អន្តរជាតិ
ឥណ្ឌា​ជួយ​វៀតណាម​សង់​ស្ថានីយ៍​ផ្ទុក​រូបភាព​ផ្កាយរណប​ឃ្លាំមើល​តំបន់​ជម្លោះ​ជាមួយ​ចិន​
26, Jan 2016 , 2:20 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសថា ខ្លួន​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​សាងសង់​មជ្ឈមណ្ឌល​ស្តុក​ទុក​រូបភាព​ដែល​ផ្តល់​មកពី​ផ្កាយរណប​ស៊ើបការណ៍​របស់ខ្លួន​។ ការសង់​ស្ថានីយ៍​ផ្ទុក​រូបភាព​នឹងត្រូវ​សង់​ឡើង​នៅ​ភាគខាងត្បូង ហើយ​វា​ក៏​នឹង​ជួយ​វៀតណាម​ត្រូតពិនិត្យ​មើល​សកម្មភាព​ប្រទេស​នានា​ក្នុង​តំបន់​ជាពិសេស​ចិន និង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​វៀតណាម​នឹង​អាច​ឃ្លាំមើល​សកម្មភាព​នានា​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​តាម​សកម្មភាព​របស់​ក្រុង​ប៉េកាំង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង ដោយ​ឥណ្ឌា​ជួយ​សង់​មជ្ឈមណ្ឌល​ផ្ទុក​រូបភាព ដែល​ទាញ​បាន​ពី​ផ្កាយរណប​ស៊ើបការណ៍​របស់​ឥណ្ឌា​។  សកម្មភាព​របស់​ឥណ្ឌា​អាច​នឹងធ្វើ​ឲ្យ​ចិន​ខឹងសម្បា​រដែរ ព្រោះ​ការ​លូកដៃ​របស់​ឥណ្ឌា នឹងធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​របស់​ចិន​។ បច្ចុប្បន្ន​ចិន​កំពុង​បន្តសកម្មភាព​សង់​កោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចិន​បន្ត​អះអាងថា ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ស្ថិតក្នុង​អធិបតេយ្យ​របស់ខ្លួន​ប៉ុណ្ណោះ​។​

​មន្ត្រី​ឥណ្ឌា​ទទួលបន្ទុក​ផ្នែក​កម្មវិធី​លំហរ​អាកាស​ម្នាក់​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មជ្ឈមណ្ឌល​ដែល​ឥណ្ឌា​នឹង​សង់​ឲ្យ​វៀតណាម​នេះ ជួយ​ឲ្យ​វៀតណាម​ទទួលបាន​រូបភាព​ថត​ដោយ​ផ្កាយរណប​របស់​ឥណ្ឌា​នៅលើ​អាកាស​ដោយ​មិន​ចាប់​បាច់​សុំ​ឥណ្ឌា​ជាមុន​ឡើយ ហើយ​ផ្កាយរណប​នេះ​អាច​ចាប់បាន​ទីតាំង​សំខាន់ៗ​ជាច្រើន​រួមទាំង​សមុទ្រ​ចិន​ខាងត្បូង​។

​តាមពិតទៅ​ផ្កាយរណប​របស់​ឥណ្ឌា​នេះ​មានមុខ​ងារ​តាមដាន​បញ្ហា​វិទ្យាសាស្ត្រ បរិស្ថាន និង​កសិកម្ម ហើយ​អ្វីដែល​សំខាន់ គឺ​វា​អាច​ប្រមូល​របាយការណ៍​ចារកម្ម​យោធា​ផងដែរ​។ បច្ចុប្បន្ន​ឥណ្ឌា​មាន​ផ្កាយរណប​ចំនួន​១១ នៅលើ​អាកាស ហើយ​ផ្កាយរណប​នេះ​អាច​ផ្តិត​យក​រូបភាព​ក្នុង​ទំហំ​ផ្សេងៗ​គ្នាច្រើន​ផងដែរ​។  វៀតណាម​ប្រហែលជា​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ២៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​ស្ថានីយ៍​ផ្ទុក​រូបភាព​ផ្កាយរណប​។

​យ៉ាងណាក៏ដោយ ក្រៅពី​ជជែក​គ្នា​លើ​ការសាងសង់​កន្លែង​ផ្ទុក​រូបភាព​ផ្កាយរណប រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​បើកផ្លូវ​ឲ្យ​ក្រុង​ហាណូយ​ទិញ​នាវា​ល្បាត​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ដែនទឹក​របស់​ខ្លួន​ដែរ​។ ហើយ​ជា​ថ្នូរ​នឹង​ការទទួលបាន​សិទ្ធិ​ទិញ​នាវា​ល្បាត​ពី​ឥណ្ឌា រដ្ឋាភិបាល​ក្រុង​ហាណូយ​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ឥណ្ឌា​កាន់កាប់​កន្លែង​អាច​រុករក​ប្រេង​នៅក្នុង​តំបន់​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕


Tag:
 ឥណ្ឌា​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com