ជាតិ
រដ្ឋមន្ត្រី​៣​រូប និង​លោក ហ៊ុន ម៉ា​ណែ​ត នឹងចូលរួម​សន្និបាត​បញ្ញវន្ត​ពិភពលោក​
11, Jan 2016 , 9:09 am        
រូបភាព
​រដ្ឋមន្ត្រី​៣​រូប​នៃ​ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ និង​ក្រសួង​អភិវឌ្ឍ​ជនបទ​នឹងមាន​វត្តមាន​ធ្វើជា​អធិបតី​នៅក្នុង​កម្មវិធី​សំខាន់ៗ​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) លើក​ទី​២​នៅ​ចុង​ខែម​ករានេះ​។ លើសពីនេះ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​ចក្រភព​អង់គ្លេស ក៏​នឹងធ្វើ​ប​ឋ​កថា​មួយ​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​និស្សិត និង​អតីត​និស្សិត​មកពី​បរទេស​ដែរ​។



​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​អ្នកចូលរួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) ដែល​នឹង​ចាប់ផ្តើម​ប្រព្រឹត្ត​ទៅនា​ល្ងាច​ថ្ងៃទី​២៩​ខែមករា​នៅ​សណ្ឋាគារ Intercontinental​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ នឹងធ្វើ​សុន្ទរកថា​បើក​សន្និបាត​នេះ​នៅ​ព្រឹក​ថ្ងៃទី​៣០​មករា​។ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​វាគ្មិន​ក្នុង​កិច្ចប្រជុំពេញអង្គ​ពិសេស (special plenary session) នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក ដែល​នឹងត្រូវ​បិទ​បញ្ចប់​ជាមួយនឹង​សុន្ទរកថា​របស់ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ លោក ជា សុផារ៉ា​។​

​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​២ ដែល​កំពុង​ត្រូវ​បានរៀបចំ​ដោយ idp Education គឺជា​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​អតីត​និស្សិត​នៃ​បណ្តា​ប្រទេស​ជឿនលឿន មេដឹកនាំ​ក្រុមហ៊ុន មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ស្ថានទូត សង្គម​ស៊ីវិល​ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ចែករំលែក​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ដែល​គ្មាន​ព្រំដែន​លើ​វិស័យ​នានា​នៅ​កម្ពុជា​។​

​អភិបាល​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក លោក ម៉ៅ ស្រេង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យ៉ាងហោចណាស់ វា​នឹងមាន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​៥០០​នាក់​។ តួលេខ​នេះ​លើសពី​ចំនួន​នៃ​អ្នកចូលរួម​ក្នុង​ឆ្នាំ​២០១៤ ដែលមាន​ប្រមាណ​៤០០​នាក់​»​។​

​គួរ​បញ្ជាក់ថា នៅមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ជាច្រើនរូប​ទៀត​ដែល​នឹងមាន​វត្តមាន​ជាមួយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ទាំងអស់​ប្រមាណ​៦០​រូប ដែល​នឹង​ចែករំលែក​បទពិសោធន៍​លើ​វិស័យ​១០​សំខាន់ៗ ដូចជា​អប់រំ សុខភាព​សាធារណៈ សំណង់ អាជីវកម្ម ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ​ជាដើម​។​

​អគ្គ​នាយ​នៃ​សារព័ត៌មាន​ថ្មីៗ លោក គី សុខ​លីម ក៏​នឹងធ្វើ​វាគ្មិន​ជាមួយ​អ្នកជំនាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយចំនួនទៀត​នៅក្នុង​វគ្គ​ពិភាក្សា​ស្តីពី​សារៈសំខាន់​នៃ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។​

​អ្នក​ដែល​ចាប់អារម្មណ៍​ចូលរួម​ក្នុង​វេទិកា​នេះ អាច​ចុះឈ្មោះ​អន​ឡាញ​បាន​តាមរយៈ​គេហទំព័រ www.cambodiaGA.org ៕




Tag:
 idp
© រក្សាសិទ្ធិដោយ thmeythmey.com