ជាតិ
លោក ហ៊ុន ម៉ា​នី ចង់ឃើញ​ទំនាក់ទំនង​អាមេរិក​-​កម្ពុជា កាន់តែ​ប្រសើរ​
21, Jan 2016 , 8:46 am        
រូបភាព
​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅ​ចំពោះមុខ​និស្សិត និង​សាស្ត្រាចារ្យ​ជនជាតិ​អាមេរិក​ថា ទំនាក់ទំនង​ល្អ​ស្តែង​ចេញពី​ការគោរព​គ្នា និង​ការយល់​ច្បាស់​ពីគ្នា​ទៅវិញទៅមក​។​



​លោក ហ៊ុន ម៉ា​នី ត្រូវបាន​អញ្ជើញ​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​កូរ៉េ US-KI, SAIS នៃ​សាកលវិទ្យាល័យ Johns Hopkins ក្នុងនាម​លោក​ជា​សមាជិកសភា​វ័យក្មេង​របស់​កម្ពុជា​។ នៅ​ចំពោះមុខ​អ្នកជំនាញ សាស្ត្រាចារ្យ និង​និស្សិត​អន្តរជាតិ​អាមេរិក​ប្រមាណ ១០០ នាក់ នៅ​សាលសន្និសីទ​អន្តរជាតិ Kenny Auditorium សាកលវិទ្យាល័យ Johns Hopkins នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២០ ខែមករា​នេះ តំណាងរាស្ត្រ​វ័យក្មេង ត្រូវធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក (Cambodia-US Relations)​។​

«​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាននិងកំពុង​ស្ថិតនៅក្នុង​ភាពល្អប្រសើរ​នៅពេល​ថ្មីៗ​នេះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ចង់ឃើញ​ទំនាក់ទំនង​នេះ​កាន់តែ​ប្រសើរ​ជាង​នេះ តាមរយៈ​ការយល់ ការគោរព​គ្នា និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក ដែល​ក្នុងនោះ​រួមមាន​ការស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ជាក់ស្តែង ដែល​ប្រទេស​នីមួយៗ​បាន​ឆ្លងកាត់ ការ​ឲ្យ​តម្លៃ​ដល់​សច្ចធម៌​សង្គម​តាមរយៈ​ការលះបង់ ការអត់ធ្មត់ និង​ឆន្ទៈ​ស្នេហា​ជាតិ ក៏ដូចជា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​កត្តា​ជាក់ស្តែង និង​អាទិភាព​ចាំបាច់​ដែល​ប្រទេស​នីមួយៗ​ត្រូវធ្វើ​ក្នុងដំណាក់កាល​ផ្សេងៗ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ជាតិ និង មាតុភូមិ​រៀងៗ​ខ្លួន​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ា​នី ដែល​ត្រូវ​បានផ្តល់​ឲ្យ​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ជំនួយការ​ផ្ទាល់​របស់លោក ហ៊ុន ម៉ា​នី​។​


​ឆ្លើយតប​ទៅនឹង​សំនួរ​ជាច្រើន​ពី​សំណាក់​ក្រុម​អ្នកជំនាញ សាស្ត្រាចារ្យ និង​និស្សិត ទាក់ទង​ទៅនឹង​អ្វី ដែល​ត្រូវ​ផ្តល់​ជា​អាទិភាព​ជាងគេ​នៅពេលនេះ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​នោះ លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា វា​មាន​កិច្ចការ​ជាច្រើន​ដែល ត្រូវធ្វើឡើង​ទន្ទឹមគ្នា​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ឧទាហរណ៍ ក្នុងពេលដែល​ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ស្វែងយល់​ពីគ្នា ប្រទេស​ទាំងពីរ​ក៏ត្រូវ​បន្ត​កាត់បន្ថយ​នូវ​ការយល់ច្រលំ​ពីគ្នា និង​ស្វែងរក​ឱកាស​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ ជាពិសេស​ប្រយោជន៍​ចំពោះ​ប្រជាជន​របស់ខ្លួន​»​។​


​លោក ហ៊ុន ម៉ា​នី ជា​វាគ្មិន​កម្ពុ​ជាទី​១ ដែល​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ដោយ សាកលវិទ្យាល័យ Johns Hopkins​។ លោក​ជា​វាគ្មិន​មួយរូប​ស្ថិតក្នុង​ចំណោម​វាគ្មិន​កិត្តិយស ពិភពលោក​ផ្សេងៗ​ទៀត ដែល​ធ្លាប់បាន​អញ្ជើញ​មក​សាកលវិទ្យាល័យ​នេះ​ធ្វើ​បទ​បង្ហាញ ក្នុង ​នោះ​រួមមាន​លោកស្រី Hilary Clinton អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Hamid Karzai អតីត​ប្រធានាធិបតី​អាហ្គានីស្ថាន លោក Donald Rumsfeld អតីត រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​។​ល​។​



Tag:
 ហ៊ុន ម៉ា​នី​
  កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com