អន្តរជាតិ
លី​ប៊ី​ខាត​ចំណូល​ប្រេង​៦៨​ពាន់​លាន​ព្រោះតែ​សង្គ្រាមស៊ីវិល
26, Jan 2016 , 1:33 pm        
រូបភាព
​តាំងពី​លី​ប៊ី​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ឆ្នាំ ២០១១ សេដ្ឋកិច្ច​ប្រទេស​នេះ​ដុនដាប​និង​ស្ថិតក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ព្រោះ​ការ​បូម​ប្រេង​ភាគច្រើន​ត្រូវបាន​កាត់ផ្តាច់ ព្រោះ​ការប្រយុទ្ធ​គ្នា​ទៀត​។ បើតាម​ការវាយតម្លៃរ​បស់​សារព័ត៌មាន Financial Times  លី​ប៊ី​ខាតបង់​អស់​លុយ​ប្រហែល ៦៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ទីតាំង​បូម​ប្រេង ៧៥ ភាគរយ​ត្រូវបាន​បិទ​ផងដែរ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​មកទល់​បច្ចុប្បន្ន អណ្តូងប្រេង​លី​ប៊ី​ប្រហែល ៧៥ ភាគរយ​ទូទាំងប្រទេស​ត្រូវបាន​បិទ​ចោល ហើយ​ប្រេង​ភាគច្រើន​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​ផង​។ នេះ​បានន័យថា សេដ្ឋកិច្ច​ប្រទេស​នេះ​មាន​ដង្ហើមរស់​ដោយ​ពឹង​លើ​ចំណូល​បាន​ពី​អណ្តូង​បូម​ប្រេង ២៥​ភាគរយ​ដែល​នៅសល់​ប៉ុណ្ណោះ​។

  បើតាម​របាយការណ៍​សារព័ត៌មាន Financial Times  តាំងពី​សង្គ្រាមស៊ីវិល​ផ្ទុះ​ឡើងមក​ប៉ុន្មាន​ឆ្នាំ​មកនេះ លី​ប៊ី​បាន​ខាតបង់​លុយ​ដែល​ធ្លាប់បាន​ពី​ការលក់​ប្រេង​ប្រហែល ៦៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ការបាត់បង់​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​បណ្តាល​ឲ្យ​លី​ប៊ី​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។

​លោក  Mustafa Sanalla ប្រធាន​ស្ថាប័ន​ប្រេង​លី​ប៊ី បាន​បញ្ជាក់ថា សេដ្ឋកិច្ច​លី​ប៊ី​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង ហើយ​បើ​ក្រឡេក​មើលទៅ​រដ្ឋាភិបាល​ទាំងពីរ​ក៏​កំពុង​បន្ត​ឈ្លោះ​គ្នា ដណ្តើម​គ្នា​គ្រប់គ្រង​ឧស្សាហកម្ម​ប្រេង​នៅក្នុង​ប្រទេស​ផង​។ រដ្ឋាភិបាល​ទាំងពីរ​នៅ​បន្ត​ប្រយុទ្ធ​គ្នា ព្រោះ​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​កន្លងមក​មិនទាន់​ចូល​ជា​ធរមាន​ឡើយ​។​

​លី​ប៊ី​ត្រូវបាន​គេ​ចាត់ទុកជា​រដ្ឋ​មួយ​ដែលមាន​សេដ្ឋកិច្ច​ធ្លាក់ចុះ​លឿន​បំផុត​មួយ​លើ​ពិភពលោក​។ ក្រោយ​ឧស្ស​កម្ម​ប្រេង​ត្រូវបាន​កាត់ផ្តាច់ លី​ប៊ី​រកចំណូលបាន​តិចតួច​បំផុត ហើយ​ក្នុង​ឆ្នាំ ២០១៥  លី​ប៊ី​ប្រឈម​ឱនភាព ៥៤ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ឯណោះ​។​

​ក្រៅពី​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​ស៊ីវិល ប្រទេស​លី​ប៊ី​ក៏​កំពុង​ក្លាយ​ជម្រក​ដ៏​សុខសាន្ត​របស់​ក្រុម​ភេរវជន ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ផងដែរ​។ គេ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​រដ្ឋ​ឥស្លាម​មិនតិចជាង ៣​ពាន់​នាក់​ទេ​កំពុងតែ​កាន់កាប់​ទីក្រុង​មួយចំនួន​ដូចជា Derna និង Sirte​។ ក្រុម​នេះ​មិន​ត្រឹមតែ​វាយប្រហារ​លើ​ទាហាន​រដ្ឋាភិបាល​ទេ តែ​ពួកគេ​ក៏បាន​វាយប្រហារ​លើ​ទីតាំង​បូម​ប្រេង និង​កាត់ផ្តាច់​ការដឹកជញ្ជូន​ប្រេង​ថែមទៀត​។ រីឯ​ប្រជាជន​លី​ប៊ី​មិនតិច​ទេ​ដែល​ស្លាប់បាត់​បង់ជីវិត​ព្រោះតែ​សង្គ្រាម​អូសបន្លាយ​រាប់​ឆ្នាំ និង​ចលនា​ភេរវកម្ម​នេះ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០១១ ក្រោយ​ការទម្លាក់​មេដឹកនាំ​ផ្តាច់ការ Moammar Gadhafi ដោយ​ក្រុម​ឧទ្ទាម ដោយ​គាំទ្រ​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​កងកម្លាំង​ណា​តូ ប្រជាជន​លី​ប៊ី​មិនដែល​ស្គាល់​អ្វី​ហៅថា​សន្តិភាព​នោះឡើយ​។ នេះ​ក៏ដោយ​សារ ក្រោយ​ទម្លាក់​បុរស​ខ្លាំង​ពី​តំណែង ក្រុម​ឧទ្ទាម​នានា​ចាប់ផ្តើម​ប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​ទៅវិញទៅមក រហូតដល់​មានការ​ប្រកាស​បង្កើតរ​ដ្ឋា​ភិ​បាល​ពីរ​ផ្សេងគ្នា​ក្នុងប្រទេស​តែមួយ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com