អន្តរជាតិ
ល្មម​ដល់ពេល​លោកខាងលិច​ត្រៀម​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ?
26, Jan 2016 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ទណ្ឌកម្ម​នានា​របស់លោក​ខាងលិច​ពាក់ព័ន្ធ​អន្តរាគមន៍​របស់​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​នឹងត្រូវ​ដកចេញ​នៅពេល​ឆាប់​ខាងមុខនេះ​។ បារាំង​បាន​បញ្ជាក់ថា​ខ្លួន​អាច​នឹង​ដក​ទណ្ឌកម្ម​ទណ្ឌកម្ម​នៅ​រដូវក្តៅ​ខាងមុខ​។ ហើយ កាលពី​ចុង​សប្តាហ៍​មុន ប្រមុខ​ការទូត​អាមេរិក​ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដូចគ្នា បើសិន​រុស្ស៊ី​បន្ត​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឲ្យ​បាន​ពេញលេញ​និង​ខ្ជាប់ខ្ជួន​។​



បណ្តា​ប្រទេស​លោកខាងលិច​ចាប់ផ្តើម​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ដោយ​ត្រៀម​ដក​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​ដើមឆ្នាំ ២០១៤ ។ ការឈាន​ទៅ​ដក​ទណ្ឌ​កម្មនេះ អាច​កើតឡើង​បើសិន​រុស្ស៊ី​ប្រឹងប្រែង​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ដែល​ចូល​ជាធរ​មាននៅ​ពាក់កណ្តាល​ខែ​កម្ភៈ​ឆ្នាំមុន​ឲ្យ​បាន​ពេញលេញ​។

ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក Emmanuel Macron បាន​លើកឡើងថា បារាំង​អាច​នឹង​ដក​ទណ្ឌកម្ម​ទាំងឡាយណា​ពាក់ព័ន្ធ​បញ្ហា​អ៊ុយ​ក្រែ​ន នៅ​រដូវក្តៅ​ខាងមុខ​។ មន្ត្រីជាន់ខ្ពស់​បារាំង​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃអាទិត្យ​ទី ២៤ មករា​ម្សិលមិញ​។ បារាំង​មាន​រំពឹង​ខ្ពស់​ថា កិច្ចព្រមព្រៀង​ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​មុននេះ​នឹងត្រូវ​អនុវត្ត​ពេញលេញ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​រុស្ស៊ី​តែម្តង​។​

ក្រៅពី​បារាំង រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី កាលពី​ថ្ងៃ​សុក្រ ទី​២២ មករា ក៏បាន​បញ្ជាក់​ផងដែរ​ថា អាមេរិក​អាច​នឹង​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ដែរ បើសិន​បើ​រុស្ស៊ី​ប្រឹងប្រែង​បន្តទៀត​ដើម្បី​ជំរុញ​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង Minsk ត្រូវអនុវត្ត​ពេញលេញ​។ លោក ឃេ​រី បានលើកឡើង​បែបនេះ​នៅក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស នៅពេលដែល​លោក​បាន​ជួប​ជជែក​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រុង​ម៉ូស្គូ​ផង​។​

ទាំង​អាមេរិក អាល្លឺម៉ង់ បារាំង ចាប់ផ្តើម​មើលឃើញថា របប​ដឹកនាំ​រុស្ស៊ី​ចាប់ផ្តើម​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ដោយ ចង់​ជួយ​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​ទណ្ឌកម្ម​ទាំង​ប៉ុន្មាន​ដែល​បាន​ដាក់ចេញ​ប្រឆាំង​ខ្លួន​ត្រូវ​ដកចេញ​។ កាលពី​ចុងឆ្នាំ ២០១៥ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​បញ្ជូន​បេសកកម្ម​ពិសេស​លោក Boris Gryzlov ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី ទៅ​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​ត្រីភាគី​ដែល​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន​។ 

១.​រុស្ស៊ី​បោះបង់​អ៊ុយ​ក្រែ​ន ងាក​ទៅ​តំបន់​មជ្ឈិមបូព៌ា​
​តាមពិតទៅ​អ្វីដែល​លោកខាងលិច​ចង់បាន គឺ​រុស្ស៊ី​ត្រូវ​ឈប់​គាំទ្រ​ក្រុម​បណ្តា​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​តំបន់​ភាគ​ខាងកើត​និង​ឈប់​ផ្តល់ជំនួយ​គ្រប់យ៉ាង​ដល់​ក្រុម​ឧទ្ទាម​។  ចាប់តាំងពី​អនុវត្ត​កិច្ចព្រមព្រៀង Minsk នៅ​ដើមឆ្នាំ ២០១៥ ការប្រយុទ្ធ​គ្នា​បាន​ចប់​ហើយ តែ​បទ​ឈប់​បាញ់​នៅ​ផុយស្រួយ​ណាស់​។ តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​រុស្ស៊ី​ហាក់បីដូចជា​ស្វះស្វែង​ជំរុញ​ឲ្យ​ជម្លោះ​ប្រដាប់អាវុធ​ចប់​ជា​ស្ថាពរ ហើយ​អាច​ថា​មាន​មូលហេតុ​ច្រើន ដែល​រុស្ស៊ី​ត្រូវ​ប្តូរ​ជំហរ​របស់ខ្លួន​ពេលនេះ​។ បញ្ហា​ធំ​គឺ សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ជួប​វិបត្តិ ព្រោះ​បញ្ហា​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​ផង និង​ទណ្ឌកម្ម​លោកខាងលិច​ក៏​រុក​គួ​ន​សេដ្ឋកិច្ច​ប្រទេស​នេះ​ខ្លាំង​ផង​។ បញ្ហា​មួយទៀត ក្រុង​ម៉ូស្គូ មិនអាច​ធ្វើសង្គ្រាម​ពីរ​ក្នុងពេល​តែមួយ​ឡើយ​។ បច្ចុប្បន្ន​ក្រុង​ម៉ូស្គូ​ចាប់ផ្តើម​ផ្តោតលើ​បញ្ហា​នៅ​មជ្ឈិមបូព៌ា​វិញ​ម្តង ដោយ​ចេញមុខ​អន្តរាគមន៍​នៅ​ស៊ី​រី កាលពី​ចុងខែ​កញ្ញា​ឆ្នាំទៅ​។    រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​តួនាទី​ក្នុង​តំបន់​ដោយ​ការពារ​រដ្ឋាភិបាល​ស៊ី​រី លោក បា​សា អាល់​អាសាដ ដើរតួ​ជា​អ្នក​កសាង​សន្តិភាព​ដោយ​ជួយ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី និង​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។​

 អ្វីដែល​រុស្ស៊ី​ពេញចិត្ត​ចំពោះ​កិច្ច​ព្រម​ពៀង​គឺ តំបន់​ភាគ​ខាងកើត​ដែល​ស្និទ្ធ​ជាមួយ​ខ្លួន​នឹង​ក្លាយជា​តំបន់​ស្វយ័ត​មួយ​ដែលមាន​អំណាច​ពិសេស​ក្នុងការ​គ្រប់គ្រង​កិច្ចការងារ​នានា​ជាពិសេស​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយរ​ស្ស៊ី​ជាធម្មតា​។ ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏​មិន​ទាមទារ​ឲ្យ រុស្ស៊ី​ផ្ទេរ​ទឹកដី Crimea មក​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​ដែរ​។

២.​កែទម្រង់​នៅ​អ៊ុយ​ក្រែ​ន​នៅលើ​ផ្លូវ​មិន​ច្បាស់លាស់​

​ខណៈដែល​រុស្ស៊ី​ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ដោយ​ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត រដ្ឋាភិបាល​ក្រុង​គៀវ របស់លោក Petro Poroshenko ក៏ត្រូវ​អនុវត្តតាម​ចំណុច​មួយចំនួន​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះដែរ​។ បញ្ហា​ចម្បង​បំផុត​គឺ​ត្រូវ​ធានា​ឲ្យ​បានការ​កែទម្រង់​រដ្ឋ​នយោបាយ​និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស បំពេញចិត្ត​ប្រជាជន​ភាគ​ខាងកើត​។  រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នេះ​ក៏​រង​សម្ពាធ​ខ្លាំង​ពី​បណ្តា​មិត្ត​អឺរ៉ុប​និង​អាមេរិក​ដែរ ជុំវិញ​ការបន្ត​កែទម្រង់​នេះ​។

​កន្លងមក​លោក Poroshenko បានដាក់​ស្នើសុំ កែទម្រង់​រដ្ឋធម្មនុញ្ញ ដោយ​ផ្តល់​ស្វ័យភាព​បន្ថែម​ដល់​តំបន់​ភាគ​ខាងកើត​ដែល​កំពុង​រងគ្រោះ ដោយ​ជម្លោះ​ប្រដាប់អាវុធ​។ ការអនុវត្ត​ការកែទម្រង់​ស៊ីជម្រៅ​នេះ ប្រឈមមុខ​បញ្ហា​ច្រើន​ព្រោះតែ​រដ្ឋាភិបាល​ក្រុង​គៀវ ត្រូវការ​ការគាំទ្រ​ពី​សំណាក់​បណ្តា​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​ដើម្បី​ធានាថា រដ្ឋធម្មនុញ្ញ​នឹងត្រូវ​វិសោធនកម្ម​។  ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​វា​ត្រូវការ​ការ​សំឡេងគាំទ្រ​ពី​សមាជិកសភា​ចំនួន ២ ភាគ ៣ ប៉ុន្តែ​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្តល់​ស្វ័យភាព​ឲ្យ​តំបន់​ភាគ​ខាង​កើតជា​ចំណុច​ចម្រូងចម្រាស​បំផុត​ក្នុង​នយោបាយ​អ៊ុយ​ក្រែ​ន​។ អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​ភ័យ​ថា បើ​ផ្តល់​ស្វ័យភាព​ឲ្យ​តំបន់​ភាគ​ខាងកើត ថ្ងៃ​ណាមួយ​ខេត្ត​ទាំងនោះ​នឹង​របូត​ម្តង​មួយៗ​ទៅ​កណ្តាប់ដៃ​រុស្ស៊ី​។  ដូច្នេះហើយ​បានជា​ការកែទម្រង់​នៅ​អ៊ុយ​ក្រែ​ន​ស្របតាម​កិច្ចព្រមព្រៀង អាច​នឹង​បរាជ័យ​។ 


© រក្សាសិទ្ធិដោយ thmeythmey.com