អន្តរជាតិ
មេដឹកនាំ​បារាំង​-​ឥណ្ឌា​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ប្រឆាំង​ភេរវកម្ម​
26, Jan 2016 , 8:39 pm        
រូបភាព
​នៅ​ថ្ងៃ​អង្គារ​ទី ២៦ ខែមករា​នេះ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក្លាយជា​ភ្ងៀ​វ​ពិសេស​ចូលរួម​ក្នុង​ព្យុហយាត្រា​យោធា​ថ្ងៃ​ប្រកាស​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហូ​ឡង់ និ​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ប្តេជ្ញា​សហការគ្នា​ដើម្បី​ប្រឆាំង​ភេរវកម្ម​និង​ពង្រឹង​ទំនាក់ទំនង​ច្រើន​វិស័យ​ជាពិសេស​វិស័យ​ការពារជាតិ ថាមពល​និង​សេដ្ឋកិច្ច​។ តែ​ភាគី​នៅ​មិនទាន់​ដាច់ស្រេច​រឿង​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ពី​បារាំង​ឡើយ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ឥណ្ឌា​បាន​អញ្ជើញ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ឲ្យ​ធ្វើជា​ភ្ងៀ​វ​ពិសេស​ចូលរួម​ទស្សនា ក្បួនព្យុហយាត្រា​យោធា​ប្រកាស​រដ្ឋធម្មនុញ្ញ​នៅក្នុង​រដ្ឋធានី​ដែ​លី នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែមករា​នេះ​។ កងទ័ព​បារាំង​ក៏​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួន​នេះដែរ​។ កាលពី​ឆ្នាំ ២០០៩ ឥណ្ឌា​បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ព្យុហយាត្រា​យោធា​ថ្ងៃបុណ្យ​ជាតិ​បារាំង​Bastille ដែល​រម្លឹក​ពី​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​បារាំង​។  

​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ លោក ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី មាន​កិច្ចពិភាក្សា​ទ្វេភាគី​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ សន្តិសុខ ពាណិជ្ជកម្ម ថាមពល និង ការពារជាតិ​។ កិច្ចព្រមព្រៀង ១៣ ត្រូវ​ភាគី​ចុះ​រួមគ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ការទូត​ពី​ដៃគូ​យុទ្ធសាស្ត្រ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​ស្របពេល​ជាមួយគ្នា​នោះ​មេដឹកនាំ​ទាំងពីរ​សម្រេច​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ឲ្យ​បាន​ជិត​ស្និ​ទ្ធិ​ដើម្បី​ប្រឆាំង​ភេរវកម្ម​ផង​។ ឥណ្ឌា​និង​បារាំង​រងគ្រោះ​ដោយសារ​បញ្ហា​ភេរវកម្ម​ដូចគ្នា​។ ឥណ្ឌា​រង​ការវាយប្រហារ​កាលពី​ឆ្នាំ ២០០៨ ហើយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​អុកឡុក​ក្រុងប៉ារីស​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ដោ​យស​ម្លា​ប់​មនុស្ស​អស់​ជាង ១០០​នាក់​ផង​។ ការជជែក​គ្នា​រវាង​ប្រធានាធិបតី​បារាំង​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​កើតឡើង​ស្រប​ពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ បញ្ចេញ​ខ្សែអាត់​វីដេអូ​ថ្មី​របស់ខ្លួន ដើម្បី​គំរាម​ប្រជាជន​បារាំង​ផងដែរ​។ 

​ប៉ុន្តែ កិច្ចពិភាក្សា​សំខាន់​មួយទៀត​គឺ ពាក់ព័ន្ធ​លើ​ការបន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៣៦ គ្រឿង​ពី​ក្រុមហ៊ុន Dassault របស់​បារាំង​។ ឥណ្ឌា​និង​បារាំង​បញ្ជាក់ថា គូភាគី​មិនទាន់​ដាច់ស្រេច​គ្នា​នៅឡើយ​ជុំវិញ​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​យន្តហោះ​ចម្បាំង​នេះ ព្រោះ​ចំណុច​ចម្រូងចម្រាស​មួយចំនួន តែ​គេ​រំពឹង​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​។ លោក ម៉ូ​ឌី បាន​បញ្ជាក់ថា បច្ចុប្បន្ន​ចំណុច​នានា​នៃ​កិច្ចព្រមព្រៀង​ត្រូវ​ភាគី​ឯកភាពគ្នា​ហើយ នៅឡើយ​តែ​ព័ត៌មាន​លម្អិត​ខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ដែល​នៅសល់​។

​ក្រៅពីនេះ​មេដឹកនាំ​ឥណ្ឌា និង បារាំង ជជែក​ពិភាក្សា​លើ​ការកសាង​រោងចក្រ​អគ្គិសនី​ដើរ​ថាមពលនុយក្លេអ៊ែរ ដោយ​បារាំង​នឹង​សង់​រោងចក្រ​ចំនួន ៦ ឲ្យ​ឥណ្ឌា​ក្នុងពេល​មួយឆ្នាំ និង ការបន្ត​សហការ​សង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​បន្ថែ​ម​ទៀត​នៅពេល​អនាគត​។ ឥណ្ឌា​ខ្វះខាត​ថម​ពល​អគ្គិសនី​ច្រើន ហើយ​ការសង់​រោងចក្រ​នុយក្លេអ៊ែរ​នេះ​នឹង​អាចជួយ​ឲ្យ​ឥណ្ឌា​ទាក់ទាញ​លំហូរ​វិនិយោគ​បរទេស និង​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ ប្រធានាធិបតី​បារាំង​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក៏ ព្រមព្រៀងគ្នា​សហការ​លើ​កម្មវិធី​លំហរ​អាកាស​ដោយ​បាញ់​បង្ហោះ​ផ្សាយ​រណប​ស្រាវជ្រាវ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​៕


Tag:
 ​បារាំង​
  ​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com