ជាតិ
សង្គមជាតិ
បង្ក្រាប​បទល្មើស​ព្រៃឈើ ដើម្បី​ឲ្យ​មតិ​ជាតិ​-​អន្តរជាតិ​ជឿជាក់​លើ​រដ្ឋាភិបាល​
18, Jan 2016 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា ដែល​ទើប​តែងតាំង នៅថ្ងៃនេះ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ខ្លួន ដើម្បី​ដាក់​ផែនការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។


គោលដៅ​សំខាន់​ដែល​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានកំណត់​នៅថ្ងៃនេះ គឺ​ត្រូវ​ស្រាវជ្រាវ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ​។ ជាងនេះទៅទៀត គណៈកម្មការ​នេះ ក៏ត្រូវ​កសាង​ទំនុកចិត្ត ធ្វើ​ឲ្យ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ថើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ អន្តរជាតិ​មានការ​ជឿជាក់​។ នេះ​បើតាម​លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែលបាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយពី​កិច្ចប្រជុំ​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ខែមករា​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា តាម​ផែនការ​ ប្រតិបត្តិការ​ទ​ប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ និង​ល្បាត ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប​របស់​ខេត្ត​។ ចំណែកឯ​កម្លាំង​អន្តរាគមន៍​បទល្មើស​ព្រៃ​ឈើ ប្រើ​កងកម្លាំង​ថ្នាក់ជាតិ ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ១២០ នាក់ កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចំនួន ១២០ និង​កម្លាំង​នៅតាម​ស្ថាប័ន​មួយចំនួនទៀត​។ 
 
​បើតាម​ផែនការ​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រាល់​ការងារ​ដឹកនាំ​បញ្ជា​ទាំងឡាយ​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ស្ថិតនៅក្រោម​ការដឹកនាំ​របស់លោក សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រីឯ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​គណៈ​មេបញ្ជាការ​ឯកភាព​ខេត្ត​។​
 
​នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា កាលពី​ព្រឹក​មិញ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​តំបន់​ជួប​បញ្ហា​ប្រឈម​ដែល​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​នឹង​ជួប គឺ​ស្ថិតនៅ​តំបន់​ភូមិភាគ​ឦសាន ដែល​សម្បូរ​ទៅដោយ​ភ្នំ ជ្រោះ ជ្រលង ដងអូរ ហើយ​ផ្លូវ​ពិបាក​ក្នុងការ​ចល័ត​កម្លាំង ព្រមទាំង​ការកាប់​ឈើ​លាក់ទុក​មាន​ច្រើន​កន្លែង​។ នៅ​ល្ងាច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ សៅ ​សុខា ក៏បាន​ជិះ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ពអាកាស​ពិនិត្យមើល​ទីតាំង​ទុក​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្ត​ត្បូង​ឃ្មុំ៕

Tag:
 ព្រៃឈើ​
 ​សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com