កីឡាជាតិ
រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​លើកដំបូង​នៅ​កម្ពុ​ជាមាន​អត្ត​ព​លិ​ក​ជិត ២៥០​នាក់​
23, Jan 2016 , 8:00 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​ប្រចាំឆ្នាំ​២០១៦ (Ultra Trail Angkor 2016) ដែលជា​ព្រឹត្តិការណ៍​លើកដំបូង​មិន​ធ្លាប់​មាននៅ​កម្ពុជា​នឹងធ្វើ​ការប្រកួត​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប នា​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមករា​។​ការប្រកួត​នេះដែរ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ជិត ២៥០​នាក់ មកពី​២៦​ប្រទេស​លើ​ពិភពលោក ប៉ុន្តែ​មាន​អត្ត​ព​លិ​ក​កម្ពុជា​១០​នាក់​ប៉ុណ្ណោះ​។​

 
​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​ទាំងថ្ងៃទាំងយប់​ប្រចាំឆ្នាំ​២០១៦Ultra Trail Angkor 2016 បែប​ទេសចរណ៍ និង​កម្សាន្ត កាត់​ធម្មជាតិ ព្រៃ​ប្រឹក្សា ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន វាលស្រែ ផ្លូវលំ និង​កាត់​តាម​ភូមិ​ឃុំ ប្រជាពលរដ្ឋ នៅលើ​ទឹកដី​ខេត្តសៀមរាប អង្គរ នា​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមករា​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ជិត​២៥០​នាក់ មកពី​២៦​ប្រទេស ប៉ុន្តែ​ក្នុងនោះ​មាន​អត្ត​ព​លិ​ក​កម្ពុជា​តែ​១០​នាក់​ប៉ុណ្ណោះ​។​ហើយ​អត្ត​ព​លិ​ក​ភាគច្រើន​មកពី​អាហ្វ្រិក​ខាងត្បូង អូស្ត្រាលី សហរដ្ឋអាមេរិក បែលហ្ស៊ិក ឥណ្ឌូនេស៊ី ស្វី​ស សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​។ នេះ​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ នៅ NOCC​។​
 
​ជាមួយគ្នានេះដែរ​អ្នកចាត់ការ​ទូទៅ លោក Adriano Dennhadt​បានឱ្យដឹងថា មកទល់ពេលនេះ​អត្ត​ព​លិ​ក​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​បានមក​ដល់​កម្ពុជា ៩០​ភាគរយ​ហើយ​។ ហើយ​អត្ត​ព​លិ​ក​ទាំងនោះ​កំពុង​សម្រាក និង​ទស្សនា​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប ជាពិសេស​ប្រាសាទអង្គរវត្ត ហើយ​ពួកគេ​ក៏​បាននិងកំពុង​មើលផ្លូវ​រត់​ផងដែរ​។​
 
​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ដែលមាន​ការសហការ​រ​វាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​អប្សរា ជាមួយ​អ្នកជំនាញ​នេះ ដោយ​ទទួលបាន​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​កីឡា​បែប​វប្បធម៌​មួយ​នេះ​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​កីឡា​វប្បធម៌ ក៏ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពី​ភព​លោក​។​
 
 
​លោក Adriano Dennhadt បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​បារាំង​គឺ​ក្រុមហ៊ុន​Phoenix Voyages ដែលជា​ក្រុមហ៊ុន​មួយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង​មាន​ជំនាញ​ខាង​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ឆ្លងកាត់​ធម្មជាតិ​ចម្ងាយ​ឆ្ងាយ​នេះ​។​
 
​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​បែប​ទេសចរណ៍ និង​កម្សាន្ត​នេះ​មាន ៤ វិញ្ញាសា រត់​ចម្ងាយ ៣២​គីឡូម៉ែត្រ ចម្ងាយ ៣២​គីឡូម៉ែត្រ​កាន់​ឈើច្រត់ ចម្ងាយ​៦៤​គីឡូម៉ែត្រ និង​១២៨​គីឡូម៉ែត្រ​។ អត្ត​ព​លិ​ក​ដែល​ចូលរួម​ប្រកួត​ត្រូវ​បង់ប្រាក់​ទៅតាម​ប្រភេទ​ចម្ងាយ​នីមួយៗ ក្នុងនោះ​រត់​ចម្ងាយ ៣២​គីឡូម៉ែត្រ ត្រូវ​បង់​៦០​ដុល្លារ ខណៈ​ចម្ងាយ​ផ្លូវ​៦៤​គីឡូម៉ែត្រ ៩០​ដុល្លារ និង​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ១៦០​ដុល្លារ​។ ហើយ​ថវិកា​ដែល​បានមកពី​ការចុះឈ្មោះ​ក្នុងការ​រត់ប្រណាំង​ទាំងអស់​នឹង​យកទៅជួយ​ដល់​កុមារកំព្រា​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​សកម្មភាព​ជួយ​ក្មេង​កំព្រា​នៅ​កម្ពុជា​។ 
 
​គួរ​បញ្ជាក់ថា ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​Ultra Trail Angkor 2016 ដោយ​ចេញដំណើរ និង​មក​ដល់ទី​នៅមុខ​ប្រាសាទ​លី​លានជល់ដំរី​នៅលើ​ទឹកដី​អរិយធម៌​អង្គរ ខេត្តសៀមរាប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែមករា វេលា​ម៉ោង​៥​ល្ងាច ដល់​ថ្ងៃទី​២៤ ខែមករា វេលា​ម៉ោង ៩​ព្រឹក​៕
 

Tag:
 រត់ប្រណាំង​
  NOCC​
© រក្សាសិទ្ធិដោយ thmeythmey.com