អន្តរជាតិ
សុន្ទរកថា​មុន​ផុត​អាណត្តិ​លោក អូ​បា​ម៉ា ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​
13, Jan 2016 , 8:19 pm        
រូបភាព
​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​និង​ចុងក្រោយ នៅ​យប់​ថ្ងៃ​អង្គារ ថ្ងៃ ១២ ខែមករា​ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ពី​សមិទ្ធផល​ជាច្រើន​ដែល​រដ្ឋបាល​សម្រេចបាន​និង​ស្នើ​ឲ្យ​បណ្តា​អ្នកនយោបាយ​អាមេរិក​គាំទ្រ​នយោបាយ​របស់លោក​នៅ​ឆ្នាំ​ចុងក្រោយ​នេះ​ផង​ពាក់ព័ន្ធ​បញ្ហា​គុយបា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​អាស៊ី​ប៉ា​ស៊ី​ហ្វ្រិ​ក និង​ការប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ផង​។



សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**

​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅសល់​ពេល​មិន​ដល់​មួយឆ្នាំ​ឡើយ​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​ដែល​លោក​សន្យា​ពេល​ឡើងកាន់តំណែង​។ ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​លើក​ទី​៧ និង​ជា​លើកចុងក្រោយ នា​ថ្ងៃ​អង្គារ​ម្សិលមិញ លោក អូ​បា​ម៉ា បាន​ឆ្លៀតឱកាស​បញ្ចេញ​សារ​នយោបាយ​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​សមិទ្ធផល នានា​ដែល​លោក​សម្រេចបាន ក៏ដូចជា​បញ្ហា​ប្រឈម​ចម្បងៗ​ដែល​អាមេរិក​ត្រូវ​ដោះស្រាយ ។ បញ្ហា​ធំៗ​ដែល​លោក អូ​បា​ម៉ា លើកឡើង​នោះ​គឺ​ការដោះស្រាយ​បញ្ហា​ភេរវកម្ម​អន្តរជាតិ​ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាជន​អាមេរិក​និង​ពិភពលោក ការដឹកនាំ​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក និង ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា​ជាដើម​។​

​ពាក់ព័ន្ធ​បញ្ហា​ភេរវកម្ម លោក អូ​បា​ម៉ា បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល ក្នុង​ការដឹកនាំ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ ដោយ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ បំបែកសម្បុក​ក្រុម​នេះ​ឲ្យ​ខ្ចាត់ខ្ចាយ និង​ឈានទៅ​កម្ចាត់​ពួកគេ​នៅពេល​ខាងមុខ​ផង​។ បច្ចុប្បន្ន​អាមេរិក​បន្ត​គាំទ្រ​និង​ផ្តល់ជំនួយ​ដល់​ក្រុម​ទាហាន​ដែល​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែរ​។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​ឆ្លើយតប​នឹង​ការរិះគន់​នយោបាយ​ប្រឆាំង​ភេរវកម្ម​របស់លោក​ក​ន្ល​ង​មក​ដែរ ដោយ​គេ​ចាត់ទុកថា យុទ្ធសាស្ត្រ​មិនមាន​ប្រសិទ្ធិភាព​និង​មាន​ភាពស្ទាក់ស្ទើរ​ខ្លាំង រហូតដល់​គេ​ស្នើ​ឲ្យ​លោក​បញ្ជូន​ទ័ព​ទៅ​ច្បាំង​នៅ​មជ្ឈិមបូព៌ា​ជាថ្មី​ផង​។

 ប្រធានាធិបតី​អាមេរិក​បាន​សង្កត់ធ្ងន់​ថា​នយោបាយ​ការបរទេស​អាមេរិក​ត្រូវផ្តោត​ឲ្យ​ចំ​លើ​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​អាល់​កៃ​ដា ហើយ​ការអនុវត្ត​យុទ្ធសាស្ត្រ​ត្រូវតែមាន​វិន័យ និង​មានការ​អត់ធ្មត់ ហើយ​ការបញ្ជូន​ទ័ព​ទៅ​ច្បាំង​មិនមែនជា​យុទ្ធសាស្ត្រ​ដែល​អាមេរិក​ត្រូវ​ប្រើប្រាស់ ទេ​ព្រោះ​អាមេរិក​អាច​ផុងខ្លួន ត្រូវ​បង្ហូរឈាម និង​ចំណាយធនធាន​ច្រើនសន្ធឹក​សន្ធាប់​ទៀត​។​

​ពាក់ព័ន្ធ ការពង្រឹង​អំណាច​និង​ឥទ្ធិពល​អាមេរិក​នៅ​តំបន់​អាស៊ី លោក​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ជាពិសេស​សភា​គាំទ្រ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ទើប​សម្រេចបាន​កាលពីដើម​ខែតុលា​ឆ្នាំមុន ដោយមាន​សមាជិក​សរុប ១២​ផង​។ លោក អូ​បា​ម៉ា ថា វា​ជា​ឱកាស​សំខាន់​សម្រាប់​អាមេរិក ព្រោះ​ចិន​មិនទាន់​សម្រេច​បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សម្រាប់​តំបន់​ទេ ។ ម្យ៉ាង​កិច្ចព្រមព្រៀង​នេះ​នឹង​កាត់​ពន្ធ​លើ​ផលិត ១៨​ពាន់​មុខ​ដែល​ផលិត​នៅ​អាមេរិក ការពារ​កម្លាំង​ពលកម្ម បរិស្ថាន បង្កើត​ការងារ​ថ្មី និង​លើកស្ទួយ​ការដឹកនាំ​របស់​អាមេរិក​នៅ​អាស៊ី​។ លោក​អូ​បា​ម៉ា លើកឡើង​បែបនេះ ដោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវការ​ការផ្តល់​សច្ចាប័ន​ពី​សភា​ផង​។​

​បញ្ហា​មួយ​ផ្សេងទៀត លោក អូ​បា​ម៉ា ក៏​ឆ្លៀត​ស្នើសុំ​ឲ្យ​សភា​ដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយបា​ផងដែរ​។ លោក ពន្យល់ថា សង្គ្រាមត្រជាក់​ចប់​បាត់​ហើយ ហើយ​បើ​ចង់​ពង្រឹង​ការដឹកនាំ​របស់​អាមេរិក  វា​ចាំបាច់​ត្រូវ​ការដក​ទណ្ឌកម្ម​និង​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​ជា​មិត្ត​។ នេះ​ជា​ពេលវេលា​ដែល​អាមេរិក​ត្រូវ​គិតគូរ​ពី​សារសំខាន់​នៃ​ប្រទេសជិតខាង​នៅ​អាមេរិក​ឡាទីន ជាពិសេស​លើកកម្ពស់​ប្រជាធិបតេយ្យ និង​ពង្រឹង​ចំណង​ព​ណិ​ជ្ជ​កម្ម  និង​ការទូត​រួមគ្នា​។

​យ៉ាងណាក៏ដោយ ក្នុង​សុន្ទរកថា​នេះ លោក មិនបាន​បង្កប់​សារ​នយោបាយ​ដោយ​លើកយក​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ណាមួយ​ពី​បក្ស​របស់លោក ។ ជាធម្មតា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​អាច​ឆ្លៀត​ទាញ​ប្រជាប្រិយភាព​ឲ្យ​បេក្ខជន​ណាមួយ​ក្នុង​បក្ស ដើម្បី​ជួយ​ឲ្យ​បេក្ខជន​នោះ​មានលទ្ធភាព​ឈ្នះ​ច្រើន​ក្នុងការ​បោះឆ្នោត​ដែរ​។ តែ​យ៉ាងណាមិញ គេ​មើលឃើញថា គោលនយោបាយ​ភាគច្រើន​របស់ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ធ្លាប់ជា​រដ្ឋមន្ត្រីការបរទេស​រដ្ឋបាល​ទីមួយ​លោក អូ​បា​ម៉ា នោះ​មិន​ស្ថិតនៅ​ឆ្ងាយ​ពី​នយោបាយ​រួម​របស់លោក អូ​បា​ម៉ា ឡើយ​៕


Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com