អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​សរសើរ​រដ្ឋ​អាស៊ី​រួមទាំង​កម្ពុជា​ដែល​រួម​ទប់ស្កាត់​ការ​សាយភាយ​អាវុធ​ប្រល័យ​លោក​
22, Jan 2016 , 9:59 pm        
រូបភាព
 
​កិច្ចប្រជុំ​ស្តីពី​ការមិន​រីកសាយ​ភាព​អាវុធ​ដែលជា​គំនិត​ផ្តូ​ច​ផ្តើម​របស់​អាមេរិក​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ ២៧ ខែមករា​ខាងមុខ​។ ប្រតិភូ​ប្រទេស​ជាង​១០០ រួមទាំង​កម្ពុជា​ផង នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដើម្បី​ជជែក​ពី​បញ្ហា​ប្រឈម និង​ជំរុញ​ការទប់ស្កាត់​ឲ្យ​បាន​នូវ​ការចែក​ចាយ លក់ ឬ​ផ្ទេរ​អាវុធ​មហា​ប្រល័យ​ទៅ​ឲ្យ​ក្រុម​ភេរវជន​ផង​។  


 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​សន្តិសុខ​អន្តរជាតិ​និង​ការមិន​រីកសាយ​ភាយ​អាវុធ​លោក Thomas Countryman បាន​បញ្ជាក់ថា ប្រទេស​ដែល​ចូលរួម​គំនិត​ផ្តួចផ្តើម​ស្តីពី​ការ​គ្មាន​ការរីក​សាយភាយ​អាវុធ (Proliferation Security Initiative)  នឹងចូលរួម​កិច្ចប្រជុំ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ ២៧ មករា​ខាងមុខនេះ​។ 
 
​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​ខាងលើ បានលើកឡើង ប្រទេស​សមាជិក​ទាំង ១០៥ មាន​ទាំង​កម្ពុជា​ផង​នឹង​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​នៅ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិភាក្សាគ្នា ពិនិត្យមើល​រាល់​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក និង​បញ្ហា​ប្រឈម​នានា​ដែល​ត្រូវ​ដោះស្រាយ​ពាក់ព័ន្ធ​ការទប់ស្កាត់​ការ​សាយភាយ​អាវុធ​នេះ​។ 
 
​លោក Thomas Countryman  ក៏បាន​កោតសរសើរ​ប​ណ្តា​ប្រទេស​សមាជិក​ជាពិសេស​បណ្តា​ប្រទេស​ទាំង ១៧ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ទាំង​កម្ពុជា​ផង ព្រោះ​ការប្រឹងប្រែង​និង​ប្តេជ្ញាចិត្ត​របស់​បណ្តា​រដ្ឋ​ទាំងនេះ​បាន​ជួយ​ទប់ស្កាត់​បញ្ហា​និង​រក្សាបាន​សន្តិសុខ​តំបន់​និង​ពិភពលោក​។ 
 
​កិច្ចប្រជុំ​សន្តិសុខ​នេះ​ត្រូវ​រៀបចំឡើង ស្ថិតក្រោម​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ស្កាត់​ការ​សាយភាយ និង ការជួញដូរ​អាវុធ​មហា​ប្រល័យ​មាន​អាវុធ​គីមី ជីវសាស្ត្រ​និង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ 
 
​តាមពិតទៅ​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៣ ក្រោម​រដ្ឋបាល​លោក Gorge W. Bush​។​ហើយ​គំនិត​ផ្តួចផ្តើម​សន្តិសុខ​នេះ​ស្វែងរក​ការលើកកម្ពស់​ភាពជា​ដៃគូ​រវាង​ប្រទេស​សមាជិក​ដើម្បី​ពង្រឹងសមត្ថភាព អភិវឌ្ឍន៍​ការអនុវត្ត​ច្បាប់ ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច យោធា និង​ផ្នែក​ដទៃ​ផ្សេងទៀត​ដើម្បី​ទប់​ស្កាល់​រា​លក់​ការដឹកជញ្ជូន​អាវុធ​មហា​ប្រល័យ​នៅលើ​ដី អាកាស និង​នៅតាម​សមុទ្រ​ផង​។ ហើយ​រដ្ឋ​ជា​សមាជិក​ក៏ត្រូវ​អនុម័ត​រាល់​វិធានការ​នានា​ដែល​អាច​ធានាថា គ្មាន​ការប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​សម្រួល​ដល់​ការផ្ទេរ​សព្វាវុធ​ឡើយ​។​
 
​ចំណែក ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ការពារ​ការ​សាយ​ភាយ​អាវុធ​នេះ​ក្នុង​ឆ្នាំ ២០០៨ ។​ហើយ​ការចូលរួម​នេះ​បញ្ជាក់​ច្បាស់​ពី​ឆន្ទៈ​និង​ការប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុងការ​ប្រឆាំង​រាល់​ការ​សារ​ភាយ​ភាយ​អាវុធ​គីមី ជីវសាស្ត្រ ឬ​អាវុធ​នុយ​ក្ល​អ៊ែរ ដើម្បី​ស្ថិរភាព​ពិភពលោក​។ បើ​ផ្តោតលើ​តំបន់​អាស៊ាន កម្ពុជា​ជា​ប្រទេស​ទី​បួន​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​សន្តិសុខ​ថ្នាក់​សាកល​នេះ បន្ទាប់ពី​សិង្ហ​បុរី ហ្វីលីពីន និង​ព្រុយ​ណេ​។   ដូច្នេះ​កម្ពុជា​ត្រូវ​បន្ត​ចូលរួម​គាំទ្រ និង​ត្រូវ​សហការគ្នាជាមួយ​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​ដើម្បី​ត្រួតពិនិត្យ តាមដាន និង​បញ្ឈប់​រាល់​ការដឹកជញ្ជូន​រាល់​សម្ភារៈ​ឬ​អាវុធ​មហា​ប្រល័យ​ពី​រដ្ឋ​ទៅ​តួអង្គ​មិនមែន​រដ្ឋ ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​និង​ច្បាប់​ជាតិ​ផង​។ 
 
​សូមបញ្ជាក់ថា សន្និសីទ​កម្រិត​ពាក់កណ្តាល​នយោបាយ​នេះ​ត្រូវ​រៀបចំឡើង​ប្រហែល ២​ខែ​ប៉ុណ្ណោះ​មុន​ពេលដែល​សន្និសីទ​កំពូល​សន្តិសុខ​នុយក្លេអ៊ែ​នឹងត្រូវ​រៀបចំឡើង​នៅ​អាមេរិក​ផងដែរ​៕
 
 
 
 
 
 
 

Tag:
 អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com