អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​ស្រា្ត​លី​បដិសេធ​សំណើ​អាមេរិក​សុំ​ជំនួយ​យោធា​បន្ថែម​
15, Jan 2016 , 7:19 am        
រូបភាព
 

​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បដិសេធ​សំណើ​របស់​អាមេរិក ដែល​សុំ​បន្ថែម​ជំនួយ​យោធា​ក្នុង ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ (Daesh) ។ អូស្ត្រាលី​អះអាងថា ជំនួយ​របស់ខ្លួន​នាពេល​កន្លងមក​គឺ​ដូចជា​គ្រប់គ្រាន់​ហើយ​សម្រាប់​ប្រតិបត្តិការ​នោះ ។ នេះ​បើ​យោងតាម Bangkok Post ។​

 
​អូស្ត្រាលី​នឹងមិន​ផ្ដល់ជំនួយ​បន្ថែមទៀត​ដល់​កងទ័ព​អាមេរិក​ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​ដែ​ស្ហ​នោះទេ ។ ការបដិសេធ​នេះ​ធ្វើឡើង​ក្រោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ash Carter ប្រកាស​ស្នើ​រក​ជំនួយ​ពី​ប្រទេស​ម្ព័​ន្ធ​មិត្ត​របស់ខ្លួន បន្ទាប់ពី​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ។ 
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បានបញ្ជាក់​ហើយ​ថា នឹង​គ្មាន​ការផ្ដល់​ជំនួយ​បន្ថែម​នោះទេ​។ ចំណែកឯ​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​លោកស្រី Marise Payne និយាយថា ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​សព្វថ្ងៃនេះ​គឺ​គ្រប់គ្រាន់​ហើយ ។ លោកស្រី Marise បន្ថែមថា អូស្ត្រាលី​ពិចារណា​យ៉ាង​ដិតដល់​លើ​សំណើ​អាមេរិក ដោយបាន​ប្រៀបធៀប​និង​ជំនួយ​យោធា​ដែល​កំពុងផ្ដល់​ក្នុងការ​ហ្វឹកហាត់​ទាហាន​អ៊ីរ៉ាក់ ។​
 
​ការសម្រេចចិត្ត​នេះ​ទៀតសោត គឺ​មានតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​របស់លោក Malcolm Turnbull ទៅកាន់​សហរដ្ឋអាមេរិក ។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​ត្រូវផ្ដោត​សំខាន់​លើ​ប្រធានបទ​ភេរវកម្ម​និង​ជម្លោះ​ដែនដី ។ 
 
​គួររម្លឹកថា អូស្ត្រាលី​មាន​កងទ័ព​៧៨០​នាក់ កំពុងតែ​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ក្រុម​ដែ​ស្ហ​នៅ​តំបន់​មជ្ឈិមបូព៌ា ។ ក្នុងចំណោម​នោះ ទាហាន​៤០០​នាក់​ជា​សមាជិក​ក្រុម Air Task Group
​ដែល​ទទួលបន្ទុក​ទម្លាក់​គ្រាប់បែក​។ ចំណែក កងកម្លាំង​ជាង​៣០០​នាក់​ផ្សេងទៀត តាំងនៅ​រដ្ឋធានី បា​ក់ដាដ និង​មាន​តួនាទី​ហ្វឹកហាត់​កងកម្លាំង​អ៊ីរ៉ាក់ ខណៈ​៨០​នាក់​ទៀត ជួយ​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម​ដល់​ទ័ព​អ៊ីរ៉ាក់ ។ 
 
​លើសពីនេះ ទ័ពអាកាស​អូស្ត្រាលី ក៏បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​លើ​ក្រុម​ជ្រុលនិយម​នៅ​ស៊ី​រី ។ ប្រតិបត្តិការ​នេះ​ជា​ផ្នែក​នៃ​យុទ្ធនាការ​៦០​ប្រទេស​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អាមេរិក ៕ 
 
 
 

Tag:
 អាមេរិក​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com