ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ សុទ្ធតែ​អះអាង​ពី​បេសកកម្ម​របស់ខ្លួន​ដើម្បី​ហ្វ៊ុនស៊ិនប៉ិច​
26, Jan 2016 , 10:49 am        
រូបភាព
ដោយ: រួបរួម
 ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២ សុទ្ធតែ​បាន​អះអាង​ពី​បេសកកម្ម​រៀងៗ​ខ្លួន​ក្នុងការ​បង្រួបបង្រួម​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បើទោះបីជា​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា មេដឹកនាំ​ទាំងពីរ​ហាក់ដូចជា​ស្ថិតក្នុង​ផ្លូវ​ផ្សេងគ្នា​ក៏ដោយ​។​

 
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តាមរយៈ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​២៥ ខែមករា បាន​អះអាងថា ព្រះអង្គ​គ្មាន​បំណង​ដេញ​សមាជិក​ណា​ចេញពី​បក្ស​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បំបះបំបោរ​អូសទាញ​កម្លាំង​រាជានិយម ព្រះអង្គ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​អញ្ជើញ​ឲ្យ​ចេញ​នោះទេ​។​
 
​បន្ថែម​ពីលើ​នេះ ព្រះអង្គ​បានបញ្ជាក់​ថា ព្រះ​ក៏​គ្មាន​បំណង​បំណង​ឲ្យ​សមាជិក​ណា​ម្នាក់​ទៅ​លូកដៃ​លូក​ជើង​ក្នុង​ក្រុមការងារ​បោះឆ្នោត​នៅតាម​ខេត្ត​ផ្សេងៗ​នោះដែរ ដោយ​ព្រះអង្គ​អំពាវនាវ​ឲ្យ​មានការ​តាំងចិត្ត​សាមគ្គី​សហការគ្នា​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ​។​
 
​នៅ​ថ្ងៃ​ដដែល តាមរយៈ​លិខិត​មួយ​ដែល​ទំនងជា​ឆ្លើយតប​ទៅនឹង​ប្រធាន​របស់ខ្លួន លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាងថា លោក​គ្មាន​បំណង​លូកដៃ​លូក​ជើង​ក្នុង​ក្រុមការងារ​បោះឆ្នោត​ខេត្ត ឬក៏​រចនាសម្ព័ន្ធ​គណបក្ស​នោះទេ​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចុះទៅ​តាម​បណ្តា​ចេ​ត្ត​នានា ជួបតែ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​ដែល​ត្រូវបាន​គេ​ដកដំណែង និង​តួនាទី​ប៉ុណ្ណោះ ដើម្បី​សួរសុខទុក្ខ និង​ជម្រាប​ពី​លទ្ធផល​នៃ​ការបង្រួបបង្រួម​គ្នា​របស់​គណបក្ស​រយៈពេល​១​ឆ្នាំនេះ​»​។​
 
​លោក ញឹក ប៊ុនឆៃ បាន​បំភ្លឺ​ផងដែរ​ថា លោក​ជួបតែ​អតីត​ថ្នាក់ដឹកនាំ​ណា ដែល​បាន​ស្នើសុំ​ជួប​លោក​ប៉ុណ្ណោះ ហើយ​ខេត្ត​ណា​ដែល​គ្មាន​បញ្ហា លោក​មិនបាន​ចុះទៅ​ឡើយ​៕

Tag:
 ហ្វ៊ុនស៊ិនប៉ិច​
  នរោត្តម រណឫទ្ធិ​
  ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com