អន្តរជាតិ
អូស្ត្រាលី ប្រាប់​ចិន​បញ្ឈប់​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​បើ​មិន​ចង់​ប្រឈម​ជាមួយ​អាមេរិក​
19, Jan 2016 , 9:39 pm        
រូបភាព
ដោយ:
​អវត្តមាន​ដំណោះស្រាយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ភាគី​ពាក់ព័ន្ធ​នៃ​រដ្ឋ​អាស៊ាន​បាននិងកំពុង​រុញច្រាន​ជម្លោះ​នេះ មិន​ត្រឹមតែ​ជា​ក្តីបារម្ភ​ក្នុង​តំបន់​ប៉ុណ្ណោះ​នោះទេ តែ​កំពុងតែ​ស្ថិតក្នុង​ការចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទៀតផង​។ អាមេរិក​រួមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​អូស្ត្រាលី​ដែល​រដ្ឋ​ខាងក្រៅ ​កំពុងតែ​ប្រលូក​ខ្លួន​យ៉ាងជ្រៅ ​ក្រោមរូបភាព​នៃ​ការរក្សា​សន្តិភាព និង​សន្តិសុខ​ ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​ ដែល​កំពុងតែ​កើន​អំណាច​នៅ​ក្នុងតំបន់​។



​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​ចិន បញ្ឈប់​សកម្មភាព​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​ប​ញ្ចៀស​ការប្រឈមមុខគ្នា​ជាមួយនឹង​រដ្ឋាភិបាល​អាមេរិក​។ ការអះអាង​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​សុន្ទរ​ថា​នា​ក្រុង​វ៉ា​ស៊ិន​តោន កាលពី​ថ្ងៃ​ចន្ទ​ទី ១៨ ខែមករា ម្សិល​មិញ​មុនពេល​នៃ​កិច្ចប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters លោក Malcolm Turnbull បាន​រម្លឹក​ពី​ការលើកឡើង​របស់​ប្រ​ធានាធិបតី​ចិន​ លោក ស៊ី ជិន​ពីង ដោយ​ផ្សាភ្ជាប់​ជាមួយ នឹង​ការប្រឈមមុខគ្នា​រវាង​ចិន និង​អាមេរិក ដែល​បាន​អះអាងថា ​ចិន​នឹង​ចៀស​ឲ្យ​ផុតពី​ស្ថានភាព​មួយ​ដែល​បានបញ្ជាក់​ក្នុង​ទ្រឹស្តី «Thucydides Trap »​។ Thucydides Trap គឺជា​ទ្រឹស្តី​មួយ​ដែល​យល់ឃើញថា​ការប្រឈមមុខគ្នា​ អាច​នឹង​កើតឡើង​យ៉ាង​ផុយស្រួយ​ រវាង​មហាអំណាច​ថ្មី និង​មហាអំណាច​ចាស់​ នៅក្នុង​ជម្លោះ​ ប្រសិន​មិនមាន​ភាគី​ណាមួយ​បន្ទន់ឥរិយាបថ​។​

​ឆ្លៀតឱកាស​ក្នុង​ដំណើរ​ទៅកាន់​ក្រុង​វ៉ា​ស៊ិន​តោន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​វិបត្តិ​ស៊ី​រី និង​អ៊ីរ៉ាក់ ​ជាមួយ​លោក​អូ​បា​ម៉ា លោក Malcolm បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​ការចៀសវាង​ពី​ស្ថានភាព​ដូចដែល​បញ្ជាក់​ក្នុង​ទ្រឹស្តី Thucydides Trap គឺជា​យុទ្ធសាស្ត្រ​ស្នូល​របស់លោក​ ស៊ី​ មែន​នោះ ចិន​គួរតែ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ខ្លួន​បន្តិច​។ លោក បន្ថែមទៀតថា​ចិន គួរតែ​បន្ត​សែ្វ​ងរ​ក​ដំណោះស្រាយ និង​កសាង​ទំនុកចិត្ត​ជាមួយ​ប្រទេសជាតិ​ខាង​ ដែល​សំដៅលើ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​នៃ​រដ្ឋ​អាស៊ាន​។

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ជាមួយនឹង​ចិន​។ ជម្លោះ​នេះ កើតឡើង​ដ្បិត ចិន​ទាមទារ​ស្ទើរតែ​ទាំងស្រុង​ នៃ​តំបន់​ជម្លោះ​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាម​ផ្នែក​ច្បាប់​។ អវត្តមាន​នៃ​ដំណោះស្រាយ បានធ្វើ​ចិន បន្ត​គោល​នយោបាយ​​វាត​ទី​របស់ខ្លួន ក្នុងការ​ចូលទៅ​កាន់កា​ប់​តំបន់​ជម្លោះ និង​ថែមទាំង​សាងសង់​កោះ​សិប្បនិម្មិត​ដោយ​ឯកតោភាគី ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា នឹង​ប្រែក្លាយជា​មូលដ្ឋាន​យោធា​របស់​ចិន​ដ៏​សំខាន់​។​

​មិន​ខុសពី​មេដឹកនាំ​មួយចំនួន​ផ្សេងទៀត លោក Malcolm ក៏បាន​ទទូច​ឲ្យ​ចិន​ដោះស្រាយ​ជម្លោះ​នោះ ដោយយោង​តាមច្បាប់​អន្តរជាតិ និង​ចូលរួម​ដោះស្រាយ​ជាមួយនឹង​ហ្វីលីពីន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​។ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ កំពុងតែ​ដំណើរ​ការលើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ ក្រោម​បណ្តឹង​របស់​ហ្វីលីពីន ​ប្រឆាំង​ចិន តែ​ចិន​បាន​បដិសេធ​មិន​ចូលរួម​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ អាមេរិក និង​អូស្ត្រាលី គឺជា​រដ្ឋ​ខាងក្រៅ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ​ដែល​ប្រលូកខ្លួន​យ៉ាងជ្រៅ ​ក្នុង​ជម្លោះ​នេះ​ ដើម្បី​ប្រឆាំងនឹង​ចិន​។ កន្លងមក​អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និងយន្តហោះ​ទម្លាក់​គ្រាប់ B-52 មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ស្ថិតនៅ​ក្បែរ​តំបន់​កោះ​សិប្បនិម្មិត​របស់​ចិន​។ រីឯ​អូស្ត្រាលី ក៏បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​មកកាន់​តំបន់​នោះដែរ​។ សកម្មភាព​ដែល​គេ​មើលឃើញថា​ជា​កិច្ច​អន្តរាគមន៍​ក្នុង​តំបន់​ជម្លោះ​នោះ ត្រូវបាន​អាមេរិក និង​អូស្ត្រាលី ចាត់ទុកថា​ជាការ​អនុវត្ត​សិ​ទិ្ធ​សេរី​នៃ​ការហោះហើរ និង​ការធ្វើ​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​៕


Tag:
 ចិន​
  អូស្ត្រាលី​
  សហរដ្ឋអាមេរិក​
  សមុទ្រ​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com