អន្តរជាតិ
អាមេរិក​អរគុណ​អ៊ីរ៉ង់​ដែល​ដោះលែង​ទាហាន​ម៉ា​រី​ន​ខ្លួន
14, Jan 2016 , 4:17 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី (John Kerry) នៅ​ថ្ងៃ​ពុធ​ទី​១៣​មករា​ម្សិលមិញ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​អ៊ីរ៉ង់​ដែល​បាន​ដោះលែង​ទាហាន​ម៉ា​រី​ន​អាមេរិក ១០​នាក់ ក្រោយ​ត្រូវ​ឃុំខ្លួន​ព្រោះរ​វង្វេង​បើក​នាវា​ល្បាត​ចូល​ដែនទឹក​អ៊ីរ៉ង់​។ ការដោះលែង​ទាហានជើងទឹក​អាមេរិក​នេះ បង្ហាញ​ពី​គោលជំហរ​របស់​អ៊ីរ៉ង់​ក្នុង​ការបញ្ចៀស​ការប្រឈមមុខ​គ្នា​ផ្នែក​ការទូត ស្របពេល​ខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ផង​នោះ​។



សូមស្ដាប់ព័ត៌មានលម្អិតដោយ លោក មុំ ពិទូរ្យ​



​ក្រោយ​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​ដោះលែង​ទាហាន​ម៉ា​រី​ន​អាមេរិក ១០​នាក់​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៣ មករា ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី បាន​ចេញមុខ​អរគុណ​ភាគី​អ៊ីរ៉ង់​ភ្លាមៗ​ដែល​ឆ្លើយតបបាន​រហ័ស​តាម​វិធី​ការទូត និង​សហការ​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ទាហាន​អាមេរិក​នេះ​។

​ថ្លែង​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក ច​ន ឃឺ​រី បាន​លើកឡើងថា លោក​កោតសរសើរ អាជ្ញាធរ​អ៊ីរ៉ង់​ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ស្រួលបួល មិន​បណ្តោយ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ លោក​បាន​បន្ថែមថា លោក​ក៏​ទទួលបាន​ព័ត៌មាន​ដែរ​ថា អ៊ីរ៉ង់​មើលថែ​ទាំង​ទាហាន​ម៉ា​រី​ន អាមេរិក​ទាំង​១០​នាក់ និង​ផ្តល់​ចំណីអាហារ​ដល់​ពួកគេ​បាន​សមរម្យ មុន​ដោះលែង​ពួកគេ​មកវិញ​។

​ក្រោយពេល​ដោះលែង​ភ្លាមៗ គេ​ឃើញ​មាន​ព័ត៌មាន​ចរចា​អា​រ៉ា​ម​ដែលថា លោក ឃឺ​រី បាន​សុំ​អភ័យទោស​ភាគី​អ៊ីរ៉ង់ ដែល​ទាហាន​ម៉ា​រី​ន​អាមេរិក​ច្រឡំ​បើក​នាវា​ល្បាត​ចូល​ដែនទឹក​អ៊ីរ៉ង់​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក John Kerby បាន​ទាត់ចោល​ការលើកឡើង​នេះ ព្រោះ​វា​គ្មាន​មូលហេតុ អ្វីដែល​អាមេរិក​ត្រូវ​សុំទោស​ឡើយ​។​

​យ៉ាងណាមិញ ការឆ្លើយតប​ដោយ​ភាព​វិជ្ជមាន​ពី​ភាគី​អ៊ីរ៉ង់​នេះ ផ្តើមចេញពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​សម្រេចបាន​កាលពី​ខែកក្កដា​ឆ្នាំមុន​។ អ៊ីរ៉ង់​ចង់​ឲ្យ​មាន​ការដក​ទណ្ឌកម្ម និង​ចង់​ស្តារ​ចំណង​ការទូត​ឲ្យ​ប្រសើរឡើង​ជាមួយ​លោកខាងលិច​ជាពិសេស​អាមេរិក​តែម្តង​។​

​ត្រលប់​មកវិញ ទ័ព​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ទាហាន​ម៉ា​រី​ន​អាមេរិក​១០​នាក់​ដែលមាន​ស្រី​ម្នាក់​ផង​កាលពី​ថ្ងៃ​អង្គារ​ទី ១២ មករា ដោយ​អាជ្ញាធរ​អ៊ីរ៉ង់​នាំ​ពួកគេ​ទៅកាន់​កោះ Farsi ។ ការចាប់ខ្លួន​នេះ​កើតឡើង​ដោយសារ​ទាហាន​នេះ​បើក​នាវា​ល្បាត​ពី​គ្រឿង​ពី គុយ​វ៉ែត ទៅ​បា​រ៉ែ​ន ហើយ​វង្វេង​ចូល​ដែនទឹក​អ៊ីរ៉ង់​ម្តង​។ នៅ​ថ្ងៃ​ពុធ អ៊ីរ៉ង់​ដោះលែង​នាវា​ល្បាត​និង​មនុ​ស្សទាំង​១០​នាក់​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ចេញពី​កោះ Farsi និង​ត្រូវគេ​បញ្ជូនទៅ​ក្បែរ​នាវាចម្បាំង USS Anzio ។​

​ការ​វង្វេងផ្លូវ​ហើយ​បើក​ចូល​ដែនទឹក​អ៊ីរ៉ង់រ​បស់ទ័ព​ម៉ា​រី​ន​អាមេរិក​អាច​បណ្តាលមកពី​ការ​ខូច​ប្រព័ន្ធ​បង្ហាញផ្លូវ​របស់​នាវា​ល្បាត ឬ​អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​ផ្សេងទៀត​ដែរ​។ ពាក់ព័ន្ធ​បញ្ហា​នេះ មេបញ្ជាការ​ទ័ពជើងទឹក​អ៊ីរ៉ង់  Ali Fadavi លើកឡើងថា បើតាម​ការស៊ើបអង្កេត​របស់​អ៊ីរ៉ង់ ការបំពាន​ចូល​ដែនទឹក​អ៊ីរ៉ង់​នេះ​ជា​រឿង​អ​ចេតនា ហើយ​វា​មិនមែនជា​សកម្មភាព​ឈ្លបយកការណ៍ ឬ​បង្ករឿង​អ្វី​ឡើយ​៕


Tag:
 អាមេរិក​
  ​អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com