កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បណ្ដេញ​មនុស្ស​ជំនិត​លោក Blatter ចេញពី​តំណែង​
14, Jan 2016 , 7:39 pm        
រូបភាព
ដោយ:
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក បាន​បណ្ដេញ​លោក Jerome Valcke ចេញពី​តំណែង​ហើយ ។ លោក Valcke កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការលក់​សំបុត្រ​ក្នុង​ទីផ្សារងងឹត ។ ការបណ្ដេញចេញ​នេះ​គឺជា​វិធានការ​ថ្មី​មួយទៀត ក្នុង​បោសសម្អាត​អំពើពុករលួយ ដែល​បានធ្វើ​ឲ្យ​ស្ថាប័ន FIFA បាក់មុខ​ជាខ្លាំង ។​



​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បានសម្រេច​បញ្ចប់​តំណែង​លោក Jerome Valcke ដែលជា​អគ្គលេខាធិការ​របស់ខ្លួន ។ សេចក្ដីប្រកាស ដែល​ចេញ​នៅ​ថ្ងៃទី ១៣ ខែមករា បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​បន្ទាន់ FIFA បានសម្រេច​បញ្ចប់​កុងត្រា​ជាមួយ​លោក Valcke ហើយ​ការសម្រេច​នេះ​ចូល​ធរមាន​ភ្លាម​ផងដែរ ។​

​អតីត​ដៃស្ដាំ​របស់លោក Blatter រូបនេះ​ស្ថិតក្រោម​ការស៊ើបអង្កេត​លើ​ករណី​ផែន​ការលក់​សំបុត្រ​ខុសច្បាប់​នៅ World Cup ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ និង​ការលក់​សំបុត្រ​ក្នុង​ទីផ្សារងងឹត ។ FIFA បាន​ព្យួរ​តំណែង​លោក Valcke លើកដំបូង​នៅ​ខែកញ្ញា ឆ្នាំ​២០១៥ នៅពេលដែល​ការស៊ើបអង្កេត​ទាក់ទង​នឹង​ការលក់​សំបុត្រ​ចាប់ផ្ដើម ។ ប្រសិនបើ​រកឃើញ​កំហុស​នោះ បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ​អាច​នឹង​ហាម​មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា​រយៈពេល​ដល់​ទៅ​៩​ឆ្នាំ ។​

​ក្រៅពីនោះ លោក Valcke ក៏មាន​ការជាប់​ទាក់ទង​នឹង​អំពើពុករលួយ​ទទួល​ប្រាក់​១០​លាន​ដុល្លារ​ចេញ​ដោយ​អាហ្វ្រិក​ខាងត្បូង ដើម្បី​ធានា​ការគាំទ្រ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​របស់ខ្លួន​សម្រាប់ World Cup 2014 ។

​គួររម្លឹកថា លោក Valcke គឺជា​អគ្គលេខាធិការ​របស់ FIFA រយៈពេល​ជិត​ដប់ឆ្នាំ​មកហើយ ។​លោក​ក៏​ជា​មនុស្ស​ជំនិត​របស់​អតីត​ប្រធាន FIFA លោក Sepp Blatter ដែល​ទើប​ត្រូវបាន​ហាមឃាត់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​កីឡា​រយៈពេល​៨​ឆ្នាំ ក្រោម​បទ​ពុករលួយ ។ ក្រោយ​ការបណ្ដេញចេញ​លោក Jerome Valcke សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​បញ្ជាក់ថា​លោក Markus Kattner នឹង​បន្ត​តំណែង​ជា​អគ្គលេខាធិការ​ស្ដីទី​បន្តទៀត ៕


Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com