កន្លែង​សម្លាប់​មនុស្ស​ជើងឯក​ស្ថិត​ក្នុងចំណោម​ទីតាំង​សម្លាប់​ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស ដែល​ត្រូវបាន​បង្កើត​ក្នុងអំឡុង​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​។ ជនរងគ្រោះ ទាំងចាស់ ទាំង​ក្មេង ទាំងប្រុស​ទាំងស្រី ភាគច្រើន​ជា​សាស្ត្រាចារ្យ បញ្ញវន្ត និង​និ​ស្សិត អ្នកចេះដឹង រួមទាំង​កម្មាភិបាលជាន់ខ្ពស់​និង​មន្ត្រី​យោធា​ខ្មែរក្រហម​ខ្លួនឯង​ជាច្រើនរូប​សរុប​ប្រមាណ ១២,០០០​នាក់ ​ត្រូវបាន​ពួក​ខ្មែរក្រហម​នាំយកមក​សម្លាប់​នៅ​ទីតាំង​ជើងឯក​នេះ​។​ រ​ណ្តៅសាកសព​រួម​ជាច្រើន​កន្លែង​នៅ​ទីតាំង​នេះ គឺជា​ភស្តុតាង​ជាក់ស្តែង​ស្រាប់​។











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com