អន្តរជាតិ
តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ដល់ ២២.៤៨ ដុល្លារ​ក្នុង​១​បារ៉ែល តែ OPEC បន្ត​នៅ​ស្ងៀមស្ងាត់​
22, Jan 2016 , 5:39 pm        
រូបភាព
ដោយ:
​មកទល់ពេលនេះ តម្លៃ​ប្រេង​របស់​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) បាន​បន្ត​ធ្លាក់ចុះ​ដល់​កម្រិត មួយ​គួរ​ព្រួយបារម្ភ​។ វា គឺជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​ដែល​នាំចូល​ប្រេង ដ្បិត​ពួកគេ អាច​ចំនាយ​ថវិកា​តិចជាង​មុន​។ ផ្ទុយទៅវិញ វា គឺជា​រឿង​មួយ​គួរ​បារម្ភ​សម្រាប់​ប្រទេស​ដែល​ផលិត​ប្រេង​និង​នាំចេញ​ប្រេង និង​ម៉ាក្រូសេដ្ឋកិច្ច​ជារួម​។ តែ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង មិនទាន់មាន​ចំណាត់ការ​ជាបន្ទាន់​ណាមួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធា្ល​ក់​ថ្លៃ​នេះ​នៅឡើយ​នោះទេ​។



​បើ​យោងតាម​តារាង​តម្លៃ​ប្រេង​នៃ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​(OPEC) នៅ​ថ្ងៃទី​ពុធ​ទី​២០ ខែមករា កន្លងទៅនេះ ប្រេង​ឆៅ​មួយ​បារ៉ែល​(១​បារ៉ែល​=១៥៨.៩៨៧២​លីត្រ​)​ធា្ល​ក់​ថ្លៃ​រហូត​២២.៤៨​ដុល្លារ​អាមេរិក​។ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​នេះ បានអូសបន្លាយ​រយៈ​ជាង​មួយឆ្នាំ​ហើយ ដោយ​មិនមាន​ដំណោះស្រាយ​ប្រសិទ្ធភាព​ត្រូវបានធ្វើ​។​

​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា ដែលជា​សមាជិក​មួយ​នៃ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង នៅ​ថ្ងៃទី​២១ ខែមករា​ម្សិលមិញ បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​នៃ​អង្គការ​នោះ​។ រដ្ឋមន្ត្រី​ប្រេង​នី​ហ្សេ​រី​យ៉ា លោក Emmanuel Ibe Kachikwu បាន​អះអាង​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ក្រុង​ដា​វូ​ស​នៃ​ប្រទេស​ស្វ៊ី​ស លោក​បាន​ទ​ទួ​ច​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយនឹង​ប្រទេស​សមាជិក OPEC ដើម្បី​ចូលរួម​រក​ដំណោះស្រាយ​ជាមួយគ្នា និង​កាត់បន្ថយ​ការនាំចេញ​ប្រេង​ច្រើន​លើសលប់​ពេក​។

​មិន​ខុសពី​នី​ហ្សេ​រី​យ៉ា វេ​ណេ​ស៊ុយ​អេ​ឡា ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​នាំ​ប្រេង​ចេញ​ច្រើន​បំផុត​របស់ OPEC ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​នៅ​ដើមខែ​កុម្ភៈ​។ រដ្ឋមន្ត្រី ប្រេង និង​រ៉ែ វេ​ណេ​ស៊ុយ​អេ​ឡា លោក Eulogio del Pino សង្កត់​ថា កិច្ចប្រជុំ​គួរតែ​ប្រារព្ធ​ឡើង​នៅ​ដើម​កុម្ភៈ​នេះ​ដើម្បី​ចេញ​គោល​ល​នយោបាយ​មួយ​ឲ្យ​បាន​ឆាប់រហ័ស​ក្នុងការ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​មាន​ស្ថិរភាព​ឡើងវិញ​។

​យ៉ាងណាក៏ដោយ សំណើ​ទាំងនេះ មិនមែន​ទើបតែ​ធ្វើ​ឡើងជា​លើកដំបូង​នោះទេ ពោលគឺ ការកោះប្រជុំ​ត្រូវបាន​ស្នើ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ តែ​សមាជិក​ភាគច្រើន​នៃ OPEC ហាក់ដូចជា​មិន សូវ​អើពើ​ប៉ុន្មាន​នោះទេ​។ ជាពិសេស​នោះ​គឺ អារ៉ាប់​ប៊ី សា​អូឌីត ដែល​ប្រទេស​នាំ​ប្រេង​ចេញ​ច្រើនជាង គេ​របស់ OPEC នៅតែ​មិន​ចាប់អារម្មណ៍​ជាមួយនឹង​បញ្ហា ខណៈ​បន្ត​ផ្គត់ផ្គង់​ប្រេង​លើសលប់​ពី​តម្រូវ​ការដែល​វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​បន្ត​ធ្លាក់ចុះ​។

​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះមក​នៅក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​វា​ជាការ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លងមកនេះ ។ តម្លៃ​ប្រេង​ឆៅ បាន​ធ្លាក់​សឹងតែ​៧៥​ភាគរយ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយសារតែ​ការផ្គត់ផ្គង់​លើស​តម្រូវការ ។

​ការធ្លាក់ចុះ​នេះ បាននិងកំពុង​គំរាមកំហែង​ដល់​ប្រទេស​ដែលជា​សមាជិក​OPEC ដែល​សេដ្ឋកិច្ច​ពឹង ផ្អែកទៅលើ​ការលក់​ប្រេង​ទាំងស្រុង​នោះ​។ ជាក់ស្តែង វេ​ណេ​ស៊ុយ​អេ​ឡា កំពុងតែ​ព្រួយបារម្ភ​ខ្លាំង ដ្បិត ចំណូល​របស់​ប្រទេស​៩៦​ភាគរយ​ត្រូវ​ពឹង​ផ្អែកទៅលើ​ការនាំចេញ​នៃ​ប្រេង​។ ដោយឡែក​សម្រាប់​លទ្ធ ភាព​នៃ​ដំណោះស្រាយ​របស់​OPEC វិញ គឺ​ពិបាក​នឹង​បង្កើតឡើង​ណាស់ ដ្បិត​បច្ចុប្បន្ន​ប្រទេស​សមាជិក​OPEC ខ្លួនឯង​ស្រាប់​នោះ កំពុងតែ​ប្រឈមមុខគ្នា និង​រង្គោះរង្គើរ​ខ្លាំង​។ នោះ​គឺ អ៉ា​រ៉ាប់​ប៊ី​សា​អូឌីត បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អី​រ៉ង​៕


Tag:
 OPEC
© រក្សាសិទ្ធិដោយ thmeythmey.com