ជាតិ
សង្គមជាតិ
ក្រសួង​ប្រកាស​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំរាជធានី​-​ខេត្ត និង​ទូទាំងប្រទេស​
07, Jan 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ធ្វើការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រ​ជាំ​រាជធានី​-​ខេត្ត និង​ទូទាំងប្រទេស ផ្នែក​អក្សរ​សិ​ស្សិ៍​ខ្មែរ គណិតវិទ្យា រូបវិទ្យា សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ព្រមទាំង​គណៈប្រតិភូ សរុប​ចំនួន​៥៣៨​នាក់ នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ ការបញ្ជាក់​ពី​ការប្រលង​ជ្រើសរើស​សិស្ស​ពូកែ​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​ស្តីពី​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំរាជធានី​-​ខេត្ត និង​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​២០១៦ ។



​បើតាម​សេចក្តីណែនាំ ក្រសួង​នឹងធ្វើ​ការជ្រើសរើស​សិស្ស​ពួ​កែ​ថ្នាក់​ទី​៩ និង​ទី​១២ ប្រចាំរាជធានី​-​ខេត្ត និង​ទូទាំងប្រទេស សរុប​គឺ​៤៨០​នាក់ ដោយ​ជ្រើសរើស​៨០​នាក់ ក្នុង​មួយ​មុខវិជ្ជា ។ ក្រសួង ក៏​នឹង​ធ្វើការ​គណៈប្រតិភូ​ប្រចាំរាជធានី​-​ខេត្ត និង​ទូទាំងប្រទេស​ចំនួន​៤៨​នាក់​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ទី​២៥​ខែមេសា ឆ្នាំ​២០១៦ និង​ថ្ងៃ​បន្តបន្ទាប់​នៅ​មណ្ឌល​វិទ្យាល័យ​១០​មករា ខេត្តសៀមរាប​។

​សម្រាប់​ដំណើរ​នៃ​ការប្រលង ក្រសួង​បាន​ណែនាំ​នេះ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំរាជធានី​-​ខេត្ត ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅក្នុង​ខែ​មិនា តាម​លទ្ធភាព និង​គំនិត​ច្នៃប្រឌិត​ផ្ទាល់ តាម​មុខ​វិទ្យា និង​តាម​ថ្នាក់​នីមួយៗ រួច​បញ្ជូន​បេក្ខភាព​មក​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​តាម​ចំនួន​ដែល​បានកំណត់​។​

«​ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៃ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​ឯកជន អាច​ចូលរួម​ការប្រលង​ជ្រើសរើស​សិស្ស​ពូកែ ប្រចាំរាជធានី​-​ខេត្ត តាម​រាជធានី​-​ខេត្ត​រៀងៗ​ខ្លួន ជាមួយ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ដែរ​។ ដោយឡែក​វិទ្យាល័យ​អនុវត្ត ត្រូវ​ចូលរួម​ប្រលង​សិស្ស​ពូកែ​ថ្នាក់​រាជធានី ជាមួយ​គ្រឹះស្ថាន​មធ្យមសិក្សា​នានា ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​»​។ នេះ​បើតាម​ខ្លឹមសារ​នៅក្នុង​សេចក្តីណែនាំ​ដដែល​។​

​ចំពោះ​ជ័យលាភី បេក្ខជន​ម្នាក់ៗ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ចូលរួម​ប្រឡង​សិស្ស​ពូកែ​ថ្នាក់ជាតិ​ម្នាក់​១​សន្លឹក​។ ជ័យលាភី​ម្នាក់ ត្រូវ​ទទួលបាន​ថវិកា និង​សម្ភារ​ផ្សេងៗ ពី​រដ្ឋាភិបាល​ទៅតាម​ចំណាត់ថ្នាក់​របស់​ពួកគេ ក្នុងនោះ​៖
-​ចំណាត់ថ្នាក់​លេខ​១ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក មេដាយមាស​១ និង​ថវិកា​៨០​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​២ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក មេដាយប្រាក់​១ និង​ថវិកា​៧៧​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៣ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក មេដាយ​សំរឹទ្ធ​១ និង​ថវិកា​៧៤​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៤ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៧១​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៥ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៦៨​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៦ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៦៥​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៧ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៦២​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៨ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៥៩​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​៩ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៥៦​ម៉ឺន​រៀល​។​

-​ចំណាត់ថ្នាក់​លេខ​១០ ៖ ប្រកាស​ទទួលស្គាល់​ជ័យលាភី​ទូទាំងប្រទេស​១​ច្បាប់ វិញ្ញាបនបត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​១​សន្លឹក និង​ថវិកា​៥៣​ម៉ឺន​រៀល​។ ជ័យលាភី​ទាំងអស់ ក៏​នឹង​ទទួលបាន​ថវិកា និង​សម្ភារ​ផ្សេងៗ​ទៀត​ពី​សប្បុរសជន​ផងដែរ​៕


Tag:
 សិស្ស​ពូកែ​
  ​ក្រសួង​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com