ជាតិ
ព្រះ​ហរិ​ហរៈ​លេច​រូបរាង​ដើម​វិញ ក្រោយ​ឃ្លាត​ដងខ្លួន និង​ព្រះ​កេស​ជាង​១៣០​ឆ្នាំ​
21, Jan 2016 , 12:24 pm        
រូបភាព
នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា​នេះ កម្ពុជា​បានរៀបចំ​ពិធី​ត​ភ្ជាប់​ព្រះ​កេស​ជាមួយ​ដងខ្លួន​បដិមា​ព្រះ​ហរិ​ហរៈ​ភ្នំ​ដា​វិញ ក្រោយពី​បាន​ឃ្លាត​គ្នា​ជាង​១៣០​ឆ្នាំ​មក។ លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍​ថា ការទទួលបាន​ព្រះ​ហរិ​ហរៈ​ត​ភ្ជាប់​ដងខ្លួន​ពេលនេះ គឺជា​ប្រផ្នូល​ល្អ នាំមក​នូវ​សុខដុមរមនា​នៅ​ឆ្នាំ​២០១៦​នេះ​។​



ថ្លែង​នៅក្នុង​ពិធី​ត​ភ្ជាប់​រូបរាង​ដើម​ព្រះ​ហរិ​ហរៈ លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រូប​បដិមា​ព្រះ​ហរិ​ហរៈ​ដែល​បាន​លេចចេញ​ជា​រូបរាង​ដើម​នេះ គឺ​បង្ហាញ​ពី​និមិត្តរូប​ដ៏​ល្អ​ប្រពៃ​ នៃ​ការជួប​ជុំគ្នា ការរួបរួម ភាព​ចំរុងចម្រើន សុខដុមរមនា និង​ភាពរឹងមាំ​នៃ​ព្រលឹង​ជាតិខ្មែរ​។ លោក​ថា នេះ​ក៏ជា​ប្រ​ផ្នូល​ដ៏​ល្អ​ ដែល​នាំមក​នូវ​វិបុលភាព និង​សមិទ្ធផល​ថ្មី​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែលជា​ជោគជ័យ​បន្ថែម​ទៀម​ក្នុងការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​
 
​លោក Pierre Baptiste តំណាង​ឲ្យ​សារមន្ទី​ជាតិ​នៃ​សិល្បៈ​អាស៊ី​ហ្គី​មេ​ប្រទេស​បារាំង ដែល​បានប្រគល់​ព្រះ​កេស​ព្រះ​ហរិ​ហរៈ​មក​កម្ពុជា​នោះ បាន​បញ្ជាក់ថា ការ​លេច​រូបរាង​ដើម​បដិមា​ព្រះ​ហរិ​ហរៈ​វិញ​នេះ គឺជា​កាយ​វិការ​នៃ​ការស្ថាបនា​ឡើងវិញ ពោរពេញ​ដោយ​អត្ថន័យ​មួយ​របស់​ប្រទេស​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា ព្រះ​កេស​ព្រះ​ហរិ​ហរៈ​នេះ​ត្រូវបាន​នាំយកទៅ​ប្រទេស​បារាំង ចន្លោះ​ឆ្នាំ​១៨៣២-១៨៣៣ តាមរយៈ​បេសកម្ម​របស់លោក Aymonier​។​
 
​កាលពី​ឆ្នាំ​២០១៤​កន្លងមក កម្ពុជា​ក៏​ទទួលបាន​ជោគជ័យ​ជាច្រើន​ដែរ ក្នុង​ការពារ​បេតិកភណ្ឌ​វប្បធម៌​នេះ ដែល​បាន​នាំ​រូប​បដិមា​ដែល​បាន​បាត់បង់​កាលពី​អំឡុង​សម័យ​សង្គ្រាម វិល​មក​ប្រទេស​កម្ពុជា​វិញ​ដែរ ក្នុងនោះ​រួមមាន​រូប​បដិមា ទុ​រ​យោធ​ន៍ រូប​ភី​ម រូប​ពល​រាម និង​រូបផ្សេងទៀត ដែលមាន​ចំនួន​ប្រមាណ​ជា​៦​រូប​។​
 
​ក្រៅពី​រៀបចំ​ពិធី​ត​ភ្ជាប់​ព្រះ​សិរ​ជាមួយ​ដងខ្លួន​ព្រះ​ហ​រិហរៈ​ភ្នំ​ដា​នេះ តំណាង​អង្គការ​យូណេស្កូ (UNESCO) ក៏បាន​ប្រគល់​វិ​ញ្ញាប​ន​បត្រ​ទទួលស្គាល់​ការចុះ​បញ្ចូល «​ល្បែង​ទាញព្រ័ត្រ​» ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិដល់​កម្ពុជា​ដែរ​។ គួរ​បញ្ជាក់ថា តាំងពី​ឆ្នាំ​២០១៣​មក​មាន​ប្រទេស​ចំនួន​៤ គឺ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង​ហ្វីលីពីន ដែលមាន​ល្បែង​ទាញព្រ័ត្រ​នេះ បាន​ផ្ដួចផ្ដើម​ក្នុងការ​ស្នើ​ចុះ​បញ្ចូល​«​ល្បែង​ទាញព្រ័ត្រ​» ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នេះ​៕
 

Tag:
 ព្រះ​ហរិ​ហរៈ​
© រក្សាសិទ្ធិដោយ thmeythmey.com