ជាតិ
ស្រូវ​អង្ករ​ចុះថោក​៖ លោក យ៉ង សាំង​កុមារ ថា​រដ្ឋាភិបាល យក​បញ្ហា​អ្នកបញ្ជា​ទិញ​មក​ដោះសា
26, Jan 2016 , 10:39 pm        
រូបភាព
​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) លោក យ៉ង សាំង​កុមារ បាន​អះអាងថា ការ​លើកយក​បញ្ហា​ស្រូវ​អង្ករ​ចុះថោក ដោយសារតែ​អ្នកបញ្ជា​ទិញ​បរទេស គឺ​គ្រាន់តែ​ជាការ​ដោះសា​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។



​លោក យ៉ង សាំង​កុមារ ដែលជា​អ្នកជំនាញ​វិស័យ​កសិកម្ម បាន​ទទួលស្គាល់ថា បញ្ហា​អ្នកបញ្ជា​ទិញ​បរទេស គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់ចុះ តែ​ក្នុងនាម​រដ្ឋាភិបាល មិនគួរ​លើកយក​បញ្ហា​នេះ​ម​កបាំងមុខ ដើម្បី​គេចវេស​ពី​ទំនួល​ខុសត្រូវ​នោះឡើយ​។ លោក​ថា ប្រសិនបើ​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់ចុះ រដ្ឋាភិបាល គួរតែ​ស្វះ​ស្វែងរក​វិធានការ ដើម្បី​ដោះស្រាយ​ជាបន្ទាន់ ប្រសើរ​ជាង​ការទម្លាក់​កំហុស​ទៅលើ​កត្តា​ខាងក្រៅ​។

​អ្នកឯកទេស​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃនេះ​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​ជា​គាត់​ ខ្ញុំ​នឹង​ពិភាក្សា​និង​រក​ដំណោះស្រាយ​ផ្ទៃក្នុង​វិញ គិត​គួរ​យ៉ាងម៉េច ដើម្បី​ទប់ស្កាត់​បញ្ហា​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់ចុះ មិន​ចោទ​បញ្ហា​ខាងក្រៅ​នោះទេ​»​។​

​លោក យ៉ង សាំង​កុមារ បាន​បន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ ជា​កត្តាសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសជាតិ ដូច្នេះ​រដ្ឋាភិបាល​គប្បី​កំណត់​តម្លៃ​អប្បបរមា​ឲ្យ​បានច្បាស់លាស់ ដើម្បី​ងាយស្រួល​ធ្វើ​អន្តរាគមន៍ ពេល​តម្លៃ​ធ្លាក់ចុះ និង​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​ប្រជាកសិករ​ផងដែរ​។

​កាលពី​ថ្ងៃទី​២៥ មករា ប្រមុខ​រដ្ឋាភិបាល អះអាងថា ការធ្លាក់ចុះ​នូវ​តម្លៃ​ស្រូវ​នៅ​កម្ពុជា គឺ​បណ្ដាលមកពី​ប្រទេស​អ្នកមាន ជា​អ្នកបញ្ជា​ទិញស្រូវ​ពី​កម្ពុជា បាន​ទម្លាក់​ថ្លៃ ហើយ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នេះ មិនមែន​តែ​កម្ពុជា​នោះទេ សូម្បីតែ​ប្រទេស​ដែល​ផលិត​ស្រូវ ដូចជា ថៃ វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា ក៏​ធ្លាក់​តម្លៃ​ស្រូវ​ដែរ​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​នៅក្នុង​វេទិកា​នេះ​ផងដែរ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានទទួល​ស្គាល់ ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ស្រូវ​អង្ករ បាន​ជួប​ស្ថាន​ភាពលំបាក​មួយចំនួន​។ លោក​បន្ថែមទៀតថា ទោះបីជា​បរិមាណ​នៃ​ការនាំចេញ​ស្រូវ​អង្ករ មានការ​កើនឡើង​ក៏ពិតមែន តែ​តម្លៃ​ស្រូវ​អង្ករ​ក្នុង​ទីផ្សារ​បាន​ធ្លាក់ចុះ ហើយ​ធ្វើ​ឲ្យ​ចំណូល​ពី​ការនាំចេញ​ស្រូវ​អង្ករ ធ្លាក់ចុះ ដែល​បង្កើត​សម្ពាធ​យ៉ាងខ្លាំង​ដល់​ប្រជាកសិករ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានទាមទារ​ឲ្យ​រដ្ឋាភិបាល  បន្ត​យកចិត្តទុកដាក់ និង ជួយ​ជំរុញ​គម្រោង​សំខាន់ៗ ទាក់ទង​នឹង​ពូជ ឃ្លាំង និង​ការនាំចេញ​។

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥​កន្លងមក កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង​៥​សែន​តោន ដោយ​ក្នុងនោះ​ទី​១ គឺ​ប្រទេស​ចិន ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ និង​ទី​២ គឺ​បារាំង​៕ 


Tag:
 ស្រូវ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com