បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​នឹង​ផលិត​ប្រព័ន្ធ​បិទ​បើក អំពូល​ភ្លើង តាម​ទូរ​សព្ទ ?
14, Jan 2016 , 11:24 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​មួយក្រុម​ដែលមាន​គ្នា​៧​នាក់​បាន​បង្កើត​ស្នាដៃ​រួមគ្នា​មួយ​ហៅថា  «Smart Home» ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា «​ផ្ទះ​ឆ្លាត​» ដែល​គេ​អាច​បញ្ជា​ឲ្យ​បិទ ឫ​បើក​អំពូល​ភ្លើង ម៉ាស៊ីនត្រជាក់ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងទៀត តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​។ និស្សិត  អ៊ឹម ដា​រ៉ូ ប្រធាន​ក្រុម​បាន​ប្រាប់ថា Smart Home គឺជា​បច្ចេកវិទ្យា​មួយ ដែល​គេ​គ្រាន់តែ​និយាយ​ជា​ភាសា​អង់គ្លេស​ថា Turn on តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នោះ​អំពូល​ភ្លើង​នឹង​បើក ឫ​Turn off នោះ​អំពូល​ភ្លើង​នឹង​បិទ​។ ក្រុម​អ្នកស្រាវជ្រាវ​វ័យក្មេង​ទាំងនេះ មាន​មហិច្ឆតា​នាំយក​ស្នាដៃ​មួយ​នេះ​ទៅ​ចូលរួម​ការប្រកួតប្រជែង​នានា និង ចង់​ឲ្យ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន អគារ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​



​ក្នុង​បន្ទប់ពិសោធន៍​តូច​ល្មម​មួយ​ដែល​ផ្ទុក​ទៅដោយ​កុំព្យូទ័រ និង ឧបករណ៍​ពិសោធន៍​ផ្សេងៗ ស្ថិតក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​សាលា​តិច​ណូ ក្រុមនិស្សិត​ប្រុសៗ​មួយក្រុម​មាន​គ្នា​ចំនួន​៧​នាក់​កំពុង​ពិនិត្យមើល​ផ្ទះ​គំរូ​មួយ​ដែល​បំពាក់​ដោយ​អំពូល​ភ្លើង​ជាច្រើន​គ្រាប់​នៅ​ខាងក្នុង​ផ្ទះ នៅ​សួនច្បារ និង​នៅតាម​របង​នៃ​ផ្ទះ​គំរូ​នេះ​។



​និស្សិត អ៊ឹម ដា​រ៉ូ ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កំពុងនិយាយ​ដាក់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មួយគ្រឿង ដោយ​ភ្នែក​របស់លោក​សំឡឹងមើល​ផ្ទះ​គំរូ​មួយ​នេះ​។ ដា​រ៉ូ កំពុង​សាកល្បង​ស្នាដៃ​របស់​ក្រុម​របស់​ពួកគេ ដោយនិយាយ​បញ្ជា​ឲ្យ​អំពូល​ភ្លើង​បិទ និង​បើក នៅក្នុង​ផ្ទះ និង​នៅក្នុង​សួនច្បារ ដែលជា​ម៉ាក​កែ​ត នៃ​គម្រោង​របស់​ពួកគេ​។
​សាកល្បង​បាន​បន្តិច ដា​រ៉ូ ក៏​ងាក​មក​ពន្យល់​ប្រាប់​យ៉ាង​ដូច្នេះ​៖«​នេះ​គឺជា​បច្ចេកវិទ្យា​Smart Home ដែលជា​ស្នាដៃ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុម​របស់ខ្ញុំ​។ ក្រុម​របស់ខ្ញុំ​បាន​បង្កើត​បច្ចេកវិទ្យា Smart Home ដែលមាន​សមត្ថភាព​បញ្ជា​ឲ្យ​បើក ឬ​បិទ​អំពូល​ភ្លើង ម៉ាស៊ីនត្រជាក់ ទ្វារ​អេ​ឡិច​ត្រូ​និ​ច និង​ឧ​បករ​អេ​ឡិច​ត្រូ​និ​ច​ផ្សេងទៀត​នៅក្នុង​ផ្ទះ ដោយ​គ្រាន់តែ​បញ្ជា​ដោយ​សំឡេង​តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ណាមួយ​។  យើង​អាច​បញ្ជា​បិទ​បើក​អំពូល​ភ្លើង​ទាំងអស់​ក៏បាន ឬ​តាម​កន្លែង​នីមួយៗ​ក៏បាន​ដែរ​»​។​


​តាមពិត វា​មាន​ប្រព័ន្ធ​នៃ​ការបញ្ជា​ចំនួន​២​ប្រភេទ​។ គឺ​ការបញ្ជា​ដោយ​សំឡេង និង​ការបញ្ជា​ដោយ​ចុច​ប៊ូ​តុង​តាម​ទូរ​សព្ទ​។ មិន​ថា​ត្រូវ​ប្រើ​ប្រព័ន្ធ​បញ្ជា​មួយណា​នោះឡើយ បើតាម​ការ​ការពន្យល់​របស់ ប្រធាន​ក្រុម អ៊ឹម ដា​រ៉ូ គេ​ត្រូវ មាន​បន្ទះ​Chip  តូច​មួយ​នៅក្នុង​ផ្ទះ ដែលមាន​មុខងារ​ទទួល​ការបញ្ជា​ពី​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​ភ្ជាប់​កម្មវិធី​ប​ច្ចេក​វិទ្យា​Smart Home ហើយ​បន្ទះ​Chip​នឹងធ្វើ​ការបញ្ជា​ទៅ​អំពូល​ភ្លើង មា​ស៊ីន​ត្រជាក់ ឫ​សម្ភារ​អគ្គិសនី​ផ្សេងៗ​ដែល​ភ្ជាប់​ទៅនឹង​បន្ទះ​Chip​នេះ​។ ប៉ុន្តែ​ជា​ជំហាន​ដំបូង បច្ចេកវិទ្យា​មួយ​នេះ​អាច​បញ្ជា​បានត្រឹមតែ​ចម្ងាយ​២០​ម៉ែត្រ​ពី​បន្ទះ​Chip​ដែលមាន​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​Smart Home ប៉ុណ្ណោះ​។

​ដោយមាន​ចិត្ត​ចង់​ធ្វើបាន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​នៅលើ​សកលលោក និស្សិត​ទាំងនេះ​បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​បង្កើត​ឲ្យ​បាន​ស្នាដៃ​ដែល​កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់​កូន​ខ្មែរ​ដែល​បង្ហាញថា​ខ្មែរ​ក៏​អាចធ្វើ​បានដែ​។ និស្សិត អ៊ឹម ដា​រ៉ូ មានប្រសាសន៍ថា​៖«​ពួក​ខ្ញុំ​ចង់ឃើញ​ប្រទេស​កម្ពុ​ជាមាន​អ្នកស្រាវជ្រាវ​បង្កើត​ស្នាដៃ​ថ្មីៗ​ដូច​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក​ជាដើម ដើម្បី​ឲ្យ​ប្រទេស​របស់​យើង​មាន​បច្ចេកវិទ្យា​ទំនើប​ដូច​ប្រទេស​គេ​ដែរ​»​។ សួរថា​វា​លំបាក​ទេ ដើម្បី​បង្កើត​ស្នាដៃ​នេះ​ឡើង​? ដា​រ៉ូ ឆ្លើយថា​៖«​វា​មានការ​លំបាក​ខ្លះ​ដែរ តែ​ពួកយើង​ចង់​ធ្វើ​វា​»​។

​ដើម្បី​ធ្វើ​ការងារ​ទាំងនេះ ក្រុមនិស្សិត​ផ្នែក​អេឡិចត្រូនិក​ដែលមាន​កាលវិភាគ​សិក្សា​ពេញ​ម៉ោង​ស្ទើរ​រៀងរាល់​ថ្ងៃនោះ មានតែ​ឆ្លៀតពេល រួមទាំង​ថ្ងៃ​ចុង​សប្តាហ៍ ដើម្បី​ចូលក្នុង​បន្ទប់ពិសោធន៍​ដើម្បី​បន្ត​ការស្រាវជ្រាវ​គម្រោង​មួយ​នេះ​។ ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ ការខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​បានផ្តល់​ផ្លែផ្កា ដោយបាន​ប្រើ​ថវិកា​របស់​សាលា​ចំនួន​១០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បង្កើត​គម្រោង​Smart Home​នេះ​។


​ចំពោះ​គម្រោង​ទៅ​អនាគត អ្នក​ច្នៃប្រឌិត​ទាំង​៧​រូបនេះ​មាន​មហិច្ឆតា​ចង់​ចូលរួម​ការប្រកួតប្រជែង​ស្នាដៃ​នានា​មិន​ត្រឹម​ថ្នាក់ជាតិ តែ​ថ្នាក់​អន្តរជាតិ​ទៀតផង​ដែរ​។ ដា រ៉ូ បាន​រម្លឹកថា ក្រុម​របស់​ពួកគេ​ធ្លាប់​បានទទួល​រង្វាន់​ថ្នាក់​លេខ​៣ ជាមួយនឹង​គម្រោង​មួយ​នេះ​។ តែ​ថា​វា​ជាការ​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​នៃ​សាលារៀន​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​វា​មិនទាន់​ធ្វើ​ឲ្យ​ពួកគេ​ស្ងប់ចិត្ត​នៅឡើយ​។ ក្រុមយុវជន​អ្នក​ច្នៃប្រឌិត ចង់ឃើញ​ការប្រកួត​ថ្នាក់ជាតិ ដើម្បី​ជំរុញ​យុវជន​ខ្មែរ​ទូទៅ​អាចបង្កើត​ថ្មី និង​រកឃើញថា​ការច្នៃប្រឌិត​ថ្មី​សម្រាប់​កម្ពុជា​។ ត្រង់ចំណុច​នេះ ដា​រ៉ូ បង្ហាញ​គំនិត​វិជ្ជមាន​មួយ​ថា​៖«​រាល់​ស្នាដៃ​ដែល​ពួកយើង​បង្កើត​ទាំងអស់ គឺ​ពួកយើង​ចង់​ឲ្យ​វា​អាច​ទៅជា​ផលិតផល​ពិតៗ​អាច​ប្រើប្រាស់​បាន​។ ពួកយើង​មិនមែន​បង្កើត​វា​ឡើង​គ្រាន់តែ​ដើម្បី​បង្អួត ឬ​កម្សាន្ត​នោះទេ​»​។ ប៉ុន្តែ​សម្រាប់​និស្សិត អ៊ឹម ដា​រ៉ូ គឺ​ដើមទុន ឬ​ហិរញ្ញវត្ថុដែលជាបញ្ហា​​។ ទោះយ៉ាងណា​ក៏ដោយ ពួកគេ​នឹងមិន​ទម្លាក់​ដៃ​ពី​ការស្រាវជ្រាវ និង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ទៀតឡើយ​។​

​ម្ចាស់​ស្នាដៃ​ទាំង​៧​រូបនេះ​រួមមាន​៖ ១. អ៊ឹម ដា​រ៉ូ ២. ម៉ី ចំរើន ៣. ពេញ សុ​ហៃ ៤. ឃាង សុធា ៥. សាម៉ន បញ្ញា ៦. ឡោ ពុ​យ ៧. សន លីមីត ជា​និស្សិត​រៀន​ជំនាញ​អេ​ឡិច​ត្រូ​និ​ច ស្វ័យប្រវត្តិកម្ម​និង ទូរគមនាគមន៍​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕


Tag:
 បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com