អន្តរជាតិ
ប៉ូលិស​អង់គ្លេស​ច្រ​លំ​តាម​ក្មេងប្រុស​អាយុ​១០​ម្នាក់ ដោយសារ​កំហុស​ភាសា​អង់គ្លេស​
23, Jan 2016 , 9:20 pm        
រូបភាព
ដោយ: ធីតា
​ករណី​ភាន់​ច្រ​លំ​មួយ​បាន​កើតឡើង​នៅ​តំបន់​Lancashire ប្រទេស​អង់គ្លេស​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងមក​។​មន្ត្រីប៉ូលិស​បាន​តាមដាន​សិស្សសាលា​អាយុ​១០​ម្នាក់​ដល់ផ្ទះ​ដោយសារ​គេ​សរសេរ​ភាសា​អង់គ្លេស​ច្រ​លំ​ថា «I live in a terrorist house» ដែល​តាមពិត​កុមារា​នោះ​ចង់​សរសេរថា «I live in a terraced house» ។

 
​ប៉ូលិស​បាន​តាមដាន​ហើយ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​សិស្សសាលា​ដែល​រៀន​នៅ​Lancashire PrimarySchool ក្រោយ​ទទួលបាន​ការរាយការណ៍​ពី​សំណាក់​គ្រូបង្រៀន​ម្នាក់​ដែល​គិតថា​ក្មេងប្រុស​មូស្លីម​រូបនោះ​មានគ្រួសារ​ជា​សមាជិក​ក្រុម​ភេរវជន​។​ការភ្ញាក់ផ្អើល​របស់​គ្រូបង្រៀន​នោះ​កើតឡើង​បន្ទាប់ពី​បានឃើញ​សិស្ស​របស់ខ្លួន សរសេរថា «I live a terrorist house» [​ខ្ញុំ​រស់នៅ​ក្នុងផ្ទះ​ភេរវជន​មួយ​]​។​
 
​យោងតាម​ការផ្សាយ​រប​ស់​BBC គ្រួសារ​របស់​ក្មេងប្រុស​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​វត្តមាន​របស់​ក្រុមប៉ូលិស​នៅផ្ទះ​ខ្លួន​ហើយ​ថែមទាំង​ហៅ​ពួកគាត់​ទៅធ្វើ​ការសាកសួ​រ​។​សមាជិក​មួយចំនួន​នៅក្នុង​គ្រួសារ​នៅតែមាន​អារម្មណ៍​ភ័យខ្លាច​ដោយ​បាយ​មិនបាន​សម្រាន្ត​មិន​លក់​អស់​ជាច្រើន​ថ្ងៃ​។​
 
​ក្រោយ​ការសាកសួរ​ប៉ូលិស​បាន​រកឃើញថា​នេះ​ជា​ករណី​ភាន់​ច្រ​លំ​ទាំងស្រុង​ដែល​តាមពិត​សិស្ស​រូបនោះ​ចង់​សរសេរថា « a terraced house» មិនមែន «a terrorist house» នោះឡើយ​។ ប៉ូលិស​បាន​បញ្ឈប់​ការស៊ើបអង្កេត​របស់ខ្លួន ដោយ​ប្រកាសថា វា​ជាការ​ភាន់ច្រឡំ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ គ្រួសារ​ក្មេងប្រុស​នៅតែ​មិនទាន់​ស្ងប់ចិត្ត ដោយ​ពួកគេ​ចង់​ឲ្យ​មានការ​សុំទោស​ជា​សាធារណៈ​ពី​សំណាក់​ប៉ូលិស និង​ថ្នាក់ដឹកនាំ​សាលារៀន​។ ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ស្ត្រី​ម្នាក់​ដែលជា​សាច់ញាតិ​ក្មេងប្រុស បាន​និយាយប្រាប់ BBC ថា​៖ «​អ្នក​អាច​គិត​បាន​ហើយ​ថា រឿង​បែបនេះ គួរតែ​កើត​លើ​មនុស្ស​អាយុ​៣០​ឆ្នាំ មិនមែន​ក្មេងប្រុស​មិនទាន់​ដឹងក្តី​នោះឡើយ​។ ពេល​គេ​ពិតជា​មានការ​ភ័យខ្លាច​ណាស់​ក្នុងការ​សរសេរ​ពាក្យ​អ្វីមួយ​»​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាននាំគ្នា​បន្ទោស​គ្រូបង្រៀន ដោយ​ប្រញាប់ប្រញាល់​រាយការណ៍​ទៅ​ប៉ូលិស និង​មិនបាន​សាកសួរ​ណែនាំ​បន្តិច​ទាល់តែសោះ​ទាក់ទង​នឹង​សំណេរ​កូនសិស្ស​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com