ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យក់ ម៉េង​ឡុង យុវជន​ដែល​ងប់​ង​ល់​នឹង​ការអាន បើទោះបីជា​...
12, Jan 2016 , 1:52 pm        
រូបភាព
បន្ទាយមាន​ជ័យ៖ ​យក់ ម៉េង​ឡុង មិនអាច​ដើរទៅ​ណា​រួច​ឡើយ ប៉ុន្តែ​យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ មានដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ​តាមរយៈ​ការអាន​សៀវភៅ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ ដោយសារ​បញ្ហា​ឆ្អឹង ម៉េង​ឡុង ដែលជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​អាជីវករ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ផ្អាក​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១១ ប៉ុន្តែ​គេ​មិនបាន​បំផ្លាញ​ភាព​ទំនេរ​របស់ខ្លួន​នោះឡើយ ដោយ​អតីត​សិស្ស​ឆ្នើម​រូបនេះ បាន​យក​សៀវភៅ​ធ្វើជា​មិត្ត ហើយ​រំពឹង​មានឱកាស​ចូល​សិក្សា​ឡើងវិញ និង​សម្រេច​ក្តី​សុបិន​ក្នុងការ​ក្លាយជា​អ្នកវិទ្យាសាស្ត្រ​ជំនាញ​តារាវិទ្យា​នាពេល​អនាគត​។​



«​សូម​អភ័យទោស​ដែល​ខ្ញុំ​មិនបាន​ចុះទៅ​ទទួល​បង​ដោយផ្ទាល់​»​។ យក់ ម៉េង​ឡុង ប្រឹងក្រោក​ងើប​ឲ្យ​ខ្ពស់​បន្តិច​ពី​គ្រែ​ដើម្បី​ស្វាគមន៍​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ នា​ម៉ោង​ជិត​៨​យប់ កាលពី​ចុងឆ្នាំ​២០១៥ ។ ជិត​៥​ឆ្នាំ​ហើយ​ដែល យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ រស់នៅ​ជាប្រចាំ​ក្នុង​បន្ទប់​ដ៏​ធំ​ទូលាយ​មួយ​ដែល​ពោរពេញ​ទៅដោយ​សៀវភៅ​ជាច្រើន​ក្បាល​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

​ម៉េង​ឡុង ទទួលបាន​នូវ​ការថែទាំ​ជាពិសេស​ពី​សំណាក់​គ្រួសារ​នៅក្នុង​ផ្ទះល្វែង​ដែល​ប្រកប​អាជីវកម្ម​យីហោ «​យក់ ចំរើន លក់​គ្រឿង​តុបតែង បិទ​កញ្ចក់ និង​បិទ​ស្កុ​ត​រថយន្ត​-​ម៉ូតូ​» ស្ថិតនៅ​ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមាន​ចម្ងាយ​៥០​ម៉ែត្រ ខាងជើង​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​។​

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១១ ម៉េង​ឡុង កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​កូនប្រុស​ទាំង​៣​នាក់ បាន​ជួប​បញ្ហា​ឆ្អឹង​ដែល​បណ្តាល​ឲ្យ​រូបគេ​មិនអាច​ដើរ​បាន ហើយ​ទីបំផុត អតីត​សិស្ស​ឆ្នើម​រូបនេះ ផ្អាក​ការសិក្សា​ទាំង​បង្ខំចិត្ត​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ម៉េង​ឡុង មិន​ចង់​ឲ្យ​មានការ​ផ្តោត​ខ្លាំង​ទៅ​ស្ថានភាព​ជំងឺ​របស់គេ​នោះឡើយ ដោយ​អ្វីដែល​គេ​ចង់បង្ហាញ​នោះ គឺ​បទពិសោធន៍ និង​ទម្លាប់​នៃ​ការអាន​សៀវភៅ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​


​រយៈពេល​ពីរ​ឆ្នាំ អាន​សៀវភៅ​ជាង​៣០០​ក្បាល​
​អាចជា​កំណត់ត្រា​នៅក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ​មិនមាន​ភស្តុតាង​អ្វី​ផ្សេង​មក​បញ្ជាក់​ទេនោះ​។ សៀវភៅ​៣០០​ក្បាល​ដែល យក់ ម៉េង​ឡុង បាន​អាន​នោះ គ្រាន់តែ​កំណត់ត្រា​ជាក់លាក់​ដែល​រូបគេ​បាន​ស្រង់​នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ប៉ុន្តែ​តាមពិត យុវជន​រូបនេះ បានចាប់ផ្តើម​អាន​សៀវភៅ​តាំងពី​ពេល​រូបគេ​ធ្លាក់ខ្លួន​ឈឺ​មកម្ល៉េះ​។​

«​ដំបូង​ឡើយ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​វេយ្យាករណ៍​ភាសា​អង់គ្លេស ហើយ​ខ្ញុំ​បាន​ក្លាយជា​ចូលចិត្ត​អាន​សៀវភៅ​បន្ទាប់ពី​មិត្តភក្តិ​បាន​ណែនាំ​សៀវភៅ​ក្បាល​ទី​១​នៃ​រឿង Harry Potter ដែលមាន​ចំណងជើង​ថា Harry Potter and the Sorcerer’s Stone» ។ នេះ​បើតាម​ការអះអាង​របស់ យក់ ម៉េង​ឡុង ដែល​ខិតខំ​ធ្វើ​ស្វ័យ​សិក្សា​ភាសា​អង់គ្លេស​ដោយ​ខ្លួនឯង បន្ថែម​លើ​ទុន​នៃ​ចំណេះដឹង​ដែល​រូបគេ​ធ្លាប់បាន​រៀន​នៅ​សាលា​អង់គ្លេស​ឯកជន​នៅក្នុង​ខេត្ត​។

​យក់ ម៉េង​ឡុង ដែល បាន​បន្ត​អាន​ស៊េរី​សៀវភៅ​រឿង Harry Potter រហូត​បញ្ចប់​ដល់​ទៅ​៧​ក្បាល បន្ទាប់មក​យុវ​សិស្ស​រូបនេះ យល់ថា មិនមែន​តែ​សៀវភៅ Harry Potter នោះទេ​ដែល​ទាក់ទាញ គឺមាន​សៀវភៅ​ជាច្រើន​ទៀត ដូចជា​សៀវភៅ​រឿង The Maze Runner ជាដើម​។ តាមរយៈ​ការអាន​នេះ បានធ្វើ​ឲ្យ​គេ​ក្រេប​បាន​ចំណេះ​ភាសា​អង់គ្លេស​មិន​ចាញ់​អ្នករៀន​នៅ​សាលា​អន្តរជាតិ​ល្បីៗ​នោះឡើយ​។​

​ក្រៅពី​សៀវភៅ​រឿង​បែប​ផ្សងព្រេង អភិនីហារ សិល្បសាស្ត្រ ម៉េង​ឡុង អាន​សៀវភៅ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ជីវប្រវត្តិ នយោបាយ អប់រំ និង​បែប​ទស្សនៈ ជាដើម​។ «​សម្រាប់​សៀវភៅ​មួយចំនួន ខ្ញុំ​បាន​ពឹង​មិត្ត​ភ័ក្ត្រ​ឲ្យ​ជួយ​ទិញ​ពី​ភ្នំពេញ ហើយ​សៀវភៅ​មួយចំនួន​មាន​ជា​លក្ខណៈ Audiobook តាមរយៈ App នៅលើ​ទូរ​សព្ទ​ដៃ ដែល​ខ្ញុំ​អាច​ស្តាប់​ជំនួស​ការអាន​» ។ នេះ​ជាការ​បញ្ជាក់​របស់ ម៉េង​ឡុង ដោយបាន​អះអាងថា ការ​ស្តាប់​ផ្តល់​ពេលវេលា​ច្រើន​ឲ្យ​គេ​បាន​សម្រាក​ភ្នែក​។​

​កាលពី​ឆ្នាំ​២០១៥ ម៉េង​ឡុង បាន​អាន​សៀវភៅ និង​ស្តាប់ Audiobooks ចប់​ចំនួន​១៤៥​ក្បាល ដែលមាន​ជាង​៤​ម៉ឺន​ទំព័រ​។ យុវជន​រូបនេះ ក៏​ធ្វើការ​វាយតម្លៃ​លើ​សៀវភៅ​ដែល​ខ្លួន​បាន​អាន​ផងដែរ តាមរយៈ​ការដាក់​សញ្ញា​ផ្កាយ​ពី​១​ដល់​៥ ទៅតាម​ខ្លឹមសារ​សៀវភៅ​។ សម្រាប់​សៀវភៅ​ជា​ភាសា​អង់គ្លេស និង​ជា Audiobook គេ​ទទួលបាន​ការណែនាំ​ភាគច្រើន​ពី​មិត្តភក្តិ​នៅក្នុង​គេហទំព័រ Goodreads​។

​អាន​សៀវភៅ​អាច​ឲ្យ​យើង​បង្កើត​នូវ​ការស្រមើស្រមៃ​ដោយ​ខ្លួនឯង​
«​ខ្ញុំ​បានចាត់ទុក​ការអាន​សៀវភៅ​ជា​ភារកិច្ច​មួយ​របស់ខ្ញុំ ពីព្រោះថា វា​មិន​ត្រឹម​ជាការ​កម្សាន្ត​នោះឡើយ ប៉ុន្តែ​វា​ផ្តល់នូវ​ចំណេះដឹង​ជាច្រើន​» ។ នេះ​ជាការ​លើកឡើង​ម៉ាត់ៗ​របស់ ម៉េង​ឡុង​។ កូនប្រុស​ច្បង​របស់​គ្រួសារ​អាជីវករ​នៅ​ខេត្តបន្ទាយមានជ័យ រូបនេះ បាន​បន្ថែមថា​៖ «​ខុសពី​រឿងភាពយន្ត​ដែលមាន​ការរៀបចំ​ជា​រួចស្រេច ការអាន​សៀវភៅ​នាំ​ឲ្យ​យើង​បង្កើត​ក្តី​ស្រមើស្រមៃ​ពី​ទិដ្ឋភាព​នៃ​សាច់រឿង​ដោយ​ខ្លួនឯង ពោលគឺ​យើង​មិន​ត្រឹមតែ​ជា​អ្នកអាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ក្លាយជា​អ្នកដឹកនាំ​រឿង និង​ជា​វិចិត្រករ​ផងដែរ​»​។​

 គ្មានអ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះឡើយ អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស អ្នកស្រី J.K. Rowling ម្ចាស់​សៀវភៅ «Harry Potter» គឺជា​អ្នកនិពន្ធ​សំណព្វចិត្ត​របស់ យក់ ម៉េង​ឡុង​។ យកដៃ​ទាញ​វែ​នតា​ចុះក្រោម​បន្តិច យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ កត់សម្គាល់ ថា អ្នកស្រី J.K. Rowling គឺជា​អ្នកនិពន្ធ​ដែល​ចេះ​បង្កើត​ក្តី​ស្រមើស្រមៃ​ខ្ពស់ និង​ធ្វើ​ឲ្យ​មនុស្ស​លើ​ពិភពលោក​ចាប់អារម្មណ៍​។ ជាមួយគ្នានេះ គាត់​ក៏បាន​ប្រើប្រាស់​សំណេរ​របស់ខ្លួន​ក្នុង​ការជួយ​ដល់​សង្គម​ផងដែរ ដូចជា​ការប្រឆាំង​ការរើសអើង​ផ្លូវភេទ និង​ការការពារ​សិទ្ធិមនុស្ស​ជាដើម​។​

​ងាក​ទៅ​ស្នាដៃ​សៀវភៅ​ជា​ភាសា​ខ្មែរ វិញ យក់ ម៉េង​ឡុង ចូលចិត្ត​អាន​សៀវភៅ​ដែល​និយាយ​ប្រវត្តិសាស្ត្រ និង​នយោបាយ ជាពិសេស​សំណេរ​របស់លោក វ៉ាន់ឌី កា​អុន និង​លោក ហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ តាន់ ។ «​ខ្ញុំ​បែងចែក​ការអាន​យ៉ាង​ច្បាស់លាស់ ហើយ​ពេលខ្លះ​ខ្ញុំ​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ច្រើនពេក ក៏មាន​ការធុញទ្រាន់ ដូច្នេះ​ខ្ញុំ​បាន​បង្វែរ​អារម្មណ៍​ទៅ​អាន​សៀវភៅ​លក្ខណៈ​ប្រលោមលោក​វិញ​។ ពេល​អាន ឬ​ស្តាប់ Audiobook  ត្រូវមាន​ការផ្តោត​អារម្មណ៍​ឲ្យ​បាន​ខ្ពស់ ប្រសិនបើ​ប្រឹង​អាន និង​ស្តាប់ ទាំង​អារម្មណ៍​ធុញទ្រាន់ យើង​ច្បាស់​ជា​មិនដឹងថា អ្នកនិពន្ធ​ចង់​និយាយ​ពីអ្វី​នោះឡើយ​»​។​

​ចង់​រៀន​បន្ត​ឲ្យ​ចប់​បាក់​ឌុប​
​គិត​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១១​មក ម៉េង​ឡុង បាន​ឆ្លងកាត់​ការព្យាបាល វះកាត់​ជិត​១០​ដង ដោយ​រាប់ទាំង​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ពេទ្យ​នៅ​ប្រទេស​ថៃ និង​វៀតណាម​។ ផល​វិជ្ជមាន​ចេះតែមាន​ជា​បន្តបន្ទាប់​សម្រាប់ ម៉េង​ឡុង ដោយ​គេ​រំពឹងថា​អាចមាន​ឱកាស​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ដើម្បី​ទទួលបាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

«​នាយក​សាលា និង​គ្រូ​នៅ​វិទ្យាល័យ តែងតែ​រង់ចាំ​វត្តមាន​របស់ ម៉េង​ឡុង ជានិច្ច​។ ពួកគាត់​ចង់​ឲ្យ ម៉េង​ឡុង រៀន​បន្ត ក្រោយ​ធូរស្បើយ​ពី​ជំងឺ​»​។ លោក យក់ ចំរើន ដែលជា​ឪពុក និង​អ្នកស្រី ហាក់ ហា័​ន់ ដែលជា​ម្តាយ បាន​ឆ្លើយ​កាត់​សម្តី​របស់​ម៉េង​ឡុង នៅពេលដែល​សារព័ត៌មាន​សាកសួរ​ពី​អនាគត​នៃ​ការសិក្សា​។​

​ម៉េង​ឡុង បាន​ងក់ក្បាល​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​ឪពុកម្តាយ ហើយ​អះអាងថា រូបគេ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ការសិក្សា​ឲ្យ​បាន​ចប់​បាក់​ឌុប បើទោះបីជា​ខកខាន​រៀនសូត្រ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​ក៏ដោយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មុនពេល​ធ្លាក់ខ្លួន​ឈឺ ម៉េង​ឡុង បាន​ប្រឡង​ជាប់​ជុំ​ទី​១​ក្នុង​កម្មវិធី​អាហារូបករណ៍ UWC ដោយ​កាលណោះ ខេត្តបន្ទាយមានជ័យ មាន​សិស្ស​តែ​៣នាក់​ប៉ុណ្ណោះ​បានជា​ប់ ហើយ​ម៉េង​ឡុង ជា​សិស្ស​ម្នាក់​គត់​ដែល​រៀន​ថ្នាក់​ទី​១១ ខណៈ​បេក្ខជន​២​នាក់ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ ។​

​បន្ថែម​ពីលើ​នេះ ម៉េង​ឡុង ក៏មាន​គម្រោង​តោង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ផងដែរ ជាពិសេស​នៅ​ជប៉ុន សហរដ្ឋអាមេរិក ឬ​កាណាដា ជាដើម​។​

​ចង់​ក្លាយជា​អ្នកវិទ្យាសាស្ត្រ ផ្នែ​កតារាវិទ្យា​
​ចង់​ឡើងទៅ​ឋាន​ព្រះ​ចន្ទ គឺជា​ក្តី​ស្រមៃ​ដែល ម៉េង​ឡុង ធ្លាប់​គិត​ដូច​ក្មេង​ដទៃ​។ ពេល​សិក្សា​ដល់​កម្រិត​វិទ្យាល័យ យុវជន​វ័យក្មេង​រូបនេះ ចង់​ក្លាយជា​វិស្វករ ប៉ុន្តែ​ការផ្អាក​សិក្សា​ជាច្រើន​ឆ្នាំ បានធ្វើ​ឲ្យ​រូបគេ​បាត់បង់​ចំណាប់អារម្មណ៍​ផ្នែក​ការងារ​វិស្វកម្ម​។​

«​បង ពេលនេះ​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា អាចមាន​ឱកាស​រៀន​ប​ន្ត​ទៅមុខទៀត​ប៉ុណ្ណោះ​។ ខ្ញុំ​អត់​ដឹង​ជ្រើសរើស​មុខវិជ្ជា​ណា​ឡើយ​ទៅ​អនាគត​។ ប៉ុន្តែ​តាមរយៈ Youtube និង​ការអាន​សៀវភៅ​បែប​វិទ្យាសាស្ត្រ​នានា ខ្ញុំ​ចាប់អារម្មណ៍​លើ​ផ្នែក Astronomy [​តារាវិទ្យា​]»​។ នេះ​ជាការ​លើកឡើង​របស់ ម៉េង​ឡុង ដោយ​ឪពុកម្តាយ និង​ប្អូនប្រុស​ម្នាក់ ញញឹម និង​ងក់ក្បាល​គាំទ្រ​សម្តី​របស់គេ​។​

​ម៉េង​ឡុង មិនសូវ​ចូលចិត្ត​មើល​ទូរទស្សន៍​នោះឡើយ ប៉ុន្តែ​ក៏​មិនមែនជា​មនុស្ស​ដែល ឃ្លាត ឆ្ងាយ ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Youtube នោះដែរ​។ ក្រៅពី​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទំនាក់ទំនង​មិត្តភក្តិ និង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ ម៉េង​ឡុង ចូល​មើល​ឯកសារ​វីដេអូ តាម Youtube ជាពិសេស​ទាក់ទង​នឹង​វិទ្យាសាស្ត្រ របកគំហើញ​ថ្មីៗ ស្ថានការណ៍​ពិភពលោក​នៅលើ DNews និង TestTube News ជាដើម​។​

​តារាវិទូ​អាមេរិក លោក Carl Sagan ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៩៦​ក្នុង​អាយុ​៦២​ឆ្នាំ គឺជា​មនុស្ស​គំរូ​របស់ ម៉េង​ឡុង​។ ក្រៅពី​របកគំហើញ​វិទ្យាសាស្ត្រ​ផ្សេងៗ លោក Carl Sagan ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ម្នាក់​ដ៏​ឆ្នើម​ផងដែរ ក្នុងនោះ​មានដូចជា «Cosmos» និង «Billions and Billions» ដែលជា​ស្នាដៃ​រួមជាមួយ Ann Druyan និង​ស្ថិត​ក្នុងចំណោម​សៀវភៅ​ដែល​ម៉េង​ឡុង បាន​អាន​កាលពី​ឆ្នាំ​២០១៥ ។​

​ភាពជា​គំរូ​របស់លោក Carl Sagan បាន​ជះឥទ្ធិពល​ដល់​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ផងដែរ ជាពិសេស​លោក Neil deGrasse Tyson និង Bill Nye ហើយ យក់ ម៉េង​ឡុង ក៏មាន​ក្តី​ស្រមៃ​ចង់ក្លាយ​​ជា​តារាវិទូ​ផងដែរ​៕


Tag:
 ការអាន​
  យក់ ម៉េង​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com