ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែម ឡី​៖ គុណភាព​សេវា​សុខាភិបាល​ត្រូវ​ការធ្វើបដិវត្ត​ន៍ មិនមែន​ធ្វើកំណែទម្រង់​ទេ​!
14, Jul 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​លោក កែម ឡី អះអាងថា គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ខ្មែរ​ នៅ​ទាប​បំផុត​បើ​ប្រៀបធៀប​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ប្រៀបធៀប​ទៅ​នឹង​មន្ទីរពេទ្យ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​។ សារព័ត៌មាន​ថ្មីៗ ដែល​ទទួលបាន​សិទ្ធិ​ពី​លោក កែម ឡី សូម​ចុះផ្សាយ​ទាំងស្រុង​ នូវ​អត្ថបទ​ស្រាវ​ជាវ​របស់លោក កែម ឡី ជុំវិញ​គុណភាព​សេវា​សុខាភិបាល ​ត្រូវ​ការធ្វើបដិវត្ត​ន៍ មិនមែន​ធ្វើកំណែទម្រង់​ទេ​។​

កត្តា​ដែល​គុណភាព​នៅមានកម្រិត​ទាប​ដោយសារ​កត្តា​៨​យ៉ាង​៖
 
១.​កត្តា​ថ្នាំពេទ្យ​
​ស្តង់ដា​ថ្នាំពេទ្យ​ដែល​ប្រើប្រាស់​នៅ​ទាប បើ​ប្រៀបធៀប​ទៅ​ស្តង់ដា​ថ្នាំ​ដែល​ប្រើប្រាស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​កម្ពុជា​។ ​លើសពីនេះទៅទៀត​ ថ្នាំ​មួយចំនួន​មាន​ភាពស៊ាំ​ខ្ពស់ ​ដូចដែល​ក្រសួង​បានធ្វើ​សេចក្តីប្រកាស​ជា​ញឹកញាប់ និង​ថ្នាំ​មួយចំនួនទៀត​ក្លែងក្លាយ​ ដែល​បាន​ចរាចរណ៍​នៅ​កម្ពុជា​។ ​បន្ថែម​ពីនេះ​ថ្នាំ​មួយចំនួន​ ត្រូវ​ក្រសួង​ប្រមូល​ត្រឡប់មកវិញ​ ដោយសារ​ហួស​កាលកំណត់​ឲ្យ​ប្រើប្រាស់​ (​ករណី​សិក្សា​កន្លងមក​)​។​
 
២. កត្តា​បច្ចេកទេស​
​គ្រូពេទ្យ​ខ្មែរ ដែល​មាន​ជំនាញ​ឯកទេស​ ហើយ​ដែល​អ្នកខ្លះ​ ធ្លាប់​ឆ្លងកាត់​សកលវិទ្យា​ល័យ​នានា នៅ​ប្រទេស​បារាំង អាមេរិក អឺ​រ៉ុប និង​ប្រទេស​ជឿនលឿន​មួយចំនួន ​មិន​ចាញ់​ប្រទេសជិតខាង​ទេ​ ប៉ុន្តែការដាក់​ពង្រាយ​គ្រូពេទ្យ​មិនបាន​ល្អ។ គ្រូពេទ្យ​ពូកែ​ បាន​ស្ថិតនៅ​កកកុញ​នៅតែ​មន្ទីរពេទ្យ​ធំៗ​មួយចំនួន​ នៅ​ទីក្រុង និង​ទីប្រជុំជន​។​ ចំណែក​មន្ទីរពេទ្យបង្អែក​មួយចំនួនទៀត​ មិន​ទទួលបាន​ធនធានមនុស្ស​ ដូច​ការចង់​បានទេ (​គួរ​មាន​គោលនយោបាយ​ប្រាក់ខែ​ទេ្វ​ដង​ សម្រាប់​អ្នកធ្វើការ​នៅ​ជនបទ​)​។​
 
៣. កត្តា​សម្ភារ​បរិក្ខា​ពេទ្យ​
​បើទោះបី​មានការ​រីកចម្រើន​ខ្លះៗ ​ក្នុងការ​បំពាក់​ឧ​បករ​ណ៍​ទំនើបៗ តែ​មន្ទីរពេទ្យ​មួយចំនួនធំ​ នៅតែ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុងការ​ព្យាបាល​ជំងឺ​ធ្ងន់ៗ ដូចជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល បេះដូង និង​ជំងឺសរសៃឈាម​មួយចំនួនទៀត ដែល​តម្រូវ​ឲ្យ​បញ្ជូនមក​មន្ទីរពេទ្យ​នៅ​ភ្នំពេញ និង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។​
 
៤. កត្តា​ទំនាក់ទំនង និង​អាក​ប្បរិ​យា​ពេទ្យ​
​គុណភាព​សេវា​សុខាភិបាល ​មិន​ពឹងផ្អែក​តែ​ទៅលើ​បច្ចេកទេស ថ្នាំ​និង​សម្ភារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំនាញ​ទំនាក់ទំនង ជំនាញ​អប់រំ និង​ជំនាញ​ផ្លូវចិត្ត​របស់​គ្រូពេទ្យ​។ សម្តី ភាសា កាយវិការ និង​ភាពជិតស្និទ្ធ​ រវាង​អ្នកជំងឺ ក្រុមគ្រួសារ​អ្នក​ជំងឺជាមួយ​ពេទ្យ​ ជា​កត្តា​សំខាន់បំផុត​ ដែលជា​ចលករ​ឲ្យ​អ្នក​ជំងឺ​គោរព និង​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ​ពេទ្យ​មិន​ត្រឹមតែ​ចំណាយ​ពេលវេលា​ ក្នុង​ការរក​រោគ​វិ​និ​ឆ្ឆ័​យ​ទេ ប៉ុន្តែ​ថែមទាំង​ចំណាយ​ពេលវេលា​ ក្នុងការ​អប់រំ​អ្នក​ជំងឺ ដឹង​ពី​ប្រវត្តិ​អ្នក​ជំងឺ កត្តា​ទំនាក់ទំនង​ជំងឺ និង​ទំនាក់ទំនង​គ្រួសារ​អ្នកជំងឺ។​
 
៥. កត្តា​នីតិវិធី​និង​ដំណើរការ​ព្យាបាល​
​ដំណើរការ​(​រយៈពេល​សរុប​)​ក្នុងការ​ពិនិត្យ​អ្នកជំងឺ​ម្នាក់​ ចាប់តាំងពី​អ្នក​ជំងឺដើរ​ចូលដល់​មន្ទីរពេទ្យ​ រហូតដល់​ទទួលបាន​ការព្យាបាល​នោះ ថា​តើ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​នាទី (​ពិនិត្យ ព្យាបាល​អម​វិជ្ជា​សាស្ត្រ បញ្ជូន និង​ផ្តល់​ថ្នាំ​សម្រាក​ព្យាបាល​។​ល​។ ក្នុងការ​គណនា​រយៈពេល​នេះ​ មាន​សារៈសំខាន់ ​ដើម្បី​វាស់វែង​ថា​ តើ​អ្នកជំងឺម្នាក់ ប្រភេទ​ជំងឺ​បែបនេះ ? ​ប្រើ​រយៈពេល​ប៉ុន្មាន​នាទី ​ក្នុងការ​ចាប់ផ្តើម​ព្យាបាល និង​សម្រាក​ពេទ្យ​។ ​រយៈពេល​នៃ​ការ​សម្រាក​ពេទ្យ និង​អត្រា​ប្រើប្រាស់​គ្រែ ​មិនមែនជា​សូចនាករ​ណ៍​សំខាន់ ​ក្នុងការ​វាស់​ពី​គុណភាព​សេវា​សុខាភិបាល​ ឬ​ភាព​ស័ក្តិ​សិទ្ធិ​នៃ​ជំងឺ​ឡើយ​។​
 
៦.​កត្តា​គ្រូពេទ្យ​ព្យាបាល​ចល័ត​
​តើ​លោក​រដ្ឋមន្ត្រី លោក​រដ្ឋលេខាធិការ​មានការ​ខ្មាសអៀន​ទេ​?​ ដែល​មន្ទីរពេទ្យ​ជាតិប្រមាណ​៨, ស្រុក​ប្រតិបត្តិ​ប្រមាណ​៩០, មន្ទីរពេទ្យបង្អែក​១០៥, មណ្ឌល​សុខភាព ១,១៥៩ និង​ប៉ុស្តិ៍​សុខភាព​១០៧ និង​កម្មវិធី​ជាតិ​នានា​ច្រើន ​(​ស្ថិត​សុខាភិបាល​២០១៥) ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​រៀបចំ​គ្រូពេទ្យ​ចល័ត​គណបក្ស គ្រូពេទ្យ​ដើរ​ព្យាបាល​ប្រជា​ភិ​ថុ​ត​ សម្រាប់​ប្រជាប្រិយភាព​ភាព​គណបក្ស​។​ លោក​ប្រធាន​មន្ទីរ​សុខាភិបាល លោក​ប្រធាន​មន្ទីរពេទ្យ​ មាន​ភាពអាម៉ាស​ទេ ​ដែល​រៀបចំ​ក្រុមការងារ​ពេទ្យ​ព្យាបាល​ច​ល័ត​។​ ហួសចិត្ត​ដែល​ប្រមាថមើលងាយ​បុគ្គលិក​សុខាភិបាល​ខ្លួនឯង​ តាមរយៈ​ក្រុម​ពេទ្យ​ចល័ត​។ ហួសចិត្ត​គ្រូពេទ្យ​ខ្មែរ​ដ៏ពូកែ បែរ​ជា​ព្យាបាល​ចល័ត​តាម​ខ្យល់​នយោបាយ​ ដោយ​ក្បត់​វិជ្ជាជីវៈ​ខ្លួន​។​ តាមពិត ក្រុមការងារ​អប់រំ​សុខភាព​បឋម និង​ប្រព័ន្ធ​បញ្ជូន​ជំងឺទៅវិញ​ទេ​ ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​។​
 
៧.​កត្តា​ប្រាក់ខែ​ទាប​បំផុត និង​ការលើកទឹកចិត្ត​តិចតួច ព្រមទាំង​មិនមាន​អភិបាលកិច្ច​ល្អ​
 
៨. កត្តា​នៃ​អត្រា​ឈឺ និង​អត្រា​ស្លាប់​របស់​អ្នកជំងឺ
​នៅ​កម្ពុជា​អត្រា​ស្លាប់​របស់​ម្តាយ និង​កូន​អាយុ​ក្រុម​៥​ឆ្នាំ​ នៅតែ​ខ្ពស់​ដែល​បញ្ជាក់​ពី​គុណភាព​សេវា​សុខាភិបាល​នៅ​ទាប​ ដោយសារ​ការអប់រំ​ពី​អាក​ប្ប​កិរិយា​ របស់​ពលរដ្ឋ​តិចតួច សេវា​អប់រំ​សុខភាព​បឋម​ទាប សេវា​បញ្ជូន​យឺត សេវា​អន្តរាគមន៍​នៅ​ទាប និង​សីលធម៌​គ្រូពេទ្យ​នៅមាន​បញ្ហា​នៅឡើយ​។ ទោះជា​យ៉ាងណាក៏ដោយ ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ ​ដូចជា អត្រា​ស្លាប់​របស់​ស្ត្រី​ជុំវិញ​សម្រាលកូន​នៅ​ខ្ពស់ (១៧០ ក្នុងចំណោម​១០០.០០០​កូន​កើត​រស់​)​។ អត្រា​ម្តាយ​ស្លាប់​ជុំវិញ​សម្រាល​អាច​បង្ការ​បាន​ដោយ​ប្រព័ន្ធ​សុខាភិបាល​ ដែលមាន​គុណភាព​ខ្ពស់​ ជាពិសេស​ប្រព័ន្ធ​បញ្ជូន ប្រព័ន្ធ​ស​ង្រោះ​ជំងឺ​និង​ប្រព័ន្ធ​ការពារ​មា្ត​យ​ពេល​មាន​ផ្ទៃពោះ​។ តែ​នៅ​កម្ពុជា​អត្រា​ម្តាយ​ស្លាប់​នៅតែ​ខ្ពស់បំផុត​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​អភិវឌ្ឍ​ន៍ និង​ប្រទេស​ឧស្សាហកម្ម​នានា​ នៅលើ​សកលលោក​។ បើ​យោងតាម​ការសិក្សា​សុខភាព​ប្រជាសាស្ត្រ​នៅ​ឆ្នាំ​២០១៤​ កម្ពុ​ជាមាន​អត្រា​ម្តាយ​ស្លាប់​ ជុំវិញ​សម្រាល​រហូតដល់​១៧០​នាក់​ ក្នុងចំណោម​កូន​កើត​រស់​១០០,០០០​នាក់ តែ​ប្រទេស​នៅ​អឺរ៉ុប អត្រា​ស្លាប់​របស់​ម្តាយ​ជុំវិញ​សម្រាល ​មាន​ប្រមាណ​តែ​ពី​ ៣​ ដល់​១០​នាក់​ប៉ុណ្ណោះ​ ក្នុងចំណោម​កូន​កើត​រស់​១០០,០០០​នាក់​ដូចគ្នា​។ តាម​ការសិក្សា​របស់​ក្រសួងសុខាភិបាល (EMOC Study)​  មូលហេតុ​ម្តាយ​ស្លាប់​ដោយសារតែ ទី​១. គិត​យឺត​ពេល​(​មិនបាន​ពិនិត្យ​ផ្ទៃពោះ អាកប្ប​កិរិយា​អវិជ្ជមាន​ ចំពោះ​ការស្វែងរក​ការព្យាបាល ​និង​បង្ការ​ថ្នាំ​នានា​) ទី​២.​បញ្ជូន​យឺត (​ប្រព័ន្ធ​បញ្ជូនជំងឺនៅ​ខ្សោយ​នៅ​កម្ពុជា​ ជាពិសេស​តំបន់​ដាច់​ស្រយាល និង​តំបន់ភ្នំ​ និង​កោះ​) និង​ទី​៣. ស​ង្រ្គោះ​យឺត​ (​ម្តាយ​មកដល់​មន្ទីរពេទ្យ​ហើយ តែ​សមត្ថភាព​មន្ទីរពេទ្យ មន្ទីរ​ស​ង្រ្គោះ និង​នីតិវិធី​យឺតយ៉ាវ​ពេក​)​។ មូលហេតុ​ធំ​បំផុត​ គឺ​ភាព​ក្រីក្រ​ និង​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ ដែល​ម្តាយ​នៅ​ជុំវិញ​សម្រាល​ប្រមាណ​៥៧ភាគរយ មាន​សភាពស្លេកស្លាំង និង​ស្ត្រី​ទូទៅ​មាន​ភាពស្លេកស្លាំង​រហូត​ដល់​៤៤ភាគរយ។ ភាពក្រីក្រ​ និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ ក៏​ជា​ដើមចម ​ក្នុង​ការនាំ​ឲ្យ​ម្តាយ​មាន​ភាពស្គម និង​សុខភាព​មិនល្អ​។ 
 
​អត្រា​ស្លាប់​របស់​កុមារ​ក្រោម ៥​ឆ្នាំ (៣៨​ក្នុង ១.០០០​កូន​កើត​រស់​), អត្រា​របស់​ប្រជាពលរដ្ឋ​ដោយ​ជំងឺ (៨៦,៥% ក្នុង​១.០០០​នាក់​) និង​មិនទាន់​ឆ្លើយតប​ទៅ​សេចក្តីត្រូវការ​ពិត​ រប​ស់​ស្ត្រី និង​កុមារ ក្នុង​កម្មវិធី​ពន្យារកំណើត កម្មវិធី​អាហារូបត្ថម្ភ និង​កម្មវិធី​សុខភាព​បន្ត​ពូជ​តាម​ផែនការ​នៅឡើយ​។ 
 
​ភាព​បាត់បង់​ជំនឿ​លើ​សេវា​សុខាភិបាល​ ពី​សាធារណជន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជា​បញ្ហា​ប្រកាសអាសន្ន​មួយ ​ដែល​វិស័យ​សុខាភិបាល ត្រូវការ​ស​ង្រ្គោះ​បន្ទាន់ និង​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​ថ្មីៗ​ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ ប្រាក់បៀវត្សរ៍​ទាប ក្រមសីលធម៌​របស់​គ្រូពេទ្យ​ធ្លាក់ចុះ ប្រព័ន្ធ​សុ​ច្ចរិតភាព​ខ្សោយ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​អរូប​វន្ត​នៅមាន​បញ្ហា​នៅ​ឡើយ​។ ជាងនេះទៅទៀត វប្បធម៌​បុគ្គល និង​ស្ថាប័ន​មិន​បើកចំហ ការិយាល័យ​ធិបតេយ្យ ពុករលួយ ជា​ជំងឺសង្គម​ក្នុង​វិស័យនេះ​។ ថ្នាក់ដឹកនាំ​មាន​ទម្លាប់​មិនល្អ ចាំតែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ បាន​ក្លាយជា​វប្បធម៌​ ដែល​ត្រូវ​កែប្រែ​ថ្នាក់ដឹកនាំ ឬ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ភាពជា​អ្នកដឹកនាំ​ថ្មី​។​
 
​ចំណុច​សម្រាប់ធ្វើ​បដិវត្ត​ន៍​វិស័យ​សុខាភិបាល​ខាងក្រោម​៖
 
​យុទ្ធសាស្ត្រ​ចំបងៗ​ក្នុង​ការធ្វើ​បដិវត្តន៍​វិស័យ​សុខាភិបាល​
 
​របៀបរបប​គ្រប់គ្រង​ពីលើ​ចុះក្រោម​ (​មិន​វិមជ្ឈការ​ការងារ​សម្រេច​ចិត្ត និង​ថវិកា​) និង​ការ​រឹតត្បិត​ ក្នុងការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន បណ្តាញ​សហគមន៍ ក៏​ជា​បញ្ហា​គន្លឹះ​ដែល​ត្រូវ​ដោះស្រាយ​។ ខាងក្រោម​នេះ​ ជា​យុទ្ធសាស្ត្រ​ថ្មី​ ដែល​ចេញពី​ការវិភាគ​ និង​ការតាមដាន​វិស័យ​សុខាភិបាល​គ្រប់​ជ្រុងជ្រោយ​៖
 
​យុទ្ធសាស្ត្រ​ទី​១. ពង្រីក​សហគ្រាសរដ្ឋបាល​សុខាភិបាល​ សាធារណៈ​​វិមជ្ឈការ​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​មួយចំនួន​ ឲ្យ​ទៅជា​ស្ថាប័ន​រដ្ឋបាល​សាធារណៈ ឬ​ពាក់កណ្តាល​ស្វ័យភាព​ នៃ​ដំណើរការ​គ្រប់គ្រង ចាត់ចែង​ និង​អនុវត្ត​ន៍។ គោល​ការណ៍កំណត់​អត្តសញ្ញាណ​ភាពក្រីក្រ ត្រូវ​វិមជ្ឈការ​ឲ្យ​ភាគី​ទី​៣​ទាំង​ស្រុង។​
 
​យុទ្ធសាស្ត្រ​ទី​២. ផ្លាស់ប្តូរ​បទពិសោធ​ន៏ និង​កែលំអ​គុណភាព​​ បង្កើន​ការកែលំអ​គុណភាព​មន្ទី​រ​ពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​ដោយ​ចម្លង និង​រៀនសូត្រ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង (​គោលការណ៍ ប្រាក់បៀវត្សរ៍ វិន័យ ប្រូ​តូ​កូ​ល (​ពិធីការ​) ថ្នាំ​ និង​របៀប​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​)​។​
 
​យុទ្ធសាស្ត្រ​ទី​៣. បង្កើន​ប្រាក់បៀវត្សរ៍ និង​ការលើកទឹកចិត្ត​​រៀបចំ​ប្រាក់បៀវត្សរ៍​ ដោយ​ផ្តល់​ប្រាក់ខែ​អប្បបរមា​៥០០ដុល្លារ ដល់​មន្ត្រី​ពេទ្យ​ថ្នាក់ទាប​បំផុត ក៏ដូចជា​មន្ត្រីរាជការ​ទូទៅ (​សូម​មើល​កំណែ​ទម្រង់​ប្រាក់បៀវត្សរ៍​)​។ 
 
​យុទ្ធសាស្ត្រ​ទី​៤. ពង្រីក​ការធានា​រ៉ាប់​រង​សុខ​ភាពជា​លក្ខណៈជាតិ ពង្រឹង និង​ពង្រីក​កម្មវិធី​ធានារ៉ាប់រង​សុខភាព​សហគមន៍​ទូទាំងប្រទេស ដោយ​សហការ​ជាមួយ​ភាគី​យ៉ាងតិច​បួន​ភាគី (​រដ្ឋ ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន​)​។​
 
​យុទ្ធសាស្ត្រ​ទី​៥. វិមជ្ឈការ​សេវា​សុខាភិបាល​សហគម​ន៏​ដាច់ស្រយាល ​​ពង្រីក និង​លើកទឹកចិត្ត​មន្ទីរពេទ្យ​ឯកជន​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ជនបទ ជាពិសេស​តំបន់​ដាច់ស្រយាល​ឲ្យ​មាន​សិទ្ធិ​ពេញលេញ​ ក្នុងការ​ដំណើរការ​សេវា​របស់ខ្លួន​។ ភ្នាក់ងាររដ្ឋ​ រៀបចំ​កិច្ចសន្យា​ពិសេស​ជាមួយ​គ្លីនិក​ឯកជន ​ក្នុង​ការផ្តល់សេវា​ដល់​ព​ល​រដ្ឋ​ នៅ​តំបន់​ជនបទ និង​តំបន់​ដាច់​ស្រយាល​។​
 
​យុទ្ធសាស្ត្រ​ទី​៦. ពង្រឹងគុណភាព​កម្មវិធី​ជាតិ​ ដែលមាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​​ បង្កើន​ភាពជា​ដៃគូ​ជិតស្និទ្ធ​ ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ផ្តល់​ថវិកាជាតិ ​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ដំណើរការ​គ្លីនិក និង​កម្មវិធី​ជាតិ​នានា ​ដែល​រដ្ឋ​មិនអាច​បំពេញបាន​។​
 
​យុទ្ធសាស្ត្រ​ទី​៧.​វិមជ្ឈការ​សេវា​សុខាភិបាល​​វិមជ្ឈការ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័នឯកជន​ដេញថ្លៃ​យក​សេវា​ចាក់​ថ្នាំ​ថ្នាំ​បង្ការ និង​កម្មវិធី​ជាតិ​ចាំបាច់​មួយចំនួន​។ ភ្នាក់ងាររដ្ឋ​មាន​តួនាទី​អភិបាលកិច្ច​តាមបែប​ចូលរួម ​នូវ​ដំណើរ​ការផ្តល់​សេវាកម្ម​វិធី​ជាតិ​ទាំងនោះ​។​
 
​យុទ្ធសាស្ត្រ​ទី​៨. ពង្រឹង​ការអនុវត្ត​ស្តង់ដា​សេវា​សុខាភិបាល ​​រៀបចំ​ស្តង់ដារ​សេវា​សុខភាព​ ដោយ​យក​គំរូ​តាម​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន និង​ដាក់​ឲ្យ​អនុវត្ត​ចំពោះ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។​
 
​យុទ្ធសាស្ត្រ​ទី​៩. ពង្រឹង​ការគ្រប់គ្រង​គ្រឹះស្ថាន​សុខាភិបាល​ ពី​ភាគី​ពាក់ព័ន្ធ​​ពង្រឹង​ការចូលរួម​របស់​សហ​គម​ន៍ តាមរយៈ​ពង្រីក​សមាសភាព​ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ក្នុង​យន្តការ​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព គណៈកម្មការ​គ្រប់គ្រង​មន្ទីរពេទ្យបង្អែក​។ វិនិយោគ​បន្ថែម​ទាំង​សមត្ថភាព សេចក្តីសម្រេចចិត្ត ​និង​ធនធាន​ថវិការដ្ឋ ដើម្បី​ឲ្យ​ដំណើរការ​។ ជំរុញ​ឲ្យ​អនុវត្ត​ទាំងស្រុង​ នូវ​ឧបករណ៍​គណនេយ្យភាព​សង្គម ​ដូចជា (Citizen Report Card-CRC, Community Score Card=CSC, Social Audit=SA, Social Budgeting-SB etc.)​។ 
 
​យុទ្ធសាស្ត្រ​ទី​១០. ពង្រីក​ការធានា​រ៉ាប់​រង​សុខភាព​សហគម​ន៍ និង​មូលនិធិ​សមធម៌ ​រៀបចំ និង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គោលការណ៍​ធានារ៉ាប់រង​សុខភាព សម្រាប់​ពលករ​ធ្វើការ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​។ ពង្រឹង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ស្តង់ដា ដោយមាន​ភាគី​យ៉ាងតិច​បួន (​ស្ថាប័នរដ្ឋ ស្ថាប័ន​អង្គ​សង្គម​ស៊ីវិល ក្រុមហ៊ុន​ដែល​កម្មករ​ធ្វើការ និង​កម្មករ​ខ្លួនឯង​)​។ ​គ្រប់​ស្ថាប័ន​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរពេទ្យបង្អែក​ ត្រូវមាន​ភាគី​ទី​បី ​គឺ​អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​គ្រប់គ្រង​មូលនិធិ​សមធម៌​ សម្រាប់​អ្នកក្រីក្រ​ និង​គ្រួសារ​រងគ្រោះ​ក្នុងនាម​ជា​ភាគី​ទី​៣ ។
 
​យុទ្ធសាស្ត្រ​ទី​១១. បង្កើន​ការគ្រប់គ្រង​តម្លៃ​សេវា​សុខាភិបាល​ បង្កើត​ក្រុម​តំណាង​ប្រជាពលរដ្ឋ ​ដើម្បី​កំណត់​តម្លៃ​សេវា​សុខភាព អភិបាលកិច្ច​ល្អ តាមដាន និង​វាយតម្លៃ​លើ​សេវា​សុខា​ភិបាល​ទូទៅ​។​
 
​យុទ្ធសាស្ត្រ​ទី​១២. ពង្រឹង​ការចូលរួម​សកម្ម​របស់​ពលរដ្ឋ​​ រៀបចំ​យន្តការ​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ ជ្រើសរើស​ប្រធាន អនុប្រធាន គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព តាមរយៈ​ការចូលរួម​របស់​បុគ្គ​លិ​ក​ស្ថាប័ន​នោះ​ផ្ទាល់​។ លុប​បំផុត​ចោល​ទាំងស្រុង ​នូវ​ការតែងតាំង​ប្រធាន អនុប្រធាន​ តាមរយៈ​មេ​នយោបាយ ឬ​ថ្នាក់លើ​។​
 
យុទ្ធសាស្ត្រ​ទី​១៣. ពង្រឹង​វិជ្ជាជីវៈ​សុខាភិបាល ​ពង្រឹង​ការអនុវត្ត​ជាក់ស្តែង ​នូវ​គោលនយោបាយ​ដាក់ទណ្ឌកម្ម​ ដល់​បុគ្គលិក​ប្រព្រឹត្ត​ខុស ពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោលនយោបាយ​នៃ​ការចូលរួម​ពេញលេញ​ពី​ប្រជាពលរដ្ឋ តំណាង​ប្រជាពលរដ្ឋ ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​កិច្ចការ​អភិបាលកិច្ច​ល្អ​។​
 
​យុទ្ធសាស្ត្រ​ទី​១៤. ពង្រឹង​យន្តការ​សម្របសម្រួលរ​វាង​ផ្នែក​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋ​ពង្រឹង​យន្តការ​ក្រុមការងារ​សុខភាព​ថ្នាក់ជាតិ (Institutionalized TWGH with clear procedures and decision making) និង​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​កូតា (​ភាគបែង​) ស្មើភាព​រវាង​សមាជិក​នៃ​តំណាង​ស្ថាប័នរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​ជនរងគ្រោះ តំណាង​ផ្នែក​ឯកជន និង​តំណាង​ដៃគូ​ពាក់ព័ន្ធ​នានា​។​
 
​យុទ្ធសាស្ត្រ​ទី​១៥. ពង្រីក ​និង​ពង្រឹង​ការអប់រំ​សុខភាព​បឋម​​ ពង្រីក​កម្មវិធី​អប់រំ​សុខភាព​បឋម​ តាមរយៈ​វិមជ្ឈការ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល បណ្តាញ​សហគមន៍ ផ្នែក​ឯកជន និង​បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍ​ និង​ផែនការ​វិនិយោគ​ឃុំ​/​សង្កាត់​។ យុទ្ធនា​ការអប់រំ​សុខភាព និង​សុខភាព​បន្ត​ពូជ ត្រូវ​ជំរុញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​
 
​យុទ្ធសាស្ត្រ​ទី​១៦. ពង្រឹង​ការសិក្សា​ស្រាវជ្រាវ​ពង្រឹង និង​ពង្រីក​ការសិក្សា​ស្រាវជ្រាវ​តាមបែប​ចូលរួម និង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ ដោយមាន​ការសហការ​ជាមួយ​ស្ថាប័ន​នានា​ ដូចជា វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ របស់​ក្រសួងផែនការ ស្ថាប័ន​ស្រាវជ្រាវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ស្ថាប័ន​ស្រាវជ្រាវ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ​តាម​សកល​វិទ្យាល័យ និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​នានា​។​
 
​យុទ្ធសាស្ត្រ​ទី​១៧. ពង្រឹងគុណភាព​វិធីសាស្ត្រ​កំណត់​គ្រួសារ​ក្រីក្រ និង​ពង្រីក​ការប្រើប្រាស់​បណ្ណ​ក្រីក្រ​ ការសិក្សា​កំណត់​អត្តសញ្ញាណ​ភាពក្រីក្រ​ មានការ​ចូលរួម​ពេញលេញ​ពី​ស្ថាប័ន​ស្រាវជ្រាវ ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​។ ​បណ្ណ​សមធម៌​គួរ​ត្រូវបាន​ប្រើប្រាស់​គ្រប់ផ្នែក ទាំង​សេវា​សេដ្ឋកិច្ច សង្គមកិច្ច និង​សេវាកម្ម​នានា​៕
 
​ស្រាវជ្រាវ​ដោយ លោក កែម ឡី អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​
 

Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com