អន្តរជាតិ
វីរុស Zika ដែល​គ្មាន​ថ្នាំ​ព្យាបាល​កំពុង​រាតត្បាត​នៅ​តំបន់​អាស៊ី​
25, Jan 2016 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១០ វីរុស Zika ត្រូវបាន​រកឃើញ​នៅ​កម្ពុជា និង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ រកឃើញ​នៅក្នុង​ប្រទេស​ថៃ​តែ​ត្រូវបានធ្វើ​ការទប់ស្កាត់​ទាន់ពេល​បាន​មួយចំនួន​។ ចំណែក​ខែមករា ឆ្នាំ​២០១៦ ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​តៃវ៉ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​។

 
​ជំងឺ​ដែល​បង្ករ​ដោយ​វីរុស Zika នេះ​មាន​រោគសញ្ញា ដូចជា គ្រុនក្ដៅ​ស្រាល ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក ឈឺសន្លាក់ ហើយ​ភាគច្រើន​ជា​វិញ​ពី​២​ទៅ​៧​ថ្ងៃ​។ សម្រាប់​អត្រា​ស្លាប់​ដែល​បណ្ដាល​ដោយ​ជំងឺ​នេះ​មាន​កម្រិត​តិចតួច ប៉ុន្តែ​វីរុស​នេះ​អាច​វិវត្តន៍​ទៅជា​ទន់​ដៃជើង ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ និង​ក្បាល​ទារក​តូច​ជាដើម​។ វីរុស​នេះ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ការពារ​នៅឡើយ​នោះទេ​។ ចំណែក​ការព្យាបាល គឺត្រូវធ្វើ​តាម​ការគាំទ្រ​វេជ្ជសាស្ត្រ​។ ដើម្បី​បង្ការ​ជំងឺ​នេះ គឺ​ត្រូវ​បំផ្លាញ​ជំរក​មូល និង​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​។​
 
​ទោះជា​យ៉ាងណា​សម្រាប់​ប្រទេស​កម្ពុជា​ជំងឺ​នេះ នៅមាន​អត្រា​គ្រោះថ្នាក់​នៅ​ទាប​នៅឡើយ តែ​វិធាន​ការបង្ការ​ត្រូវតែ ពង្រឹង​ជាប់​ជានិច្ច​។ នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បន្តរ​ពង្រឹង​ប្រ​ព័​ន្ទ​តាមដាន​ជំងឺ តាមរយៈ​ការធ្វើ​តេ​ស្ហ​អ្នកជំងឺ និង​ពលរដ្ឋ​ដែល​ត្រលប់​មកពី អាហ្វ្រិក និង អាមេរិក​។ សម្រាប់​ពលរដ្ឋ​ដែល​សង្ស័យថា​មាន​ជំងឺ​នេះ ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ប្រាប់​គ្រូពេទ្យ​អំពី ប្រ​វត្ត​ន៍​នៃ​ការធ្វើដំណើរ​របស់ខ្លួន​។​
 
​គួ​បញ្ជាក់ថា វីរុស នេះ​រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីបអាហ្វ្រិក​។ វីរុស​Zika រាតត្បាត​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ហើយ​ធ្លាប់បាន​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​៕
 

Tag:
 Zika
© រក្សាសិទ្ធិដោយ thmeythmey.com