ជាតិ
បទវិភាគ
សង្គមជាតិ
ស្មា​ត​ហ្វូ​ន​កំពុង​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ផ្លូវការ​បាត់បង់​តម្លៃ​មែនឬ​?
24, Jan 2016 , 2:40 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​និង​មាន​អ្នកប្រើប្រាស់​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​ចំនួន​អ្នកប្រើប្រាស់​ទូរ​សព្ទ​ដៃ​កើនឡើង​គឺជា​សញ្ញា​ល្អ​ប៉ុន្តែ​បញ្ហា​ប្រឈម​មួយចំនួន​កំពុងតែ​កើតមានឡើង​។​បញ្ហា​ទាំងនោះ​ជារួម​មាន​៖​ការប្រើប្រាស់​ទូរ​សព្ទ​ពេល​ចាក់​ថ្នាំ ពេល​បើកបរ ពេល​ប្រជុំ និង​ពេល​បង្រៀន​សិស្ស​។​ល​។​


 
​ចំនួន​អ្នកប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ តួលេខ​ចុងក្រោយ​បានបង្ហាញ​ថា​ស៊ីម​ខាត​មិនតិចជាង​២០​លាន​ស៊ីម​ទេ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ទូទាំងប្រទេស​កម្ពុជា​។​
 
​បណ្តាញ​ទូរ​សព្ទ​ចល័ត​នាពេល​បច្ចុប្បន្ននេះ​មាន​វត្តមាន​គ្រប់ទិសទី​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​។​អ្នកទីក្រុង​និង​អ្នក​ជនបទ​អាចទាក់ទង​គ្នា​បាន​យ៉ាង​ងាយ​ទាំង​ទំនាក់ទំនង​សង្គម​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។​
 
​ស្មា​ត​ហ្វូ​ន​(​ទូរ​សព្ទ​ដៃ​)​បាន​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងខ្លាំង​ដល់​អ្នកប្រើប្រាស់​និង​ជំរុញ​ប្រសិទ្ធិភាព​សេដ្ឋកិច្ចសង្គម​យ៉ាង​ប្រពៃ​។ តាមរយៈ​បណ្តាញ​ទូរ​សព្ទ​នេះ អ្នកជំនួញ​ចំណេញ​ពេលវេលា​ពី​ការធ្វើដំណើរ​ដោយផ្ទាល់​យ៉ាងច្រើន​បំផុត​។ ប៉ុន្តែ​ព្រម​ពេល​ជាមួយគ្នា​ស្មា​ត​ហ្វូ​ន​ត្រូវបាន​អ្នកប្រើប្រាស់​រិះគន់​យ៉ាង​ចាស់ដៃ​ទៅវិញ​ដោយសារ​ការប្រើប្រាស់​ខុសពេល​វេលា​និង​ខុស​ទិសដៅ​។​
 
​ការរិះគន់​បានធ្វើ​ឡើង​ចំពោះ​តម្លៃ​នៃ​កិច្ចប្រជុំ​នាពេល​បច្ចុប្បន្ន​។ អ្នកចូលរួម​ប្រជុំ គិតតែ​ពី​ឆែក​ហ្វេ​ស​ប៊ុ​ក​តាម​ទូរ​សព្ទ​។​ល​។ កិច្ចប្រជុំ​មួយចំនួនធំ​ត្រូវបាន​គេ​វាយតម្លៃថា​គ្មាន​ប្រយោជន៍​ធំ​ដំ​ទេ ពីព្រោះ អ្នកធំ​គិតតែ​ពី​និយាយ រីឯ អ្នកចូលរួម​គិតតែ​ពី​ចុច​ស្មា​ត​ហ្វូ​ន​មើល​ព័ត៌មាន​ផ្សេង​។ បញ្ហា​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កិច្ចប្រជុំ​បាត់បង់​តម្លៃ​ទេ តែ​វា​បាន និង​កំពុង​ទាញ​ទម្លាក់​តម្លៃ​វាគ្មិន និង​ភ្ញៀវកិត្តិយស​បន្ថែមទៀត​។  
 
​អ្នក​រិះគន់​បាន​អត្ថាធិប្បាយ​ថា​ទង្វើ​គ្រូពេទ្យ​មួយចំនួន​ដែល​កំពុង​ចាក់​ថ្នាំ​ហើយ​ឆ្លៀត​និយាយ​ទូរ​សព្ទ​ជាមួយ​អ្នកផ្សេង​នោះ​គឺជា​ការរំខាន​អារម្មណ៍​ដល់​អ្នកជំងឺ​និង​ជា​អំពើ​ខុសឆ្គង​នឹង​ក្រមសីលធម៌​គ្រូពេទ្យ​ដែរ​។​
 
​គ្រូបង្រៀន​និង​កូនសិស្ស​ទូរ​សព្ទ​ក្នុងពេល​កំពុង​រៀន​ពិតជា​បាត់បង់​ការយកចិត្តទុកដាក់​ទៅលើ​មេរៀន​។​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ​បានបង្ហាញ​ថា​និ​សិ​ត្ស​និង​កូនសិស្ស​មួយចំនួន​គិតតែ​ពី​ចុច​ទូរ​សព្ទ​ឆ្លងឆ្លើយ​សារ​គ្នា​ទៅវិញទៅមក​ក្នុង​ខណៈពេលដែល​គ្រូបង្រៀន​កំពុង​ពន្យល់​មេរៀន​។​
 
​ការពន្យល់​របស់​សាស្ត្រាចារ្យ​នឹង​គ្មាន​ប្រយោជន៍​ទេ​ប្រសិនបើ​កូនសិស្ស​មិន​ស្តាប់​គ្រូ​ផង​នោះ​។​ការនិយាយ​ទូរ​សព្ទ​របស់​និស្សិត​នៅក្នុង​ថ្នាក់រៀន​មិន​ត្រឹមតែ​រំខាន​ការសិក្សា​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ទង្វើ​នេះ​រំខាន​ដល់​និស្សិត​អង្គុយ​ជិតខាង​បន្ថែមទៀត​។ ក្រៅពី​នៅក្នុង​ថ្នាក់ កូនសិស្ស​មួយចំនួន​រវល់​គិតតែ​ពី​សាសង​គ្នា​តាម​ទូរ​សព្ទ កាត់បន្ថយ​ស្វ័យ​សិក្សា កាត់បន្ថយ​ការ​សម្រាក​ពេលយប់​គ្រប់គ្រាន់​។ ទង្វើ​នេះ គឺជា​ការបំផ្លាញ​ការសិក្សា​ដោយសារតែ​ការប្រើប្រាស់​ទូរ​សព្ទ​ខុស​ទិសដៅ​។ 
 
 អ្នកបើកបរ​និយាយ​ទូរ​សព្ទ​គឺជា​ផ្នែក​មួយ​ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​។ នៅក្នុង​ប្រទេស​មួយចំនួន​អ្នកបើកបរ​ត្រូវបាន​គេ​ហាមឃាត់​មិនអោយ​និយាយ​ទូរ​សព្ទ​នៅជាប់​នឹង​ដៃ​ទេពី​ព្រោះ​ការធ្វើ​យ៉ាងនេះ​នាំអោយ​អ្នកបើកបរ​បាត់បង់​អារម្មណ៍​ក្នុងការ​បើកបរ​។​នៅក្នុង​ប្រទេស​កម្ពុជា ច្បាប់​ចរាចរណ៍​ថ្មី​បាន​ហាមឃាត់​អ្នកបើកបរ​រថយន្ត​មិន​ឲ្យ​និយាយ​ទូរ​សព្ទ​ទេ​។ ប៉ុន្តែ​ជាក់ស្តែង អ្នកបើកបរ​នៅតែ​ប្រព្រឹត្តិ​ដដែល​។ 
 
​អ្នកច្បាប់​ដែល​ទទួល​ទូរ​សព្ទ​ពេល​កំពុង​កាត់ក្តី​គឺជា​កាយវិការ​ខុសឆ្គង​ដែល​អាច​នាំអោយ​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គម​។ ពីព្រោះ ចៅក្រម ឬ​ព្រះរាជអាជ្ញា​អាច​បាត់​បង់ការ​ផ្ចង់អារម្មណ៍​ទៅលើ​សំណុំរឿង​ក្តីក្តាំ ប្រសិនបើ​ពួកគេ​និយាយ​ទូរ​សព្ទ​។ 
 
​ជំនួប​មិត្តភក្តិ​មិនសូវមាន​ភាពស្និទ្ធស្នាល​ប៉ុន្មាន​ទេ​នាពេល​ប​ច្ចុ​ប្ប​នេះ ពីព្រោះ ពេល​ជួបគ្នា​ម្តងៗ​មិត្តភក្តិ​ម្នាក់ៗ ដៃ​រវល់​តែ​ចុច​ទូរ​សព្ទ​រៀងៗ​ខ្លួន​។ ឪពុក​និង​កូន ម្តាយ​និង​កូន ប្តី និង​ប្រពន្ធ​លែង​សូវ​និយាយ​គ្នា ពីព្រោះ ម្នាក់ៗ​ដៃ​រវល់​ចុច​ទូរ​សព្ទ​រៀងខ្លួនៗ​។ 
 
​ក្រៅពី​ទង្វើ​ខាងលើនេះ គេ​សង្កេតឃើញថា​បុគ្គលិក​ក្រុមហ៊ុន​និង​អង្គការ​មួយចំនួន​គិតតែ​ពី​ទូរ​សព្ទ​រឿង​ផ្សេង​ដោយ​មិនសូវ​យកចិត្តទុកដាក់​លើ​ការងារ​របស់ខ្លួន​។​ទង្វើ​នេះ​មើលទៅ​មិន​ធ្ងន់ធ្ងរ​ទេ​ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ផលិតភាព​របស់​ក្រុមហ៊ុន​និង​អង្គការ​។​
 
​អ្នក​រិះគន់​បាន​អត្ថាធិប្បាយ​ថា​គេ​មិនអាច​បង្កើត​ច្បាប់​ហាមឃាត់​មិនអោយ​អ្នកប្រើប្រាស់​ទូរ​សព្ទ​ក្នុងពេល​បំពេញការងារ​បានទេ​។​ប៉ុន្តែ​ស្ថាប័ន​នីមួយៗ​គួរ​បង្កើត​ក្រមសីលធម៌​ឬ​បទបញ្ជាផ្ទៃក្នុង​សម្រាប់​ស្ថាប័ន​របស់ខ្លួន​។​ការធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​៕
 

Tag:
 Smart Phone
© រក្សាសិទ្ធិដោយ thmeythmey.com