ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ទស្សនវិជ្ជា​ឆ័​យ្យ៉ា​ចូល​បម្រើ​ទ័ព ព្រោះ​ចង់​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​
24, Jan 2016 , 3:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ទស្សនវិជ្ជា​នៅ​ឆ្នាំ​២០១៥ លោក វ៉ាន់ ចាន់​ឆ័​យ្យ៉ា បានសម្រេច បំណង​របស់ខ្លួន ដោយបាន​ប្រឡង​ជាប់​ជា​នាយទាហាន​ជើងគោក​។ ដោយសារ ឪពុក​របស់លោក​ជា​អតីត​ទាហាន​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក ឆ័​យ្យ៉ា បាន​បន្ត​ឆន្ទៈ​របស់ ឪពុក ដោយ​និស្សិត​រូបនេះ បាន​ប្រឡង​ចូល​ធ្វើជា​ទាហាន ដើម្បី​កសាង​សមត្ថភាព​នៅក្នុង​ជួរ​កងទ័ព និង​ឈានទៅ​សម្រេច​បំណង​របស់ខ្លួន ដែល​ចង់​ក្លាយជា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​


 
​ខុសពី​និស្សិត​ជាច្រើន បន្ទាប់ពី​បញ្ចប់​បរិញ្ញាបត្រ ពួកគេ​ស្វែងរក​ការងារ​ដែល​ងាយស្រួល មាន​សុវត្ថិភាព និង​អង្គុយ​នៅក្នុង​ការិយាល័យ​ដែលមាន​ម៉ាស៊ីនត្រជាក់​នោះ យុវជន វាន់ ចាន់​ឆ័​យ្យ៉ា មិន​គិតបែបនេះ​ឡើយ​។ ជា​យុវជន​ស្វាហាប់ ចូលចិត្ត​ហាត់​ក្បាច់គុណ និង​រៀន​ពី​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​នោះ​។ លោក​ចង់​ធ្វើការ​ងារ​ណា ដែល​មនុស្ស​ដទៃ​មិន​ចង់​ធ្វើ​។ លោក ថា ប្រសិនបើ យុវជន​គ្រប់គ្នា មិន​នាំគ្នា​ទៅធ្វើជា​ទាហាន​នៅពេល​មាន​សង្គ្រាម ប្រទេសជាតិ នឹង​ជួប​គ្រោះថ្នាក់​។ ទើបតែ​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ទស្សនវិជ្ជា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​២០១៥ ឆ័​យ្យ៉ា បាន​ប្រឡង​ចូល​ធ្វើជា​នាយទាហាន​ជើងគោគ ហើយ​បាន​ជាប់​ដូច​បំណងប្រាថ្នា​មែន​។ វ័យ​២៤ ឆ្នាំ កំលោះ​វ័យក្មេង​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​នៅពេល​ប្រទេស​មាន​អសន្តិសុខ និង​មាន​គេ​ឈ្លានពាន គឺ​ត្រូវការ​ទាហាន​ជា​ចាំបាច់ ដូច្នេះ​ក្នុងនាម​ជា​កូន​ខ្មែរ​ម្នាក់​ខ្ញុំ​ស្រលាញ់​និង​ចង់​ការពារ​ទឹកដី​របស់ខ្ញុំ ខ្ញុំ​មិន​ព្រងើយកន្តើយ​ចំពោះ​ការងារ​នេះឡើយ​»​។​
 
​នៅពេលដែល​សួរថា ហេតុអ្វី​លោក​ជា​និស្សិត​ទស្សនវិជ្ជា​សោះ បែរជា​លោក​ចង់​ធ្វើជា​ទាហាន លោក​មិន​ខ្លាច​បោះបង់​ចំណេះ ដែល​ខំរៀន​កន្លងមក​ទាំងស្រុង​ទៅហើយ​ទេ​? លោក​ឆ័​យ្យ៉ា មិន​គិត​យ៉ាង​ដូច្នេះ​នោះទេ​។ ផ្ទុយទៅវិញ លោក​នឹង​ប្រើ​ចំណេះដឹង​ផ្នែក​ទស្សនវិជ្ជា ដើម្បី​ទៅ​អភិវឌ្ឍន៍​វិស័យ​យោធា​របស់​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ជាង​នេះ​។ កំពុងកាន់​សៀវភៅ​មាន​ចំណងជើង​ថា​«​សិល្បៈ​ធ្វើសង្គ្រាម​» ដែល​និពន្ធ​ដោយ​ជនជាតិ​ចិន លោក ស៊ុន ស៊ឺ​និស្សិត​មាឌ​ដំបង​រូបនេះ បាន​ពន្យល់​បន្ថែមថា​៖ «​ធ្វើជា​ទាហាន​មិនមែន​ចេះតែ​កាន់​កាំភ្លើង​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ប្រើ​គំនិត ដូច្នេះ ខ្ញុំ​នឹង​យក​អ្វីដែល​ខ្ញុំ​បាន​រៀន​ដូចជា មុខវិជ្ជា​សិល្បៈ​នៃ​ការធ្វើ​សង្គ្រាម និង​តម្លៃ​របស់​ទស្សនវិជ្ជា​ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ការពារជាតិ​»​។​
 
​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ឆ័​យ្យ៉ា បានទទួល​អាហារ​រូបករណ៍​ផ្នែក​ជំនាញ​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​៤​ឆ្នាំ​។ លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​ស្រុកកំណើត​តាំងពី​ឆ្នាំ​២០១១ ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​។ បន្ទាប់ពី​បញ្ចប់​បរិញ្ញាបត្រ មិត្ត​រួម​ថ្នាក់​ដទៃទៀត ខ្លះ​ធ្វើជា​គ្រូបង្រៀន ខ្លះ​ធ្វើជា​អ្នកសារព័ត៌មាន ឯ​ខ្លះទៀត ធ្វើជា​មន្ត្រី​តាម​ក្រសួង​នានា​។ ដោយឡែក លោក វ៉ាន់ ចាន់​ឆ័​យ្យ៉ា ចង់​ធ្វើជា​ទាហានជើងគោក ដែលជា​ការងារ​ដ៏​គ្រោះថ្នាក់​ទៅវិញ​។ និយាយ​រដឺន​តិចតួច​ដែរនោះ លោក​បាន​ប្រាប់​ពី​មូល​ហេតុដែល​លោក​សម្រេចចិត្ត​ចូលធ្វើ​ជា​ទាហាន​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ការជំរុញ​ពី​ម្តាយ​របស់ខ្ញុំ​ណាមួយ គ្រួសារ​របស់ខ្ញុំ​សុទ្ធសឹង​អ្នកបម្រើ​ការងារ​នៅក្នុង​វិស័យ​ការពារជាតិ ដូចជា ឪពុក​ខ្ញុំ ជា​អតីត​ទាហាន​សម័យ​សាធារណរដ្ឋ​ខ្មែរ ឯ​បងស្រី​ទី​៤ ជា​នគរបាល​ប្រចាំខេត្ត​ស្ទឹងត្រែង និង​បងប្រុស​ទី​១ គឺជា​ទាហាន​ខាង​វិស្វកម្ម​នៅ​ខេត្តស្ទឹងត្រែង​»​។​

 


​សក់រួញអង្គាដី យុវជន​ភូមិភាគ​ឦសាន​រូបនេះ បាន​ពន្យល់​បញ្ជាក់ថា​៖ «​ធ្វើជា​ទាហាន មិនមែនជា​ជម្រើស​ចុងក្រោយ​របស់ខ្ញុំ​នោះទេ ប៉ុន្តែ ពេល​ខ្ញុំ​រៀន​ចប់​មហាវិទ្យាល័យ ទើប​ខ្ញុំ​យល់ច្បាស់​ថា ការគ្រប់គ្រង​ប្រទេសមួយ​ដែល​ល្អ គឺ​ត្រូវការ​យោធា​រ៉ឹង​មាំ ព្រោះ​ពេល​ប្រទេស​យើង​ខ្សោយ ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ឈ្លានពាន និង​មើលងាយ​យើង​»​។​
 
​ជា​មន្ត្រី​អង្គការ​ម្លប់​បៃតង​នៅ​ខេត្ត​កំណើត​របស់ខ្លួន ដែលមាន​ប្រាក់បៀវត្ស​ជាង​៣០០​ដុល្លា​អា​មេ​រិច​។ ឆ័​យ្យ៉ា បាន​បោះបង់​ការងារ​នោះ​ចោល ដើម្បី​ចូល​បម្រើ​ការងារ​ទាហាន បើទោះបី​លោក ដឹងថា ទាហាន មាន​ប្រាក់ខែ​តិចតួច​ក៏ដោយ​។ ពាក់​ស្បែក​ប៊ូ ពាក់អាវ​ស​ឆ្នូត ស្លៀកខោ​ខ្មៅ ទាហាន​ទើប​ប្រឡង​ជាប់​រូបនេះ បាន​បរិ​យា​ថា​៖ «​ខ្ញុំបោះបង់​ចោលការ​ងារ​នេះ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​អាចមាន​ឱកាស​បញ្ចេញ​សមត្ថភាព​របស់ខ្ញុំ ខ្ញុំ​ចង់​ធ្វើជា​អ្នករៀបចំ​យុទ្ធសាស្ត្រ និង​ពង្រឹង​ចិត្តសាស្ត្រ​ទាហាន ទោះបី​ដំបូង​ខ្ញុំ​មិនទាន់បាន​ទៅដល់​តំណែង​នោះ​ក៏ដោយ តែ​ខ្ញុំ​ត្រូវ​រៀបចំខ្លួន​ជា​ដំណាក់ៗ ដើម្បី​សម្រេច​គោលដៅ​របស់ខ្ញុំ​»​។ 
 
​នៅ​ស្ទាក់ស្ទើរ​ទំនងជា​មិន​ចង់បង្ហាញ​ពី​គោលដៅ​ពិតប្រាកដ​សម្រាប់​ជីវិត​របស់ខ្លួន តែ​នៅពេល​សួរ​ម្តង​ជា​ពីរដង ឆ័​យ្យ៉ា ក៏បាន​និយាយថា គោលបំណង​ពិត​របស់លោក គឺ​លោក​ចង់​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​កម្ពុជា​។ ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន​៧​នាក់ ឆ័​យ្យ៉ា​បញ្ជាក់​បន្តថា​៖ «​ខ្ញុំ​ចង់​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ  ដូច្នេះ ខ្ញុំ​ធ្វើ​កិច្ចការ​បី គឺ​ពង្រឹង​ខ្លួន​ជាម​នុស្ស​ស្អាតស្អំ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់ និង​ចាប់​ឱកាស​ដើម្បី​បញ្ចេញ​សមត្ថភាព​»​។​
 
​អង្គុយ​ក្រោម​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និស្សិត​មកពី​តំបន់​ជនបទ​ដាច់ស្រយាល​រូបនេះ បាន​សំណូមពរ​ដល់​យុវជន​ខ្មែរ​ទាំងអស់ កុំ​ឲ្យ​មើលរំលង​ការងារ​ទាហាន​។ លោក​ពន្យល់ថា​៖«​ប្រទេសមួយ​ត្រូវការ​កងទ័ព​ខ្លាំង ដូច្នេះ យុវជន​ខ្មែរ មិនគួរ​មើលរំលង​ការងារ​នេះឡើយ ពីព្រោះ​បើ​ទាំងអស់គ្នា មិន​ធ្វើជា​ទាហាន​គ្រប់ៗ​គ្នា ពេលនោះ កងទ័ព​យើង​នឹងមាន​ចំនួន​តិច ហើយ​កម្លាំង​ការពារជាតិ​នឹង​ចុះខ្សោយ ដែល​ធ្វើ​ឲ្យ​ប្រទេស​គេ​មើលងាយ​ឈ្លានពាន​យើង​»៕
 
 




Tag:
 វ៉ាន់ ចាន់​ឆ័​យ្យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com