កីឡាជាតិ
ជាតិ
សមិទ្ធផល​ធំៗ​ដែល NOCC សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥
07, Jan 2016 , 8:39 am        
រូបភាព
ដោយ:
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ បានបង្ហាញ​ពី​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ដែល NOCC សម្រេចបាន​ប្រចាំឆ្នាំ​២០១៥  ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តជាតិ​។ ហើយ​លោក​បានចាត់ទុក​ការសម្រេច​នេះ​ថា ជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ​គួរឱ្យ​កោតសរសើរ​។

 
​លោក វ៉ា​ត់ ចំរើន បានឱ្យដឹងថា ៖ «សមិទ្ធផល​ដែល​សំខាន់​ជាងគេ​ដែល​យើង​សម្រេចបាន​សម្រាប់​ឆ្នាំ​២០១៥ គឺ​ការទទួលបាន​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ចិន ជាង ១០០ លាន​ដុល្លារ ក្នុងការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ យើង​បានទទួល​ចំណាត់ថ្នាក់​ល្អ​ពី​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី ២៨ នៅ​សិង្ហ​បុរី ទោះបី​ចំនួន​មេដាយ​មានការ​ថយចុះ​ក៏ដោយ  ប៉ុន្តែ​វា​ជា​ចំណារ​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ដែល​បាន​ឈរលើ​ប្រទេស​ចំនួន​៣ ជាពិសេស​ប្រទេស​ឡាវ ដែល​យើង​មិន​ធ្លាប់​ទទួលបាន​ក្នុង​ប្រវត្តិ​កីឡា​។ អ្វីដែល​សំខាន់​យើង​ត្រូវបាន​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីអាគ្នេយ៍​ប្រគល់​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​ផ្លូវការ​»។​
 
​លោក​បាន​ឱ្យដឹងទៀតថា ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈកម្មការ​ជាតិ សហព័ន្ធ​ជាតិ​ទាំងអស់​បានរួម​គ្នា​រៀបចំ​សេចក្តីព្រាង​ផែនការមេ​ស៊ី​ហ្គេម​បានសម្រេច​ជោគជ័យ​។ ជាពិសេស​ផែនការ​នេះ​ត្រូវបាន​ដាក់ឱ្យ​ពិភាក្សា​ក្នុង​អង្គសិក្ខាសាលា​ដ៏​ទូលំទូលាយ​មួយ​ដែលមាន​ការចូលរួម​ពី​គ្រប់​វិស័យ​ឯកជន មន្ទីរ​ក្រសួង​ពាក់ព័ន្ធ និង​សាលា​រាជធានី​ភ្នំពេញ​។ 
 
​លោក​បានបញ្ជាក់​ផងដែរ​ថា ផែនការមេ​ស៊ី​ហ្គេម​នេះ​ធ្វើឡើង​ដោយមាន​ការពិគ្រោះ​យោបល់ និង​ទទួលបាន​ការណែនាំ​ពី​អ្នកមាន​បទពិសោធន៍​ជាច្រើន ជាពិសេស​ទទួលបាន​កា​រ​គាំទ្រ និង​ជួយ​ពី​អ្នកជំនាញការ​ជនជាតិ ម៉ាឡេស៊ី ដែលជា​រៀប​ច្បង និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អូឡាំពិក​អាស៊ីអាគ្នេយ៍ ដែល​ពោ​ពេញ​ទៅដោយ​បទពិសោធន៍​ក្នុងការ​រៀបចំ​ស៊ី​ហ្គេម​តាំងពី​លើក​ទី​២ ទី​៣​មកម្ល៉េះ​។​
 
​ជាមួយគ្នានេះដែរ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ផងដែរ​ថា៖ «យើង​បាន​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​ជាពិសេស​កិច្ចប្រជុំ​របស់​សមាគម​កីឡា​អូឡាំពិក​ក្រុង​ញូវយ៉ក ដែល​ធ្វើឱ្យ​យើង​បាន​នូវ​របត់​ថ្មី​ពី​ចលនា​អូឡាំពិក​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​ទទួលបាន​ការកោតសរសើ​រ​ពី​ចលនា​អូឡាំពិក​អន្តរជាតិ​ថា មាន​សកម្មភាព​ច្រើន​សម្រាប់​ឆ្នាំ​២០១៥ នេះ អ្វីដែល​សំខាន់​នោះ​គឺ​ការធ្វើឱ្យ​វិស័យ​កីឡា​មាន​ភាព​ផុសផុល និង​ទទួលបាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ទទួលបាន​អគារ​ដ៏​ស្រស់ស្អាត​សម្រាប់​ធ្វើការ​ពី​រាជរដ្ឋាភិបាល»​។ 
 
​ជាមួយគ្នានេះដែរ​ក្នុង​ឆ្នាំ​២០១៥ កំរិត​បច្ចេកទេស​រប​ស់​កម្ពុជា មានការ​រីកចម្រើន​យ៉ាងខ្លាំង ទាំង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក៏ដូចជា​ក្នុង​ព្រឹត្តិការណ៍​ពិភព​។ NOCC ​សម្រេចបាន​នូវ​សមិទ្ធផល​មួយចំនួន​ដូចជា​ការទទួលបាន​មេដាយមាស​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើ​ប្រភេទ​កីឡា​ដែល​មិន​ធ្លាប់​ទទួលបាន​មេដាយ​កន្លងមក​។​
 
​លោក វ៉ា​ត់ ចំរើន បាន​រៀបរាប់​បន្ថែមថា៖ «យើង​បាន​បង្កើត​សហព័ន្ធ​កីឡា​អូឡាំពិក​ថ្មី​ជា​ផ្លូវការ​ចំនួន​២ ក្នុងនោះ​មាន​សហព័ន្ធ​កីឡា​ទូកក្តោង និង​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​។ ក្រៅពី​​នោះ​យើង​បានធ្វើ​មហាសន្និបាត​ឡើងវិញ​របស់​សហព័ន្ធ​មួយចំនួន​ដែល​បានបញ្ចប់​អាណត្តិ​របស់ខ្លួន និង​បាន​ពង្រឹង​គោលការណ៍​សហព័ន្ធ​ជាតិ​ក្នុងការ​គ្រប់គ្រង និង​ដឹកនាំ​អភិបាលកិច្ច​ល្អ​ផងដែរ​»។ 
 
​លោក​បានកត់សំគាល់​ផងដែរ​ថា ក្រោយពី​ធ្វើ​ផែនការមេ​ស៊ី​ហ្គេម​រួច មាន​សហព័ន្ធ​មួយចំនួន​បាន​ស្វះស្វែង​រៀបចំខ្លួន​ក្នុងការ​ទទួលយក​ផែនការ​ដើម្បី​អភិវឌ្ឍន៍ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សហព័ន្ធ​មួយចំនួន​តូច​ដែរ​នៅមាន​ភាព​អសកម្ម និង​មិនទាន់មាន​ស្មារតី​ភ្ញាក់រ​ឮ​ក​នៅឡើយ​៕

Tag:
 កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com