អន្តរជាតិ
បញ្ហា​សមុទ្រ​ខាងត្បូង​អាចធ្វើ​ឲ្យ​ឡាវ​ដែលជា​ប្រធាន​អាស៊ាន ទើសទាល់​​ដូច​កម្ពុជា​ដែរឬទេ​?
26, Jan 2016 , 4:56 pm        
រូបភាព
ដោយ:
​ក្នុង​ឆ្នាំ​២០១៦​នេះ ឡាវ ដែលជា​ប្រធាន​នៃ​អាស៊ាន ត្រូវបាន​គេ​មើលថា​ជា​តួអង្គ​ដ៏​សំខាន់​របស់​អាស៊ាន​។ ដូចដែល​បាន​បញ្ញត្តិ​ក្នុង​មាត្រា​៧ នៃ​ធម្មនុញ្ញ​អាស៊ាន ជា​ប្រធាន​នៃ​អាស៊ាន ឡាវ ត្រូវធ្វើ​អ្នកដឹកនាំ និង​សម្របសម្រួល​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ពីរលើក​ដែល​ក្នុងនោះ​រួម​ប​ញ្ជូ​ល​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​អាស៊ាន​-​ចិន​ផងដែរ​។ គេ​កំពុង​រង់ចាំ​មើលថា​តើ​ឡាវ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន អាច​រក្សា​គោលជំហរ​អា​ព្យា​ក្រឹ​ត​ប៉ុណ្ណា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ច​ចិន​ខាងត្បូង​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ជា​ប្រធានបទ​មួយ​ដ៏​ក្តៅ នឹង​រសើប​រវាង​អាស៊ាន និង​ចិន​?



សូមស្ដាប់ព័ត៌មានលម្អិត៖



​ជា​រៀងរាល់ឆ្នាំ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ត្រូវបាន​លើកឡើង​ជា​របៀប​វារៈ​ដ៏​សំខាន់​ដើម្បី​យកទៅ​ជជែក​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។ ទន្ទឹមនឹង​ការជជែក​រក​ដំណោះស្រាយ​នោះ ការប្រឈមមុខគ្នា​រវាង​មេដឹកនាំ​អាស៊ាន​ទាក់ទិន​នឹង​គោលជំហរ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏ត្រូវ​បាន​ផ្ទុះឡើង​ស្ទើរតែ​រៀងរាល់ឆ្នាំ​ផងដែរ​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​។

​នៅ​ថ្ងៃទី​២៥ ខែមករា កន្លងទៅ លោក ច​ន ឃេ​រី បានធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ទៅកាន់ ក្រុង​វៀងចន្ទន៍​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល​ឡាវ​។ ជំនួប​នោះ ផ្តោត​សំខាន់​លើ​តួនាទី​របស់​ឡាវ​ជា​ប្រធាន​នៃ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាមេរិក​និង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​ដោយ លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ខាងមុខ​។ ក្នុងជំនួប​នោះ លោក ច​ន ឃេ​រី បាន​ទ​ទួ​ច​ឲ្យ​អាស៊ាន​រួបរួមគ្នា​ដើម្បី​ប្រឈម​ជាមួយនឹង​ចិន​ដែល​បានទាមទារ​និង​បំពាន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន លោក ឃេ​រី បាន​បញ្ជាក់ថា ឡាវ ចង់​ឲ្យ មានការ​គោរព​សិទ្ធិសេរីភាព​ដែនសមុទ្រ និង​មិន​ចង់ឃើញ​ការប្រឈមមុខគ្នា​ផ្នែក​យោធា​នៅក្នុង​តំបន់ សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។

​តែ​អ្វីដែល​គួរ​ព្រួយបារម្ភ​នោះ​គឺ ឡាវ​រដ្ឋ​អាស៊ាន​មួយ​ដែលមាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​របប​នយោបាយ​អាច​រក្សា​គោលជំហរ​របស់ខ្លួន​បានដែរ​ឬទេ​។ នេះ​មានន័យថា គេ​ខ្លាចក្រែង​ឡាវ​លំអៀង​ទៅរក​ចិន​ក្នុង​គោលជំហរ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ជាមួយគ្នានេះដែរ ក៏មាន​សំណួរ​មូ​យ​បានលើកឡើង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​ដែល​បាន​សួរ​ទៅកាន់​ក្រសួងការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​២៤​ខែមករា​ដែរ​។ សំណួរ​នោះ​គឺ ក្នុងនាម​ជា​ប្រធាន​អាស៊ាន តើ​ឡាវ​អាច​ជួ​បប​ញ្ហ​ដូច​កម្ពុជា​ដែល​បាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​២០១២?

​ឆ្លើយតប​បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក សម្តែង​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​ដឹក នាំ​របស់​ឡាវ​។ លោក បានទទួល​ស្គាល់ ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ពិតជា​ចំណុចរសើប​រវាង​បណ្តា​សមាជិក​អាស៊ាន​មែន​។ ក៏ប៉ុន្តែ​លោក​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​រាជធានី​គួ​ឡា​ឡាំ​ពួរ ឆ្នាំ​២០១៥ ដែល​បានបញ្ចប់​ដោយ​សេចក្តីថ្លែងការណ៍​រួម​ដែលជា​ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង និង​សេចក្តីថ្លែងការណ៍​គាំទ្រ​ឡាវ​ជា​ប្រធាន បានបង្ហាញ​យ៉ាងច្បាស់​ពី​សាមគ្គីភាព​របស់​រដ្ឋ​អាស៊ាន​។ លោក បាន​សង្កត់ធ្ងន់ថា​រដ្ឋ​ខាងក្រៅ​ដែល​ចង់​សំដៅទៅ​ចិន នឹង​ពិបាក​ក្នុងការ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ទៅ​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​នោះ​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១២ កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​។ តែ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន មិនមាន​សេចក្តីថ្លែងការណ៍​រួមមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ ដ្បិត​មាន បញ្ហា​ចម្រូងចម្រាស​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ការទាមទារ​ខ្លាំង​ពី​វៀតណាម និង​ហ្វី​លី ពី​ន​។ ការបរាជ័យ​នេះ​ត្រូវបាន​សហគមន៍​អន្តរជាតិ ចាត់ទុកថា​ជា​ស្រមោល​មួយ​ដ៏​អាក្រក់ និង​ចោទ កម្ពុជា បាន​លម្អៀង​ទៅរក​ចិន ពោលគឺ​បើ​ចេញ​សេចក្តីថ្លែងការណ៍​ដែលជា​ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ចិន​។

​តែបើ​តាម​ការអះអាងរ​បស់​លោក​ឧ​ប​រដ្ឋនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដែល បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៦​ខែមករា អវត្តមាន​នៃ​សេចក្តីថ្លែងការណ៍​នៅ ឆ្នាំ​២០១២ គឺជា​គោលជំហរ​របស់​កម្ពុជា​។ លោក បាន​សង្កត់ធ្ងន់ថា​ការបរាជ័យ​កន្លងមក​នេះ​មិនមែន​ភាពលម្អៀង​ឬ​រង​សម្ពាធ​ពី​ចិន​ឡើយ តែ​កម្ពុជា​មិនមែនជា​តុលាការ មិនអាច​កាត់សេចក្តី​បាន ហើយ​ជំហរ​កម្ពុ​ជាមាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ប៉ុណ្ណោះ​។  បន្ថែម​ពីនេះ លោក បានលើកឡើង​ពី​សមិទ្ធផល​កម្ពុជា​សម្រេច​បាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០០២ គឺ​សេចក្តីប្រកាស​ក្រម​ប្រតិ​ប​តិ្ត​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) ហើយ​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​សម្រេចបាន​ក្រម​ប្រតិបត្តិ​(COC) ថ្មី​មួយ​ឲ្យ​បាន​ឆាប់​ផងដែរ​។​

​យ៉ាងណាក៏ដោយ រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ ឡាវ​នឹងរង​សម្ពាធ​ខ្លាំង​ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ នោះ​ក៏​ព្រោះតែ​ចុងក្រោយ​នេះ ជម្លោះ​អធិបតេយ្យ​នេះ បាន​វិ​វត្ត​ដល់​ស្ថានភាព មួយ​គួរ​ព្រួយបារម្ភ រវាង​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ​ដែល​រួមមាន​ហ្វីលីពីន វៀតណាម ជាមួយ​ចិន និង​រួម​ជាមួយនឹង​រដ្ឋ​ខាងក្រៅ​អាមេរិក​ង​ផងដែរ​៕


Tag:
 អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
  ឡាវ​
  កម្ពុជា​
  ច​ន ឃេ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com