កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​តែងតាំង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​ជំនួស​លោក Sam ជា​បណ្តោះអាសន្ន​
07, Jan 2016 , 2:45 pm        
រូបភាព
​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Oriol Mohedano ត្រូវបាន​តែងតាំង​ជាគ្រូ​បង្គោល​ឈុត​ធំភ្នំពេញ​ក្រោន។ រូបថត ហ្វេសប៊ុក​ភ្នំពេញ​ក្រោន
​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Oriol Mohedano ត្រូវបាន​តែងតាំង​ជាគ្រូ​បង្គោល​ឈុត​ធំភ្នំពេញ​ក្រោន។ រូបថត ហ្វេសប៊ុក​ភ្នំពេញ​ក្រោន
ដោយ: ថ្មីៗ
​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល ភ្នំពេញ​ក្រោ​ន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៧ ខែមករា នេះ បានប្រកាស​តែងតាំង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Oriol Mohedano ជា​គ្រូ​បង្គោល​ឈុត​ធំ ជំនួស​លោក Sam Schweingruber គ្រូបង្វឹក​ជនជាតិ​ស្វី​ស ដែលមាន​ស្ថានភាព​ល្អប្រសើរ​ក្រោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​



​ក្លិប​ភ្នំពេញ​ក្រោ​ន បានសរសេរថា​៖ «​ដោយសារតែ​ស្ថានភាព​របស់លោក​គ្រូ​បង្គោល Sam Schweingruber មិនទាន់​អាច​ចូលកាន់​តំណែង​វិញ​នៅឡើយ​ជាមួយនឹង​ពេល​មួយ​វេលា​មួយ​មិន​ច្បាស់លាស់ ដូចនេះ​លោក Oriol Mohedano  នឹង​ក្លាយជា​គ្រូ​បង្គោល​សម្រាប់​ក្លឹប​ភ្នំពេញ​ក្រោ​ន ដើម្បី​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​រដូវ​កាល ២០១៦ (​ការប្រកួត​ដំបូង​នៅ​ថ្ងៃទី ៧ កុម្ភៈ​) និង​ពានរង្វាន់​សម្តេច ហ៊ុនសែន​ផងដែរ​»​។​

​យោងតាម​ក្លិប​ភ្នំពេញ​ក្រោ​ន លោក Oriol Mohedano មាន​ស្រុកកំណើត​នៅឯ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ បច្ចុប្បន្ន​លោក​មាន​វ័យ​២៩ ឆ្នាំ និង​ជា​គ្រូ​ដែល​កាន់ UEFA A-License ជាមួយនឹង​បទពិសោធន៍​ជាច្រើន​នៅ​ប្រទេស​របស់លោក​ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស ស្វី​ស និង ហ្វី​ន​ឡែ​ន​ផងដែរ មុននឹង​មកកាន់​ដំណែង​នៅ​អាស៊ី​ជា​លើកដំបូង​ជាមួយនឹង​កុងត្រា​រយៈពេល ១ ឆ្នាំ​។

​ក្នុងនាម​ជា​កីឡាករ​ដែលមាន​តួនាទី​ជា​ខ្សែការពារ លោក​បាន​តំណាង​ឲ្យ junior club Penye Cornella មុននឹង​ចូលរួម​ជាមួយ​ក្លឹប Atletic Roda de Bara នៅក្នុង Catalan First Division នៃ​ប្រទេស​អេ​ស្ប៉ា​ញ (​លី​ក​លំដាប់​ទី ៥ នៃ​ប្រទេស​អេ​ស្ប៉ា​ញ​) ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា​របួស​បាក់ជើង​ត្រូវ​បង្ខំ​ឲ្យ​លោក​បញ្ជ​ប់​អាជីព​ជា​កីឡាករ​នៅ​វ័យ​ត្រឹមតែ ២៣ ឆ្នាំ​។
​លោក​ក៏​ចាប់អារម្មណ៍​ក្នុងការ​ហ្វឹកហាត់​កីឡាករ ដោយ​ចាប់ផ្តើម​ពី UEFA C-License គ្រូ​ប​ង្វឹ​ង​ក្រុមយុវជន UE Cornella រយៈពេល ៣ ឆ្នាំ មុននឹង​ត្រលប់​ទៅ CA Roda De Bara រយៈពេល ១ ឆ្នាំ ក្រោយមក​ក៏​បន្តទៅ Segunga Division club, Club Gimnastic de Tarragona, (​លី​ក​លំដាប់​ទី ២ នៃ​ប្រទេស​អេ​ស្ប៉ា​ញ​) រយៈពេល ៣ ឆ្នាំ ព្រមទាំង​ជួយ​ឲ្យ​ក្រុមយុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​ឈ្នះ​ជើងឯក Catalan Championship​។

​លោក​ទទួលបាន UEFA A-License ជាមួយ​ក្រុម Nastic នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ នៅ​ខែ កក្កដា ២០១៤ លោក​បាន​ចូលរួម​ជាមួយ​ក្រុម Servette FC នៅឯ Geneva ប្រទេស​ស្វី​ស ១ ឆ្នាំ និង​ជា​គ្រូ​ជំនួយ​ក្រុមយុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​ឈ្នះ​ពាន​នៅ​ប្រទេស​ស្វី​ស​ផងដែរ​។ បច្ចុប្បន្ននេះ​លោក​បាន​ចំណាយពេល​រយៈពេល ៣ ខែ​ក្នុងនាម​ជា​គ្រូ​ជំនួយ​នៅ FC Legirus Inter នៅ​ប្រទេស Finland មុននឹង​ចូលរួម​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន​។

​លោក Oriol បាន​និយាយថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ Sam ប្រហែលជា ៦ ខែ​មកហើយ​អំពី​បាល់ទាត់ ក៏ដូចជា​ការធ្វើការ​ជាមួយគ្នា​នៅ​ក្លឹប​ភ្នំពេញ​ក្រោ​ន​។ ខ្ញុំ​ឃើញថា​នេះ​ជា​ដំណើរ​វិវិត្ត​នៅក្នុង​ការបង្ហាត់​របស់​ខ្ញុំ ខ្ញុំ​តែងតែ​ស្វែងរក​ភាព​រីកចម្រើន​សម្រាប់​ខ្លួនឯង និង​ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ច្រេច​ក្នុង​ការទទួល​តំណែង​នេះ​»៕


Tag:
 ភ្នំពេញ​ក្រោ​ន​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com