អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ចែចូវ​អតីត​សមរភូមិ​ក្តៅ​ឡាវ មុន​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​
26, Jan 2016 , 10:58 am        
រូបភាព
ដោយ:
 
​ដូច​ទៅនឹង​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក លោក ច​ន ឃេ​រី (Jonh Kerry) បាន​ទៅដល់​ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​កាលពី​ថ្ងៃអាទិត្យ​ និង​ជួបពិភាក្សា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល ឡាវ និង​មន្ត្រីជាន់ខ្ពស់ នៅ​ថ្ងៃទី​២៥ ខែមករា​នេះ​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ដើម្បី​រឹតចំណង​ការទូត​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ រួមជាមួយ​នឹង​បញ្ហា​ប្រវត្តិសាស្ត្រ​ផងដែរ​។ ជាពិសេស​នោះ វត្តមាន​លោក​ឃេ​រី​ទៅកាន់​ទឹកដី​ឡាវ​ជា​លើកដំបូង​នេះ ក៏​ជាការ​ចាប់ដៃ​ឡាវ មុនពេល​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ស្របពេល​ដែល​ឡាវ ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ផងដែរ​នោះ​។



​នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែមករា នេះ ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃេ​រី ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ខ្លួន ជា​លើកដំបូង​ក្នុង​ទឹកដី​ឡាវ ដែលជា​ធា្ល​ប់​ជា​សមរភូមិ​ក្តៅ​ក្នុងអំឡុង​សង្គ្រាម​ឥណ្ឌូចិន​ដែល​អាមេរិក បាន​ទម្លាក់​គ្រាប់​បែប​រាប់ពាន់​គ្រាប់​នៅ​ទីនោះ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៥ ខែមករា​កន្លងទៅ​ជំនួប​របស់ លោក ឃេ​រី ជាមួយ លោកនាយក​រដ្ឋមន្ត្រី ថុង​សិង ថា​ម​ម៉ា​វង់ (Thongsing Thammavong)  និង​សម​ភាគី​របស់លោក គឺ​រដ្ឋមន្ត្រីការបរទេស​ឡាវ លោក ថុង​ឡួ​ន ស៊ី​ស៊ូ​លិ​ត (Thongloun Sisoulith) ផ្តោត​សំខាន់​លើ​កិច្ចប្រជុំ​កំពូល​អាមេរិក និង​អាស៊ាន នៅ​រដ្ឋ California និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ឡាវ​នឹងត្រូវ​ធ្វើជា​ប្រធាន​នៅ​ឆ្នាំ​២០១៦​។ 
 
​ឆ្នាំ​២០១៦​នេះ ឡាវ ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​២​របស់ខ្លួន ក្រោយ​ចូល​ជា​សមាជិក​តាំងពី​ឆ្នាំ​១៩៩៧​។ ជា​ប្រធាន​អាស៊ាន ឡាវ​ត្រូវ​ទទួលបន្ទុក​ក្នុងការ​សម្របសម្រួល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ដែល​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​។ ហើយ​វត្តមាន​របស់លោក ច​ន ឃេ​រី​ទៅកាន់​ទឹកដី​ឡាវ ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ ពោលគឺ​នេះ គឺជា​ដំណើរ​នៃ​ការសម្រួល​ផ្លូវ​សម្រាប់​កិច្ចប្រជុំ​របស់ខ្លួន​ជាមួយនឹង​ប្រធាន​អាស៊ាន ដែលមាន​និន្នាការ​ខ្លាំង​ទៅរក​មហាអំណាច​ក្នុង​តំបន់​ចិន​។ មួយវិញទៀត នោះ វា​ក៏​ជាការ​ផ្សាភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើងវិញ​រវាង​អាមេរិក​ដែល​បាន​បន្សល់​កេរដំណែល​សង្គ្រាម​ជាច្រើន​នៅក្នុង​ទឹកដី​។ 
 
១.​ប្រវត្តិ​ទំនាក់ទំនង​ការទូត​អាមេរិក​និង​ឡាវ 
​តាមពិត​អាមេរិក បានចាប់ផ្តើម​ចង​ភា្ជ​ប់​ចំណង​ការទូត​ជាមួយនឹង​ឡាវ​តាំងពី​ឆ្នាំ​១៩៥៥​មកម្ល៉េះ ពោលគឺ​បន្ទាប់ពី​ឡាវ បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៤​ពី​ម្ចាស់​អាណានិគម​បារាំង​។ តែ​ចាប់ពី​ឆ្នាំ​១៩៦៤​ឡាវ បាន​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល និង​សង្គ្រាម​ឥណ្ឌូចិន ដែល​ក្នុងនោះ ឡាវ ក៏បាន​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការទម្លាក់​គ្រាប់បែក​ដោយ​សហរដ្ឋអាមេរិក​។ របាយការណ៍ Legacies of War ក្នុងអំឡុង សង្គ្រាម​ឆ្នាំ​១៩៦៤ ទៅ ឆ្នាំ​១៩៧៣ ដែល​គេ​ស្គាល់​ថា​ជា​សង្គ្រាម​សម្ងាត់​( Secret War) យន្តហោះ សង្គ្រាម​អាមេរិក បាន​ទម្លាប់​គ្រាប់បែក​ជាង​ពីរលាន​តោន ទៅលើ​ដី​ឡាវ​ដែល​ជាប់​នឺង​ព្រំដែន​វៀត ណា​ម​ភាគ​ខាងជើង​។ ប្រជាជន​ជាច្រើន បាន​ស្លាប់ និង​ផ្ទៃដី​រាប់​ហិកតា​ត្រូវបាន​គ្រប់​ដណ្តប់​ទៅដោយ​គ្រាប់បែក​មិនទាន់​ផ្ទុះ ដែល​បង្ក​ឲ្យ​មាន​ភាពលំបាក​ដល់​ប្រជាជន​ឡាវ បច្ចុប្បន្ន​ក្នុងការ​បង្កបង្កើនផល ក៏ដូចជា​សាងសង់​សំណង់​ផ្សេងៗ​។ 
 
​ក្រោម​បដិវត្តន៍​ផ្តួលរំលំ​របប​ស្តេច​នៅ​ឆ្នាំ​១៩៧៥ ឡាវ បាន​ប្រកាន់យករ​បបក​ម្មុយ​នី​ស ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ឡាវ កាន់តែ​ឃា្ល​ត​ឆ្ងាយ​។ តែ​នៅ​ឆ្នាំ​១៩៩២ អាម​រិ​ក និង​ឡាវ បាន​កសាង​ចំណង​ការទូត​ទ្វេភាគី​ឡើងវិញ​។ ខុសពី​វៀតណាម ដែល​ទទួលរង​នូវ​គ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់​ដោយ​អាមេរិក រដ្ឋ​ដែល​គ្មាន​ដែនសមុទ្រ​មួយ​សោះ ឡាវ ពិបាក​នឹង​ចង​សម្ព​ន្ធ័​ជាមួយគ្នា ដ្បិត​កត្តា​ប្រវត្តិសាស្ត្រ និង​របប​នយោបាយ​។ 
 
២. វត្តមាន​លោក​ឃេ​រី ដើម្បី​សម្រួល​ផ្លូវ​សម្រាប់​លោក អូ​បា​ម៉ា 
​បើទោះបីជា​អាមេរិក និង​ឡាវ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយគ្នា​តាំងពី​ឆ្នា​១៩៥៥​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដំបូង​គេ​បង្អស់ ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ឡាវ គឺ​ទើបតែ​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​តែប៉ុណ្ណោះ​។ រដ្ឋមន្ត្រីការបរទេស​ដំបូង​គេ​របស់​អាមេរិក​ដែល​បាន​ឈាន​ជើង​នៅ​ទឹកដី​ឡាវ នោះ​គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ចំណែក​លោក ច​ន ឃេ​រី គឺជា​ប្រមុខ​ការទូត​ទី​២ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​ឡាវ​។ 
 
​ដោយសារតែ​កេរតំណែល​របស់​អាមេរិក​ជា​គ្រាប់បែក​រាប់លាន​តោន បាន​បន្សល់ទុក​នៅក្នុង​ទឹកដី​ឡាវ ក៏ដូចជា​របប​នយោបាយ​ផ្ទុយគ្នា​ផងដែរ​នោះ ធ្វើ​ឲ្យ​អាមេរិក ពិបាក​ក្នុងការ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ឡាវ ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ បើ​យោងតាម Legacies of War មកទល់ពេលនេះ អាមេរិក បាន​ចំណាយលុយ​ប្រមាណ​១៧​លាន​ដុល្លារ ដើម្បី​ប្រតិបត្តិការ​ក្នុងការ​ដោះ​គ្រាប់បែក​ទៅលើ​តំបន់​ដែលជា​កេរ​តំណែង​សង្គ្រាម​ទាំងនោះ​។ ជំនួស​ដោយ​នយោបាយ​ការបរទេស​ជាមួយ អាមេរិក ចិន បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយនឹង​ឡាវ​យ៉ាង​ស៊ីជម្រៅ តាមរយៈ​ការវិនិយោគ​ស្ទើរតែ​គ្រប់​វិស័យ នៅក្នុង​ប្រទេស​ឡាវ​។ 
 
​ទោះជា​វត្តមាន​លោក ច​ន ឃេ​រី ត្រូវបាន​គេ​រំពឹងថា មិនសូវមាន​ឥទ្ធិពល​ទៅកាន់​គោលនយោបាយ​ការបទេស​ឡាវ​ក៏ដោយ វា​គឺជា​រឿង​ដែល​ចាំបាច់​បំផុត ដែល​លោក​ត្រូវតែ​ងាក​មក​ចាប់ដៃ​ជាមួយនឹង​ឡាវ​។ ហើយ​នោះ គឺ​ដោយ​តែឡាវ គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​អ្នក​សម្រួល​កិច្ចការ​ទាំងអស់​ក្នុង​កិច្ចប្រជុំ​អាស៊ាន​។ អ្វី​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃទី​១៥ និង​១៦ កុម្ភៈ​ខាងមុខ អាមេរិក នឹង​បើក​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង ជាមួយ​មេដឹកនាំ​អាស៊ាន​នៅក្នុង​រដ្ឋ California និង​ចុង​ឆ្នាំនេះ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅក្នុង​ក្រុង​វៀងចន្ទន៍​ផងដែរ​។ វត្តមាន​របស់លោក អូ​បា​ម៉ា នៅក្នុង​ទឹកដី​ឡាវ ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រ​ធានា​ធិ​ប​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​បាន​ទៅដល់​នៅ​ទីនោះ​។ ទោះ​ចង់ ឬ​មិន​ចង់ ប្រមុខ​ការទូត​អាមេរិក ត្រូវតែ​ឆ្លៀតឱកាស​ខ្លះ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី ដើម្បី​ឱបក្រសោប​ឡាវ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com