អន្តរជាតិ
ថៃ នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ បើទោះបីជា​គ្មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ក៏ដោយ​
26, Jan 2016 , 9:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​២៦ ខែមករា នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានប្រកាស​ជាថ្មី​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត​។ ការអះអាង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​សម្តែង​ការព្រួយបារម្ភ ក្នុងករណី​ដែល​ដំណើរការ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី បរាជ័យ ហើយ​របប​យោធា នឹង​បន្ត​គ្រប់គ្រង​ថៃ​បន្តទៀត​។



​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ បាន​សង្កត់​ថា « បើទោះបី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ អាច​ឆ្លងកាត់​នូវ​ការធ្វើ ប្រជាមតិ បាន ឬ​មិនបាន​ក៏ដោយ រដ្ឋាភិបាល នឹង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៧ ដែល​យោងតាម​ផែនការ​នៃ​ការនាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យរ​ប​ស់លោក​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuter​។ 

​កាលពី​ថ្ងៃទី​២០ ខែមករា កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ លោក Meechai Ruchupan បាន​អះអាងថា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​នៅ​ចុងខែ​នេះហើយ​។ តាម​ការអះអាង​របស់ លោក Meechai Ruchupan សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែលជា​សេចក្តីព្រាង​លើក​២ ក្រោម​ការដឹកនាំ​ដោយ​របប​សឹក គឺ​ប្រៀបប្រដូច​ទៅនឹង​ឱសថ​ដ៏​ខ្លាំងពូកែ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​នយោបាយ​ថៃ​។ តែ​លោក ថា លោក​មិនអាច​ធានាបាន​ថា​ច្បាប់ នោះ​អាច​ផ្គាប់ចិត្ត​អ្នកនយោបាយ​ថៃ​ទាំងអស់​បាន​នោះទេ​។​

​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​ថ្មី​ថៃ​អាច​ចូល​ជាធរ​មានបាន ត្រូវ​ឆ្លងកាត់​ការយល់ព្រម​ពី​ក្រុមប្រឹក្សា​កែទម្រង់​ថៃ និង​ការធ្វើប្រជាមតិ​ពី​ប្រជាជន​ជាមុនសិន​។

​សូមបញ្ជាក់​ផងដែរ ក្រោយពី​ការឡើង​កាន់អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០១៤ លោក ប្រា​យុទ្ធ បានតែងតាំង​ឲ្យ​មាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដើម្បី​ដោះស្រាយ​នៃ​ការជាប់គាំង​វិបត្តិ​នយោបាយ​។

​នៅ​ថ្ងៃទី​០៦ ខែកញ្ញា​ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​ថៃ បាន​បដិសេធ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ ដែល​ធ្វើឡើង​ដោយ​គណៈ​កម្ម​ធិ​ការលើក​ទី​១​ដែល​លោក​ប្រា​យុទ្ធ បានតែងតាំង  ដ្បិត​សេចក្តីព្រាង​នោះ មិន​ឆ្លើយតប​ទៅនឹង​បញ្ហានយោបាយ​ថៃ​បច្ចុប្បន្ន​។ ក្រោយពី​ការច្រានចោល​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ លោក​ប្រា​យុទ្ធ ក៏បាន​តែងតាំង​គណៈកម្មាធិកា​រ​ថ្មី​ជា​លើក​២​ភ្លាម​ជាមួយនឹង​នោះដែរ​។ ក្នុងនោះ​លោក​ប្រា​យុទ្ធ ក៏បាន​ប្រកាសថា​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ដែល​រួមទាំង​ការធ្វើប្រជាមតិ ត្រូវ​បញ្ចប់​មុន​ឆ្នាំ​២០១៧​ដែលជា​ពេល​នៃ​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ថ្មី​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com