ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចំនួន​«Like»​របស់​ឯកឧត្តម សម រង្ស៊ី និង​សម្តេច ហ៊ុន សែន កាន់តែ​ប្រកៀក​គ្នា​
23, Jan 2016 , 11:48 am        
រូបភាព
​ភ្នំពេញ​៖ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ មកដល់​ឆ្នាំ​២០០៨ អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រើប្រាស់​សារព័ត៌មាន​សន្លឹក វិទ្យុរ ទស្សនា​វ​ដ្តី ទូរទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ ឬ​មនោគមន៍វិជ្ជា​នៃ​គណបក្ស​រៀងៗ​ខ្លួន​។ ប៉ុន្តែ ចាប់ពី​ឆ្នាំ​២០១៣​មក អ្នកនយោបាយ​ខ្មែរ​ហាក់បីដូច​ជាមាន​អារម្មណ៍​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន និង​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អ្នកគាំទ្រ​។

 
​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​ន​យោន​បាយ​ជាន់ខ្ពស់​ពីររូប គឺ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​អ្នក​«Like»​ច្រើនជាងគេ​។ 
 
​កាលពី​ដំបូង​ឡើយ ឯកឧត្តម សម រង្ស៊ី ទទួលបាន​ចំនួន​អ្នកគាំទ្រ​«Like»​ច្រើនជាង​សម្តេច ហ៊ុន សែន ឆ្ងាយ​ណាស់​។ ប៉ុន្តែ នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៦​នេះ ចំនួន​អ្នក​«Like»​នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​កាន់តែ​ប្រកិត​ប្រកៀក​គ្នា​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​២៣​ខែមករា​ឆ្នាំ​២០១៦​ម៉ោង​១០ និង​៥៨​នាទី​ព្រឹក​នេះ អ្នកគាំទ្រ​ឯកឧត្តម សម រង្ស៊ី មាន​ចំនួន​២,០៥៥,៤៦៤ «Like» រីឯ សម្តេច ហ៊ុន សែន មាន​ចំនួន​១,៩៦៨,៩៦៤«Like» ពោលគឺ​ខុសគ្នា​តែ​៨៦៥០០«Like»​ប៉ុណ្ណោះ​។ 
 
​អ្នកវិភាគ​សង្គម​យល់ឃើញថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នឹង​ក្លាយទៅជា​វេទិកា​បញ្ចេញមតិ​ដ៏​ក្តៅគគុក​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ។ ហើយ​ព្រម​ពេល​ជាមួយគ្នា ហ្វេ​ស​ប៊ុ​ក ក៏​ក្លាយទៅជា​ទីលាន​ដែល​អ្នកនយោបាយ​អាច​ទាញ​ប្រជាប្រិយភាព​បាន​ផងដែរ​។ នៅ​ឆ្នាំ​២០១៧ និង​២០១៨ តើ​គណបក្សនយោបាយ​ណាខ្លះ​អាច​កេងចំណេញ​នយោបាយ​បាន​ច្រើនជាងគេ​ពី​ហ្វេ​ស​ប៊ុ​ក​? 
 
​នេះ​គឺជា​សំណួរ​ដែល​មានតែ​អ្នកនយោបាយ​ខ្លួនឯង​ទេ​ដែល​អាច​ផ្តល់​ចម្លើយ​បាន ពីព្រោះ កេងចំណេញ​បាន​ច្រើន ឬក៏​តិច អាស្រ័យទៅលើ​លទ្ធភាព សមត្ថភាព និង​ភាព​ប៉ិនប្រសប់​នៃ​អ្នកនយោបាយ​ម្នាក់ៗ​៕ 

Tag:
 សម្តេច ហ៊ុន​ សែន
  ឯកឧត្តម សម រង្ស៊ីុំ
  facebook
© រក្សាសិទ្ធិដោយ thmeythmey.com