អន្តរជាតិ
អាមេរិក​ត្រូវ​សងបំណុល​អ៊ីរ៉ង់​ទាំង​ដើម​ទាំង​ការ​១.៧​ពាន់​លាន​ដុល្លារ​
18, Jan 2016 , 8:19 pm        
រូបភាព
​សហរដ្ឋអាមេរិក​បាន​ប្រកាសថា​ខ្លួន​នឹង​សងបំណុល​អ៊ីរ៉ង់ ៤០០​លាន​ដុល្លារ​អាមេរិក រួមទាំង​ការប្រាក់ ១.៣​ពាន់​លាន​ដុល្លារ​ផ្សេងទៀត កាលពី​ថ្ងៃ​១៧​ខែមករា​ម្សិលមិញ​នេះ​។ ការប្រកាស​បែបនេះ កើតឡើង​ក្រោយ​អាមេរិក​សម្រេច​ដក​ទណ្ឌ​កម្ម​ប្រឆាំង​អ៊ីរ៉ង់ ក្រោយ​ប្រទេស​ឥស្លាម​មួយ​នេះ​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ខ្ជាប់ខ្ជួន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។



សូមស្ដាប់ព័ត៌មានលម្អិតដោយលោក មុំ ពិទូរ្យ​៖



​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃឺ​រី បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​សង​បំ​ណុង​អ៊ីរ៉ង់​ក្នុង​ទំហំ​ទឹកប្រាក់ ៤០០​លាន​ដុល្លារ​អាមេរិក រួមទាំង​ការប្រាក់​ចំនួន ១.៣​ពាន់​លាន​ដុល្លារ​ផង​។ អាមេរិក​សម្រេច​សងលុយ​ទាំងអស់នេះ​ទៅ​អ៊ីរ៉ង់ ក្រោយ​ពេលដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ត្រូវបាន​គេ​ដកចេញ ជា​ថ្នូរ​នឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កន្លងមក​។

​ចាប់ពី​ថ្ងៃ ១៧​មករា តទៅ​ទណ្ឌកម្ម​នានា​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ត្រូវ​ដកចេញ​អស់​។ ហើយ​ក្នុងចំណោម​ទណ្ឌកម្ម​ទាំងនោះ​មាន​ការដក​ទណ្ឌកម្ម​លើ​ការនាំចេញ​ប្រេង​ទៅ​បរទេស និង បញ្ចប់​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ដែល​វា​ជួយ​ឲ្យ​អ៊ីរ៉ង់​អាច​បើកទ្វារ​ស្វាគមន៍​វិនិយោគ​បរទេស​បាន​។

​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​អាមេរិក​ជំពាក់​នេះ គឺជា​ប្រាក់​ដែល​អ៊ីរ៉ង់​បាន​ចំណាយ​លើ​ការទិញ​អាវុធ​តាំងពី មុន​ពេលដែល​បដិវត្ត​ន៍​ឥស្លាម​នៅ​អ៊ីរ៉ង់​កើតឡើង​នៅ​ឆ្នាំ ១៩៧៩ មកម្ល៉េះ​។ ក្រោយ​បដិវត្តន៍​នេះ អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ក៏​ចាប់ផ្តើម​ផ្តាច់ចំណង​ការទូត​តែម្តង ព្រោះ​អាមេរិក​គាំទ្រ​របបរាជានិយម​នៅ​អ៊ីរ៉ង់​។ ដូច្នេះហើយ​ទើបបានជា​ការប្រាក់​កើនឡើង​ដល់ ១.៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ 

​នៅក្នុង​ឆ្នាំ ១៩៨១ ម​ជ្ឈ​ត្ត​ការ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទី​ក្រុងឡាអេ​ដើម្បី​ដោះស្រាយ​រឿង​បំណុល​រវាង​អាមេរិក​និង​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បានដាក់​ពាក្យ​បណ្តឹងទាមទា​រ​ប្រាក់​ដែល​ខ្លួន​បាន​បង់​ឲ្យ​អាមេរិក​ដើម្បី​ទិញ​អាវុធ​នេះ​។

​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ច​ន ឃឺ​រី ទាំង​ដើម​ទាំង​ការដែល​ត្រូវ​សង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​នេះ ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ ហើយ​អាមេរិក​បានធ្វើ​សម្បទាន​ច្រើន​ទៅកាន់​ភាគី​អ៊ីរ៉ង់​ដើម្បី​រក្សា​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចេញ​ជា​រូបរាង​កាលពី​ខែកក្កដា​ឆ្នាំមុន​។​

 តាមពិតទៅ បំណុល​ទាំងអស់​ដដែល​ត្រូវ​សង​អ៊ីរ៉ង់​នេះ ដាច់ដោយឡែក​ពី​កញ្ចប់​ថវិកា​រាប់ពាន់​ដុល្លារ​ផ្សេងទៀត​របស់​អ៊ីរ៉ង់​ដែល​ស្ថិតក្នុង​គណនី​បរទេស​ដែល​ត្រូវ​ក្រុង​វ៉ាស៊ីនតោន​បង្កក​កន្លង​មក​។ ក្រោយ​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច រដ្ឋាភិបាល​អ៊ីរ៉ង់ អាច​ភ្ជាប់​ទៅកាន់​គណនី​នេះ​បាន​វិញ​ជាធម្មតា​។​

​ដោយឡែក ម្សិលមិញ​នេះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​សុន្ទរកថា ជុំវិញ​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​និង​ការដោះស្រាយ​បំណុល​ជំពាក់​អ៊ីរ៉ង់​ដែរ​។ លោ​កថា​ដំណោះស្រាយ​ដែល​ភាគី​ទាំងសងខាង​ព្រម​ទទួលយក​វា​ពិតជា​ប្រសើរ ព្រោះ​លុយ​ដែល​អាមេរិក​ត្រូវ​សងវា​តិចជាង​លុយ​ដែល​អ៊ីរ៉ង់​ធ្លាប់​ទាមទារ ហើយ​ការយល់ព្រម​សងបំណុល​អ៊ីរ៉ង់​នេះ បាន​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​អាមេរិក​បាន​យ៉ាងច្រើន​ផងដែរ​៕

Tag:
 ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
 ​ ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com