កីឡាជាតិ
ជាតិ
FIFA Ballon d’Or៖ Messi បាន​៨​ពិន្ទុ រីឯ​គ្រូបង្វឹក Enrique បាន​១០​ពិន្ទុ​ពី​កម្ពុជា​
12, Jan 2016 , 11:48 am        
រូបភាព

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អា​ហ្ស​ង់​ទីន  Lionel Messi បានឈ្នះ​ពាន FIFA Ballon d’Or លើក​ទី​៥ ខណៈ​លោក Luis Enrique ដែលជា​គ្រូបង្វឹក​របស់ខ្លួន បាន​ជាប់​ពាន​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​។ យោងតាម​លទ្ធផល​ដែល​បាន​ផ្សព្វផ្សាយ​ភ្លាមៗ​នៅលើ​គេហទំព័រ FIFA ក្រោយ​ពិធី​ចែក​រង្វាន់​នៅក្នុង​ទីក្រុង​ហ្សួ​រិច កាលពី​យប់មិញ Messi ទទួលបាន​សំឡេងគាំទ្រ ៤១,៣៣​ភាគរយ​ពី​គ្រូបង្វឹក ប្រធាន​ក្រុម​ជម្រើសជាតិ និង​អ្នកសារព័ត៌មាន ខណៈ​លោក Luis Enrique ទទួលបាន​ការគាំទ្រ​៣១,០៨​ភាគរយ​។​

 
​តាម​លក្ខន្តិកៈ កីឡាករ និង​គ្រូបង្វឹក​ដែល​ត្រូវបាន​ជ្រើស​លេខ​រៀង​ទី​១ ទទួលបាន​៥​ពិន្ទុ លេខ​២ បាន​៣​ពិន្ទុ និង​លេខ​៣ បាន​១​ពិន្ទុ​។ លទ្ធផល​នៃ​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​កីឡាករ​ឆ្នើម (FIFA Ballon d’Or) និង​គ្រូបង្វឹក​ឆ្នើម ពី​សំណាក់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ប្រធាន​ក្រុម​ជម្រើសជាតិ និង​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី France Magazine បាន​បង្ហាញថា Lionel Messi ទទួលបាន​សំឡេងគាំទ្រ ៤១,៣៣​ភាគរយ Cristiano Ronaldo បាន​២៧,៧៦​ភាគរយ និង Neymar បាន​៧,៨៦​ភាគរយ​។​
 
​សម្រាប់​លទ្ធផល​ពី​កម្ពុជា Lionel Messi ទទួលបាន​៥​ពិន្ទុ ពី​លោក អ៊ឹង ចំរើន ដែលជា​អ្នកសារព័ត៌មាន និង​បាន​៣​ពិន្ទុ​ពី​ប្រធាន​ក្រុម​ជម្រើសជាតិ ប៊ិន ធា​រី​។ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​រហូតដល់​ទៅ​១៣​ពិន្ទុ​ឯណោះ ដោយ​រូបគេ​ស្ថិតក្នុង​ជម្រើស​ទី​១​របស់​គ្រូបង្វឹក Lee Tae Hoon និង​ប្រធាន​ក្រុម ប៊ិន ធា​រី ខណៈ​លោក អ៊ឹង ចំរើន បោះឆ្នោត​ឲ្យ​រូបគេ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ។​
 
​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា លោក Lee Tae Hoon ផ្តល់​៥​ពិន្ទុ​ដល់ Ronaldo ៣​ពិន្ទុ​ដល់ Ibrahimovic និង​១​ពិន្ទុ​ដល់ Yaya Toure​។ ដូចគ្នានេះ​ផងដែរ ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា ប៊ិន ធា​រី បោះ​ឲ្យ Ronaldo ក្នុង​ចំណាត់ថ្នាក់​លេខ​១ ហើយ​បោះ​ឲ្យ Messi និង Neymar ក្នុង​លេខ​រៀង​បន្តបន្ទាប់​។ សម្រាប់​ជម្រើស​របស់លោក អ៊ឹង ចំរើន ដែលជា​អ្នកតំណាង​សារព័ត៌មាន​គឺ Messi, Ronaldo និង Robert Lewandowski​។​
 
​ងាក​ទៅ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​វិញ គ្រូបង្វឹក​ក្លិប Barcelona លោក Luis Enrique បាន​សំឡេងគាំទ្រ ៣១,០៨​ភាគរយ គ្រូបង្វឹក​ក្លិប Bayern Munich លោក Pep Guardiola បាន​២២,៩៧​ភាគរយ និង​លោក Jorge Sampaoli គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ី​លី បាន​៩,៤៧​ភាគរយ​។​
 
​នៅ​កម្ពុជា ជម្រើស​របស់លោក Lee Tae Hoon មាន​លោក Pep Guadiola លោក Diego Simeone និង​លោក Arsene Wenger ខណៈ​ជម្រើស​របស់ ប៊ិន ធា​រី គឺ លោក Luis Enrique លោក Pep Guardiola និង​លោក Massimiliano Allegri​។ លោក អ៊ឹង ចំរើន បោះ​ឲ្យ លោក Luis Enrique លោក Jorge Sampaoli និង​លោក Laurent Blanc ៕
 

Tag:
 បាល់ទាត់​
  FIFA Ballon d’Or
© រក្សាសិទ្ធិដោយ thmeythmey.com