អន្តរជាតិ
លោក ហូ​ឡង់ ត្រៀម​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ឥណ្ឌា​
25, Jan 2016 , 12:16 pm        
រូបភាព
​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អញ្ជើញ​ទៅដល់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង គោល បំណង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ គេ​រំពឹងថា លោក​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​កិច្ចការ​ការពារជាតិ​ដូច​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ពី​បារាំង​ផង​។ ហើយ​បញ្ហា​ភេរវកម្ម​ក្លាយ​ប្រធានបទ​សំខាន់​ក្នុង​កិច្ចពិភាក្សា​រវាង​លោក​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


សូមស្ដាប់ព័ត៌មានលម្អិត៖


 
​ប្រមុខរដ្ឋ​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​មកកាន់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃអាទិត្យ ទី ២៤ មករា នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​ទាំងពីរ​។​
 
​នៅ​ថ្ងៃអាទិត្យ​នេះ​លោក ហូ​ឡង់ អមដំណើរ​ដោយ​អ្នកជំនួញ​បារាំង​ធំ​ជាច្រើន​នាក់​ផង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី នៅ​ទីក្រុង Chandigarh ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី​ដែ​លី​។  ទីក្រុង​នេះ​ត្រូវបាន​សាងសង់​តាម​ប្លង់​គូសឡើង​ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​បារាំង​លោក Le Corbusier កាលពី​ជាង ៦០​ឆ្នាំមុន​។ 
 
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ គេ​សង្កេតឃើញ​មានការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​នៅក្នុង​ទីក្រុង​នេះ ហើយ និង​តំបន់​ដែល​ប្រធានាធិបតី​បារាំង​ឆ្លងកាត់​និង​ទស្សនកិច្ច​ផង​។ ប៉ូលិស​ប្រដាប់​ដោយ​អាវុធ និង​កម្លាំង​ទាហាន​រាប់រយ​នាក់​យាមកាម​នៅតាម​ផ្លូវ​និង​ទីកន្លែង​សំខាន់​មួយចំនួនទៀត​។ 
 
​បន្ទាប់ពី​ចាកចេញ​ទីក្រុង Chandigarh លោក ហូ​ឡង់ នឹង​បន្ត​មកកាន់​រដ្ឋធានី ដែ​លី វិញ​ដើម្បី​ពិភាក្សា​ជាមួយ​លោក ម៉ូ​ឌី លើ​បញ្ហាសំខាន់ៗ​ជាពិសេស​កិច្ច​សហ​ប្រតិការ​ពាណិជ្ជកម្ម សន្តិសុខ ថាមពល និង​ការប្រឆាំង​ភេរវកម្ម​ជាដើម​។​
 
​ប្រធានាធិបតី​បារាំង នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាក់​ទិញ​វិស័យ​ការពារជាតិ ជាពិសេស​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ឥណ្ឌា​ផង​។ ឥណ្ឌា​កន្លង​ទៅបាន​សុំ​ទិញ​យន្តហោះ​ចម្បាំង Rafales​ចំនួន ៣៦ គ្រឿង​ដើម្បី​ពង្រឹងកម្លាំង​យោធា​ជើង​អាកាស​របស់ខ្លួន ទប់ទល់​ប្រទេសជិតខាង​មាន​ប៉ា​គី​ស្ថាន​និង​ចិន​ផង​។ ប៉ុន្តែ​ភាគី​ឥណ្ឌា និង​បារាំង​នៅ​បន្ត​ចរចា​មិនចេះ​ត្រូវរ៉ូវ​គ្នា ហើយ រហូតមកដល់​មានដំណើរ​ទស្សនកិច្ចរ​ប​ស់លោក ហូ​ឡង់​ពេលនេះ ក៏​មិនទាន់មាន​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​លេចចេញ​ជា​រួប​រាង​ដែរ​។ យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​រំពឹង​យ៉ាង​មុតមាំ​ថា កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ង​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ទស្សនកិច្ច​នេះ​។​
 
​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​លោក ហូ​ឡង់ ប្រហែលជា​នឹង​លើកយក​បញ្ហា​ភេរវកម្ម មក​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា ព្រោះ​ប្រទេស​ទាំងពីរ​សុទ្ធតែ​រងគ្រោះ​ដោយសារ​បញ្ហា​នេះ​ដូចគ្នា​។ កាលពី​ឆ្នាំ ២០០៨ ក្រុម​ភេរវជន​វាយប្រហារ​នៅ​ទីក្រុង ម៉ុម​ប៉ៃ សម្លាប់​មនុស្ស​អស់​១៦៦​នាក់​ហើយ​មកដល់​ចុងឆ្នាំ ២០១៥ ក្រុង​ប៉ា​រី ក៏​រង​ការវាយប្រហារ​ដូចគ្នា​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់​ផង​។  
 
​ចំណែក​បញ្ហា​ថាមពល បារាំង​និង​ឥណ្ឌា​នឹង​ត្រៀម​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន ៦ ដែល​ក្រុមហ៊ុន​បារាំង​ទទួល​សាងសង់​នៅ​ភាគ​ខាងលិច​រដ្ឋ​Maharashtra​។​
 
​អ្វីដែល​ពិសេស លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នឹង​ក្លាយជា​ភ្ងៀ​វ​ពិសេស​ដែល​ចូលរួម​ក្នុង​ថ្ងៃបុណ្យ​ប្រកាស​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​ដែលមាន​ការដើរ​ក្បួនព្យុហយាត្រា​របស់​កងទ័ព​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​ខាងមុខ​នេះដែរ​។ លោក ហូ​ឡង់ ក្លាយជា​ប្រមុខរដ្ឋ​បរទេស​ទី​ពីរ បន្ទាប់ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ត្រូវបាន​ឥណ្ឌា​អញ្ជើញ​ឲ្យ​ធ្វើជា​ភ្ងៀ​វ​ពិសេស​ក្នុង​បុណ្យជាតិ​ឥណ្ឌា​នេះ​៕

 

Tag:
 ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com