អន្តរជាតិ
ជនសង្ស័យ​ថត Selfie ផ្ញើរ​ទៅ​ប៉ូលិស​ដើម្បី​សុំ​ប្តូរ​រូប​ដែល​ប៉ូលិស​បាន​ផ្សព្វផ្សាយ
27, Jan 2016 , 9:39 am        
រូបភាព
ដោយ: ធីតា
 
Donald Pugh អាយុ​៤៥​ឆ្នាំ ស្ថិតនៅក្រោម​ការចាប់ខ្លួន​របស់​ប៉ូលិស​តំបន់ Lima រដ្ឋ Ohio សហរដ្ឋអាមេរិក​ពីបទ​មិន​ចូលខ្លួន​ទៅ​តុលាការ​ទាក់ទង​នឹង​ការបើក​បរទាំង​ស្រវឹង​។ ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូបថត​ដើម្បី​តាមច្បាប់​ខ្លួន​ជនសង្ស័យ​រូបនេះ ប៉ុន្តែ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក Pugh បាន​ថតរូប Selfie ថ្មី ដើម្បី​ស្នើសុំ​ឲ្យ​ប៉ូលិស​ដូរ​ជាមួយនឹង​រូបថត​ដែល​បាន​ផ្សព្វផ្សាយ​។​



«​នេះ​ជា​រូបថត​ដែល​ល្អ រូបថត​មួយទៀត​នោះ មិនអាច​យកជាការបាន​ឡើយ​»​។ នេះ​ជា​សំណេរ​នៅលើ​រូបថត Selfie ដែល Donald Pugh ផ្ញើរ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Lima Police Department​។ ក្នុង​រូបថត​នោះ Pugh ពាក់​អាវធំ វែ​ន​តាខ្មៅ និង​អង្គុយ​នៅលើ​រថយន្ត​។​
 
​លោក Andy Green មន្ត្រីប៉ូលិស​តំបន់ បាន​សរសេរ​តប​យ៉ាងខ្លី​ទៅកាន់​ជនសង្ស័យ​វិញ​ថា​៖ «​យើង​សូម​អរគុណ​អ្នក​ចំពោះ​កិច្ចសហការ ប៉ុន្តែ​ពេលនេះ យើង​ពិតជា​រីករាយ​ណាស់ បើ​អ្នក​មកជួប​យើង​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​ករណី​ចោទប្រកាន់​នៅ​តុលាការ​»​។​
 
​រូបថត Selife ដែល Pugh ផ្ញើរ​ទៅកាន់​ប៉ូលិស​ដោយផ្ទាល់​នោះ មានការ​ចែករំលែក​តៗ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​រាប់ពាន់​ដង ដោយ​ភាគច្រើន​សម្តែង​ការហួសចិត្ត និង​អស់សំណើច​។ លោក Green ថា ជាមួយនឹង​រូបថត​ដែល​ជនសង្ស័យ​ផ្ញើរ​ទៅ បាន​នាំ​ឲ្យ​ប៉ូលិស​កាន់តែ​ងាយស្រួល​ក្នុងការ​កំណត់​ទីតាំង​ដែល​គេ​រស់នៅ​។​
 
​ជាង​១​សប្តាហ៍​ក្រោយមក ប៉ូលិស​នៅ​តំបន់ Lima បាន​ថ្លែងអំណរគុណ​ដល់​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម​ដែល​ឈានទៅ​កាន់ការ​ចាប់ខ្លួន Pugh ដោយ​ក្រុមប៉ូលិស​នៅ Escambia County Sheriffs Office ក្នុង​រដ្ឋ​ហ្វ្ល​រី​ដា​។ ជនសង្ស័យ​ម្នាក់នេះ ក៏​ស្ថិតនៅក្រោម​ការចាប់ខ្លួន​របស់​អាជ្ញាធរ​រដ្ឋ Georgia ផងដែរ​លើ​បទល្មើស​ផ្សេងៗ​ទៀត​។​
 
​បើទោះបីជា​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​ហ្វ្ល​រី​ដា ក៏ដោយ ក៏​ជនសង្ស័យ Pugh ហាក់ដូចជា​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ គេ​ថែមទាំង​បញ្ចេញ​ស្នាមញញឹម​ថែមទៀត​នៅពេលដែល​ប៉ូលិស​ថតរូប​៕
 
 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com