កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្សែប្រយុទ្ធ​ហ្គី​ណេ Barry និយាយ​ពីបទ​ពិសោធន៍​នៅ​កម្ពុជា ពី​សុគ​ម្ភៈ និង​អនាគត​ខ្លួន
20, Jan 2016 , 10:30 am        
រូបភាព
Lelouma Barry ដែលមាន​ឈ្មោះ​ពេញ​ថា Alpha Oumar Lelouma Barry បាន​ក្លាយជា​កីឡាករ​ជនជាតិ​ហ្គី​ណេ​ទី១ដែល​បាន​ប្រកប​អាជីព​កីឡាបាល់ទាត់​នៅ​កម្ពុជា។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ហ្គី​ណេ ក៏​ជា​ក្រុម​ជម្រើស​តែមួយគត់​ផងដែរ​នៅក្រៅ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ជាមួយ​កម្ពុជា។ Barry បាន​ចំណាយពេល២រដូវ​កាល​ជាមួយ​ក្លិប​ណាហ្គា​វើ​ល បន្ទាប់ពី​ឆ្លងកាត់​ការលេង​នៅ​ក្របខណ្ឌ​កីឡា​បាល់​ក្នុងប្រទេស​កំណើត​របស់​ខ្លួន និង​ក្លិប BCC FC នៃ​ក្របខណ្ឌ​លំដាប់​ទី២របស់​ថៃ។ បច្ចុប្បន្ន ខ្សែប្រយុទ្ធ​វ័យ២១ឆ្នាំ ដែលមាន​ដើមកំណើត​នៅ​ក្រុង Kindia ប្រទេស​ហ្គី​ណេ​រូបនេះ មិនទាន់​រកបាន​ក្លិប​ថ្មី​ឡើយ ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​ណាហ្គា​វើ​ល។



ក្នុង​បទ​សម្ភាស​ជាមួយ​លោក អ៊ឹង ចំរើន នៃ​សារព័ត៌មាន​ថ្មី កីឡាករ Barry បាន​រៀបរាប់​ពីបទ​ពិសោធន៍​ដ៏​រីករាយ​របស់ខ្លួន​នៅក្នុង​ពិភព​កីឡាបាល់ទាត់​នៅ​កម្ពុជា។ សូម​អាន​បទ​សម្ភាស​ដូចខាងក្រោម៖


លោក អ៊ឹង ចំរើន៖ លោក ជា​កីឡាករ​ជនជាតិ​ហ្គី​ណេ​ដំបូង ដែល​បាន​ប្រកប​អាជីព​នៅ​កម្ពុជា ហើយ​ក្រុម​ជម្រើសជាតិ​ហ្គី​ណេ​របស់លោក ក៏​ជា​ក្រុម​ជម្រើសជាតិ​ពី​អាហ្វ្រិក និង​ក្រៅ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) តែមួយគត់ ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ជាមួយ​កម្ពុជា។ សូម​ប្រាប់​ពី​អារម្មណ៍​របស់លោក។
Lelouma Barry៖ ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​ដែល​ក្លាយជា​កីឡាករ​ហ្គី​ណេ​ដំបូង​នៅ​ក្របខណ្ឌ​កីឡាបាល់ទាត់​កម្ពុជា។ នេះ​មោទនភាព​ដ៏​ធំធេង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ក៏បាន​ដឹង​ពី​ការប្រកួត​រវាង​កម្ពុជា និង​ហ្គី​ណេ ផងដែរ [ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ហ្គី​ណេ ២-១ នា​ការប្រកួត​ជម្រុះ​ពានរង្វាន់​ហ្គា​ណេ​ហ្វូ នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៥ ] ។

លោក អ៊ឹង ចំរើន៖ តើ​លោក​មាន​អនុស្សាវរីយ៍​អ្វីខ្លះ បន្ទាប់ពី​បាន​ចំណាយពេល២រដូវ​កាល​ជាមួយ​ក្លិប​ណាហ្គា​វើ​ល?
Lelouma Barry៖ និយាយ​ដោយស្មោះ​ត្រង់ និង​អស់ពី​ចិត្ត ខ្ញុំ​មានតែ​អនុស្សាវរីយ៍ល្អៗតែប៉ុណ្ណោះ​នៅ​កម្ពុជា។ ខ្ញុំ​បាន​រៀនសូត្រ​ជាច្រើន​លើ​ការពង្រីក​សមត្ថភាពរ​បស់​ខ្លួន​លើ​វិស័យ​បាល់ទាត់។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​ក្លាយជា​ចំណែក​ដ៏​ធំ​មួយ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការប្រកួត​របស់​ណាហ្គា​វើ​ល។ ខ្ញុំ​បាន​ស៊ុត​ចូល១០គ្រាប់​នៅ​ឆ្នាំ២០១៤ និង១៨គ្រាប់​នៅ​ឆ្នាំ២០១៥ ហើយ​បា​នប​ញ្ជូ​ល​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាង១០គ្រាប់​ផងដែរ​ក្នុង​រដូវ​កាលនីមួយៗ ។ អរគុណ​មិត្ត​រួម​ក្លិប រួមទាំង​គ្រូបង្វឹក​ដែល​បានដាក់​ជំនឿ​ចិត្ត​លើ​ខ្ញុំ បើទោះបីជា​យើង​មិនបាន​ឈ្នះ​តំណែង​ជើងឯក​ក៏ដោយ ប៉ុន្តែ​យើង​បាន​ឈានដល់​ទីតាំង​កំពូល​មួយ។

លោក អ៊ឹង ចំរើន៖ តើ​កីឡាករ​ណា​ដែល​លោក​តែងតែ​កោតសរសើរ​ខ្លាំង​បំផុត?
Lelouma Barry៖ ខ្ញុំ​សូម​ឆ្លើយ​ដោយ​គ្មាន​ការលាក់លៀម ម្នាក់​នោះ គឺ គួច សុគ​ម្ភៈ។ គាត់​មាន​អាកប្បកិរិយា​ល្អ​ដែល​មិនគួរ​ឲ្យ​ជឿ ទាំង​នៅលើ​ទីលាន និង​ក្រៅ​ទីលាន។ សុគ​ម្ភៈ គឺជា​កីឡាករ​ម្នាក់​ដែល​យើង​ពិបាក​រក​ចំណុច​បន្ទោស។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​ក្លាយជា​មិត្ត​រួម​ក្លិប​របស់​កីឡាករ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់នេះ។ ក្រៅពី​សុគ​ម្ភៈ កម្ពុ​ជាមាន​កីឡាករ​ដ៏​លេចធ្លោ​ផ្សេងទៀត ជាពិសេស ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នី​ឧ​ត្ត​ម ជាដើម។ សម្រាប់​កីឡាករ​បរទេស ខ្ញុំ​មានការ​កោតសរសើរ​ជាពិសេស​ចំពោះ Masahiro Fukushawa, Samuel Gbenga, Booysen Shane និង Paul Omogba។ ពួកគេ​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​បាល់ទាត់​កម្ពុជា​មានការ​រីកចម្រើន។

លោក អ៊ឹង ចំរើន៖ តើ​លោក​នឹង​បន្ត​លេង​ឲ្យ​ក្លិប​ណា​ដែរ​សម្រាប់​រដូវ​កាល​ខាងមុខ?
Lelouma Barry៖
បច្ចុប្បន្ន ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​បាងកក។ ខ្ញុំ​បាន​បរាជ័យ​ក្នុងការ​ធ្វើ​តេ​ស្តិ៍​សាកល្បង​ជាមួយ​ក្លិប​មួយ​នៅ​កូរ៉េខាងត្បូង។ ខ្ញុំ​ក៏​កំពុង​សម្លឹងមើល​ក្លិប​ថ្មី​ផងដែរ​មិន​ថា​នៅ​ថៃ កម្ពុជា ឬ​ប្រទេស​ផ្សេង​នោះឡើយ។ ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ត្រូវការ​ប្រឈម​កាន់តែ​ខ្ពស់​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​អាជីព​មួយ​នេះ។ និយាយ​រួម​ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា​ណាស់៕



Tag:
 បាល់ទាត់
  ណាហ្គាវើល
  Lelouma Barry
 
© រក្សាសិទ្ធិដោយ thmeythmey.com