ពីនេះ ពីនោះ
អគ្គនាយក Facebook គ្រោង​រត់​កីឡា​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​
11, Jan 2016 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក Mark Zuckerberg ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់ Facebook បានប្រកាសថា​នឹងធ្វើ​លំ​ហាត់ប្រាណ​។ នៅក្នុង   Facebook  គាត់ បានសរសេរថា គាត់​នឹង​រត់​កីឡា​ប្រហែល ១,៦​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​រយៈពេល ៣៦៥​ថ្ងៃក្រោយ​។ គាត់​ក៏​ជំរុញ​ដល់​ប្រជាជន​ទាំងឡាយ​ឱ្យចូល​រួមជាមួយ​គាត់​ដែរ​។ លំ​ហាត់ប្រាណ​របស់គាត់​នេះ​ត្រូវបាន​គេ​ហៅថា A Year of Running ហើយក៏​បង្កើតជា​ក្រុម​សាធារណៈ​មួយ​នៅលើ Facebook ទៀត​ដែល​អាចឱ្យ​មនុស្ស​គ្រប់គ្នា​ពិភាក្សាគ្នា​ទៅលើ​ការហាត់​ប្រាណ​របស់​ពួកគេ ហើយ​គាត់​ក៏​នឹង​បង្ហោះ​ដំណើរ​នៃ​ការហាត់​ប្រាណ​របស់គាត់​ជា​ទៀត​ទាត់​ដែរ​។

 
​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​ចូលរួម​រត់​កីឡា​ដូច​គាត់​ដែរ​
 
​ការរត់​កីឡា​ប្រមាណ ១,៥​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​ដោយ​ប្រើ​ល្បឿន​មធ្យម​នោះ​គឺ​មិន​ត្រូវការ​ពេល​ច្រើនជាង ១០​នាទី​ទេ ហើយក៏​អាចធ្វើ​បាន​យ៉ាង​ពេញលេញ​ដែរ​។ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ការរត់​គឺជា​កីឡា​ដែល​ផ្តល់​សុខភាព​បំផុត ព្រោះ​វា​ជួយ​ថែរក្សា​បេះដូង​ឱ្យមាន​សុខភាព​ល្អ ហើយ​បើសិនជា​ដំណោះស្រាយ​សម្រាប់​ឆ្នាំ​ថ្មី​របស់​អ្នក​គឺជា​ការ​សម្រក​ទម្ងន់​ដែរនោះ អ្នក​ត្រូវតែ​ចូលរួម​ការហាត់​ប្រាណ​នេះហើយ​។ ក្រៅពី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ការរត់​ក៏​ល្អ​ចំពោះ​សួត​ណាស់ដែរ​។ វា​ពង្រឹង​ដល់​សមត្ថភាព​ដកដង្ហើម និង​មុខងារ​របស់​សួត​ទៀតផង​។ ការរត់​នឹង​ពង្រឹង​ដល់​សាច់ដុំ​របស់​សួត និង​ជំរុញ​ដល់​ភាពយឺត​របស់​វា​។ ការសិក្សា​បានឱ្យដឹងថា ការរត់​នឹង​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត​ទៅក្នុង​រាងកាយ ហើយក៏​អាចធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ និង​ព្យាបាល​អាកា​រៈបាក់​ទឹកចិត្ត​ទៀត​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 sport
© រក្សាសិទ្ធិដោយ thmeythmey.com