អន្តរជាតិ
អ្វី​សំខាន់​គួរ​យល់ដឹង​ពី​ដំណើរ​ទស្សនកិច្ច​លោក​ស៊ី ជិន​ពីង​ទៅ​អ៊ីរ៉ង់​?
26, Jan 2016 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
​អ៊ីរ៉ង់​និង​ចិន​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ចំនួន​១៧ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិន​ពីង​ទៅ កាន់ ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​សៅរ៍​ទី ២៣ មករា​ម្សិលមិញ​។ ភាគី​ទាំងពីរ​ប្តេជ្ញា​ថា​នឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ឧស្សាហកម្ម និង​ថាមពល​ផង ហើយ​គេ​ក៏​រំពឹងថា ភាគី​អាច​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​បាន​ក្រោម​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» របស់​ចិន​ផង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។



​មុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា លោក ស៊ី ជិន​ពីង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី សំខាន់ៗ ចំនួន ១៧​ជាមួយ​មេដឹកនាំ​ប្រទេស​មហាអំណាច​ប្រេង​ដែល​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​«​អ៊ីរ៉ង់​»​។ កិច្ចព្រមព្រៀង​ដែល​ត្រូវ​ចុះហត្ថលេខា​នេះ ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច ថាមពលនុយក្លេអ៊ែរ ឧស្សាហកម្ម សន្តិសុខ និង​នយោបាយ​ផងដែរ​។​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ជិន​ពីង​នៅ​អ៊ីរ៉ង់ ក្លាយជា​ដំណើរ​ទស្សនកិច្ច​សំខាន់​និង​ដំបូង​បំផុត​ក្នុង​រយៈពេល ១៤​ឆ្នាំ​មកនេះ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​សហគមន៍​អន្តរជាតិ​សម្រេច​ដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​។

​លោក ស៊ី​ជិន​ពីង បាន​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក  ហាសាន រូ​ហា​នី និង​បន្ត​ជួប​សម្តែង​ការគួរសម​ជាមួយ​មេដឹកនាំ​កំពូល​សាសនា Ayatollah Ali Khamenei​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ផងដែរ​។ មេដឹកនាំ​សាសនា​អ៊ីរ៉ង់ បានលើកឡើង​កោតសរសើរ​ពី​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​ដែលមាន​ជាមួយ​អ៊ីរ៉ង់​ក្នុងពេលដែល​អ៊ីរ៉ង់​ស្ថិតក្រោម​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​នោះ​។

​ចំណែក​ក្នុង​កិច្ចពិភាក្សា​គ្នា​លក្ខណៈ​ទេ្វ​ភាគី​រវាង​ប្រធានាធិបតី​ប្រទេស​ទាំងពីរ​លោក ហាសាន រូ​ហា​នី បាន​ប្រាប់​សម​ភាគី​ចិន​ថា លោក​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អ៊ីរ៉ង់​នឹង​កើនឡើង​ដោយ ៦០០​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។ ហើយ​លោក​ក៏បាន​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ចិន​មក​អ៊ីរ៉ង់ និង​កិច្ចព្រមព្រៀង​ដែល​ចិន​និង​អ៊ីរ៉ង់​ចុះ​រួមគ្នា បញ្ជាក់​ច្បាស់​ណាស់​ហើយ​ថា ទំនាក់ទំនង​អ៊ីរ៉ង់​ចិន​ដើរ​ដល់​ជំហាន​ពិសេស​ថ្មី​មួយ​។

 អ៊ីរ៉ង់​បង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» និង​«​ផ្លូវ​សូត្រ​សតវត្ស​ទី ២១»​    ​ដែល​ផ្តោតលើ​ការបង្កើន​ការផ្សាភ្ជាប់ ផ្នែក​ពាណិជ្ជកម្ម វប្បធម៌ ជាដើម​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាដើម​ដូចជា​ផ្លូវ​សូត្រ​សម័យបុរាណ​ដែល​ចិន​ធ្លាប់​រកស៊ី​ជាមួយ​ប្រទេស​នានា​។ ហើយ​ក្រោម​គម្រោង​សេដ្ឋកិច្ច​របស់​ចិន​នេះ អ៊ីរ៉ង់​និង​ចិន​ក៏​រំពឹង​យ៉ាង​មុតមាំ​ពី​ការកសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។

​ចិន​ពឹងផ្អែក​ខ្លាំង​ការនាំ​ចូល​ប្រេង​ពី​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​ហើយ​ចិន​ជា​អតិថិជន​ប្រេង​ធំ​បំផុត​របស់​អ៊ីរ៉ង់​ផង​។ ដែល​នេះ​មានន័យថា ចិន​មិនអាច​មិន​រវីរវល់​ពី​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ទី​នោះឡើយ​។ ហើយ​ចិន​កំពុងតែ​ប្រឹង​កសាង​ឥទ្ធិពល​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា​ផង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​ខ្សត់ខ្សោយ​អំណាច​ដោះស្រាយ​បញ្ហា​តំបន់​នេះ​មិន​ចេញ​។ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​លើកដំបូង​នេះ លោក ស៊ី ជិន​ពីង ក៏បាន​ត្រៀមខ្លួន​ជួយ​ធ្វើជា​សន្ធាន​ការី​ដោះស្រាយ​បញ្ហា​វិបត្តិ​ការទូត​រវាង​មហាអំណាច​ប្រេង អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីរ៉ង់​ផងដែរ​។​

​ក្នុងជំនួប​ខាងលើ​ដែរ​លោក ស៊ី ជិន​ពីង បាន​កោតសរសើរ​អ៊ីរ៉ង់​ដែល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន និង​រក្សា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​លោក​គាំទ្រ​ការពង្រីក​តួនាទី​របស់​អ៊ីរ៉ង់ ក្នុងពេល​អនាគត​។ ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ប្រធានាធិបតី​ចិន​នេះ បាន​អះអាងថា​ប្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់​ថា សេដ្ឋកិច្ច​ចិន និង​សេដ្ឋកិច្ច​អ៊ីរ៉ង់​បំពេញ​គ្នា​ទៅវិញទៅមក ខ្វះ​គ្នា​មិនបាន​។

​អ្វីដែល​សំខាន់ លោក ស៊ី ជិន​ពីង បានបង្ហាញ​ការគាំទ្រ​របស់​មហា​យក្ស​ចិន ចំពោះ​ការ​ក្លាយជា​សមាជិក​ពេញ​សិទ្ធ​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​របស់​អ៊ីរ៉ង់​ផងដែរ​។ បច្ចុប្បន្ននេះ​អ៊ីរ៉ង់​ក្លាយជា​សមាជិក​អង្កេត​ការណ៍​របស់​ស្ថាប័ន​ថ្នាក់​តំបន់​ដែល​ផ្តោតលើ​វិស័យ​សន្តិសុខ​និង​សេដ្ឋកិច្ច​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ស៊ី ជិន​ពីង ចាប់ផ្តើម​ដំណើរ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​របស់លោក​ជា​ផ្លូវការ​លើកដំបូង​នៅ​មជ្ឈិមបូព៌ា​នៅ​ដើម​សប្តាហ៍​នេះ ដោយ​លោក​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​ចុងក្រោយ​មកកាន់​ប្រទេស​អ៊ីរ៉ង់​៕


Tag:
 ​ស៊ី ជិន​ពីង​
  ​អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com