ជាតិ
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រេច​រៀបចំ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​
12, Jan 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ទន្ទឹមនឹង​សមត្ថកិច្ច​ចុះ​អនុវត្ត​ពង្រឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០១៦​រហូតមក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង បានចេញ​សម្រេច​បង្កើត​ក្រុមការងារ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សាធារណជន​បន្ថែមទៀត ដើម្បី បង្កើន​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ និង​រក្សា​សណ្តាប់ធ្នាប់ ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ថ្មី​។​


​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច ស ខេង បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​សមាសភាព​មន្ត្រី​ចំនួន ១១​រូប មកពី​ក្រសួង​ពាក់ព័ន្ធ​។ សម្តេច បាន​ណែនាំ​ក្រុមការងារ​នេះ ឲ្យ​ចាត់ចែង​ការងារ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បង្រៀន ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​សាធារណជន តាម​គ្រប់​មធ្យោបាយ រួមទាំង តាមរយៈ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ផ្ទាំង​ប៉ាណូ​រូបភាព​តាម​ទីសាធារណៈ ដើម្បី​បង្កើន ការយល់ដឹង​ពី​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់ និង​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​។​
 
​បើតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១០ មករា​នេះ ក្រុមការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ផ្លូវគោក ដែល​សមាសភាព​ចំនួន ១១​រូប រួមមាន ១,​លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង ព័ត៌មាន (​ជា​ប្រធាន​) ២,​លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ (​អនុប្រធាន​) ៣,​លោក ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយក​ដ្នា​ន​ដឹកជញ្ជូន (​អនុប្រធាន​) ៤,​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ (​សមាជិក​) ៥,​លោក សេក ភូមី ប្រធាន​នាយកដ្ឋាន​កណ្តាល សណ្តាប់ធ្នាប់​សាធារណៈ (​សមាជិក​) ៦,​លោក ឈួន វ៉ន់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ដឹក ជញ្ជូន (​សមាជិក​) ៧,​លោក អែល សំនាង ទីប្រឹក្សា​ក្រសួងមហាផ្ទៃ (​សមាជិក​) ៨, លោក ព្រាប ច័ន្ទ​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក (​សមាជិក​) ៩, លោក សូ ពីសី អនុប្រធាននាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក (​សមាជិក​) ១០, លោក ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ (​សមាជិក​) និង លោកស្រី ម៉ែន ច័ន្ទ​សុ​កុល អនុប្រធាននាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក (​សមាជិក​)៕

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com