ជាតិ
លោក Heidt ប្រាប់​សិស្ស​វិទ្យាល័យ​ពោធិ៍សាត់ ឲ្យ​គិតគូរ​ពី​អាហារូបករណ៍​ទៅ​អាមេរិក​
19, Jan 2016 , 2:34 pm        
រូបភាព
លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​បំផុត​នៅក្នុង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុ​ជាជាង​៤​ខែ​មកហើយ​នោះ​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤​ខែមករា​កន្លងទៅ​។



​នៅក្នុង​ខេត្តពោធិ៍សាត់ លោក​បាន​ទៅ​ជួប​ជជែក​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​៨០០​នាក់ នៅក្នុង​វិទ្យាល័យ​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ជាមួយនឹង​ការ​ថ្លែង​សុន្ទ​កថា​ជាង​កន្លះ​ម៉ោង ជា​ភាសា​អង់គ្លេស និង​លាយ​ភាសា​ខ្លះ​ខ្មែរ​ផង​នោះ លោក Heidt បាន​ជំរុញ​ឲ្យ​សិស្ស​ទាំងអស់ គិតពិចារណា​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈ​អាហារូបករណ៍ ឬ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍រ​បស់​យុវជន​ជាដើម​។

​ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់ ដើម្បី​ស្វែងរក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក គឺ​ពួកគេ​ត្រូវ​ចេះ​ភាសា​អង់គ្លេស​។ លោក​ថា​៖«​យើង​ត្រូវ​រៀន​ភាសា​អង់គ្លេស ពីព្រោះ​ភាសា​អង់គ្លេស​គឺជា​ភាសា​របស់​ពិភពលោក និង​ជា​ភាសាផ្លូវការ​សម្រាប់​តំបន់​អាស៊ាន ព្រមទាំង​មាន​ប្រយោជន៍​ប្រសិនបើ​អ្នក​ទាំងអស់គ្នា ចង់​សិក្សា​ពី​ពិភពលោក​ខាងក្រៅ​»​។


​លោក​បាន​បញ្ជាក់ថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​អាហារូបករណ៍​ជាច្រើន​សម្រាប់​សិស្ស​-​និស្សិត និង​មាន​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ពី​កម្ពុជា ទៅ​សហរដ្ឋអាមេរិក ដូចជា​កម្មវិធី គម្រោង​ផ្តួចផ្តើម​សម្រាប់​អ្នកដឹកនាំ​វ័យក្មេង​នៅ​តំបន់​អាស៊ីអាគ្នេយ៍(YSEALI)​ជាដើម​។ កម្មវិធី​ YSEALI ដែលមាន​គោលដៅ ចង់​ឲ្យ​យុវជន​នៅ​អាស៊ីអាគ្នេយ៍​ក្លាយជា​មេដឹកនាំ​នៅ​ថ្ងៃ​អនាគត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក Heidt ។​



​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​សិស្សានុសិស្ស​ដែលមាន​បំណង​ចូលរួម​ក្នុង​កម្មវិធី YSEALI ឬ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ឬ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ នៅ​ខាងត្បូង​វិមានឯករាជ្យ​៕









Tag:
 William A. Heidt
  ​កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com