ពីនេះ ពីនោះ
ដាក់​អំបិល​ជ្រុល​ក្នុង​ម្ហូប គួរតែ​ដាក់​អ្វី​ចូល​ទើប​អាច​កាត់​ជាតិ​ប្រៃ​?
11, Jan 2016 , 7:10 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ដាំ​ស៊ុប ហើយ​ជ្រុលដៃ​ដាក់​អំបិល​ច្រើន ក្រៅពី​បន្ថែម​ទឹក និង​ដាក់​ស្ករ តើ​អ្នក​ធ្លាប់​ដាក់​របស់​អ្វី​ផ្សេង​ដើម្បី​កាត់​ជាតិ​ប្រៃ​ទាំងនោះ​ឬទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ក្នុងការ​កាត់​ជាតិ​ប្រៃ ថែមទាំង​មិន​ធ្វើឱ្យ​សម្ល​អ្នក​ប្រែប្រួល​រសជាតិ​ទៀតផង​។ តើ​មាន​វិធី​អ្វីខ្លះ​?

 
​ដាក់​ម្សៅ​មី ឬ​អង្ករ​ចូល​
​អ្នក​អាច​យក​ស្បៃ​មុង​មួយ ហើយ​ត្រូវតែ​យក​វា​ទៅ​សម្លាប់​មេរោគ​ជាមុនសិន ទើប​យក​វា​មក​ខ្ចប់​ម្សៅ​មី ឬ​អង្ករ​ចូល​ក៏បាន​ដែរ រួច​ខ្ចប់​វា​ឱ្យ​ជិត ហើយ​បង់​វា​ចូលទៅក្នុង​សម្ល នោះ​វា​នឹង​ស្រូប​យកជាតិ​ប្រៃ​ពី​ក្នុង​សម្ល​នោះ​ជា​មិនខានឡើយ​។​
 
​ដាក់​ដំឡូងបារាំង​
​នៅពេលដែល​សម្ល​អ្នកប្រៃ អ្នក​អាច​ចិត​ដំឡូងបារាំង​ជា​បន្ទះ រួច​ដាក់​វា​ចូលទៅក្នុង​សម្ល​នោះ ប៉ុន្តែ​ត្រូវ​ចិត​រាង​ក្រាស់​បន្តិច ទើប​វា​មិន​រលួយ ហើយ​អាច​ស្រង់​ចេញមក​វិញ​បាន ដោយ​ដំបូង​អ្នក​អាចដាក់​មួយ​បន្ទះ​ចូល រួច​ភ្លក់​ជាមុនសិន បើ​នៅតែ​ប្រៃ អ្នក​អាចដាក់​មួយ​បន្ទះ​ទៀត​ចូល​បាន នោះ​វា​នឹងមិន​សូវ​ប្រៃ​ទៀត​ទេ​ដោយសារតែ​ដំឡូងបារាំង​នេះ​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​ស្រូបយក​ជាតិ​ប្រៃ​។​
 
​ដាក់​ពងមាន់​ចូល​
​អ្នក​ក៏​អាច​យក​ពងមាន់​ទៅ​ស្ងោរ រួច​ដាក់ចូល​ទៅក្នុង​សម្ល​អ្នក​បានដែរ នោះ​វា​នឹង​អាច​ស្រូបយក​ជាតិ​ប្រៃ​ដែលមាន​ក្នុង​សម្ល​នោះ​ចេញ​ទាំងអស់ ដោយ​មិនចាំបាច់​បន្ថែម​ទឹក​ដើម្បីឱ្យ​វា​រាង​សាប​នោះទេ​។​
 
​ប៉េងប៉ោះ​
​ប៉េងប៉ោះ​ក៏​អាចជួយ​សង្គ្រោះ​សម្ល​អ្នក​បានដែរ ក្រោយ​ពេលដែល​អ្នក​ដាក់​ចូល វា​នឹង​បង្កើន​រសជាតិ​សម្ល​អ្នក ថែមទាំង​ធ្វើឱ្យ​វា​មិនសូវ​ប្រៃ​ទៀតផង​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com