អន្តរជាតិ
ការបង្កើន​ជម្រើស​នៃ​វិធី​ពន្យា​កំណើត​គឺជា​គន្លឹះ​ក្នុងការ​បង្កើន​ការអភិវឌ្ឍ​ជាតិ​មួយ​
27, Jan 2016 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ កែវ គូ​នី​ឡា
​បាលី​- ឥណ្ឌូនេស៊ី​៖ អ្នកជំនាញ​ផ្នែកសុខភាព និង​ការអភិវឌ្ឍ​ពិភពលោក មកពី​អង្គការ​អន្តរជាតិ​ជាង​៤០ បានទទួល​ស្គាល់ និង​គាំទ្រ​ការបង្កើន​ជម្រើស​នៃ​វិធី​ពន្យា​កំណើត​សំរាប់​យុវវ័យ រួមមាន​ទាំង​ការប្រើប្រាស់ LARCs (​ដែលមាន​ឥទ្ធិពល​យូរ តែ​អាច​នៅតែមាន​សមត្ថភាព​បន្ត​ពូជ​វិញ​បាន​)​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​មួយ ដែល​ចេញ​នៅ​សន្និសីទ​ស្តីពី ICFP 2016 ឬ 2016 International Conference on Family Planning​។



​អ្នកជំនាញ​ជាង​២៦០០​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ស​ន្នី​សីទ​អន្តរជាតិ​នេះ​ដែល​កំពុង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២៥ ដល់​២៨ ខែ មករា នៅ​ជ្រោយ នូ​សា ឌូ​អា (Nusa Dua) នៃ​កោះ​បាលី ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ ហើយ​ក្នុងចំណោម អ្នកចូលរួម​ទាំងអស់​នោះ មាន​មន្ត្រី​សុខ​ភិ​បាល និង មន្ត្រី​រៀបចំ​គោលការណ៍​សាធារណៈ អ្នកស្រាវជ្រាវ​ខាង​សុខភាព​បន្ត​ពូជ អ្នកអនុវត្ត​កម្មវិធី​សុខភាព​បន្ត​ពូជ អ្នក​គាំពារ​សុខភាព​មកពី​អង្គការ​ក្នុង​តំបន់​និង​អន្តរជាតិ យុវជន​អ្នកដឹកនាំ​នានា អ្នកសារព័ត៌មាន និង​អ្នកតំណាង​អង្គការ​ក្នុង​តំបន់ និង អន្តរជាតិ​។ សន្និសីទ​ដ៏​ធំ​មួយ​នេះ ធ្វើ​ឡើងជា​លើក​ទី​៤ និង រៀបចំ​ផ្តួចផ្តើម​ដោយ សកល​វិទ្យាល័យ​សុខភាព​សាធារណៈ​សហរដ្ឋអាមេរិក Johns Hopkins Bloomberg School of Public Health, វិទ្យាស្ថាន the Gates Institute the National Population និង វិ​ទ្យ​សា្ថ​ន​ប្រជាភិវឌ្ឍន៍​ជាតិ និង​គម្រោង​ការពារ​កំ​ណើ​តរបស់​ប្រទេស​ឥណ្ឌូនេស៊ី​(BKKBN)​។​

​ទិន្នន័យ​ចុងក្រោយ​នេះ បាន​បង្ហាញថា មាន​ក្មេង​ជំទង់ និង​យុវវ័យ​ជាង ១,៨​កោដិ​លាន​នាក់​នៅលើ​ពិភពលោក ហើយ​ភាគច្រើន​ក្នុងចំណោម​ពួកគេ ចូលចិត្ត​រួមភេទ ហើយ​មិន​ចង់​មាន​ផ្ទៃពោះ ពីព្រោះ​ពួកគេ​កំពុង​សិក្សា នៅ​រក​ការងារ​ធ្វើ ឬ​កំពុង​រក​មធ្យោបាយ​មានកូន​ដោយ​រង្វើល​។ ទោះបីជា​យ៉ាងណាក្តី ការប្រើប្រាស់ LARCs នៅមានកំរិត​នៅឡើយ ជាហេតុ​ធ្វើអោយ​ពួកគេ​មិនអាច​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​ជ្រើសរើស​។ គេ​ឃើញថា ការខ្វះ​ព័ត៌មាន ជំនឿ​ផ្សេងៗ ការភាន់ច្រឡំ ការខ្វះ​សម្ភារ និង​ឧបករណ៍​សំរាប់​សហគមន៍​ក្រីក្រ​ជា​កត្តា​រារាំង​ដ៏​ចម្បង ក្នុងការ​ពន្យា​កំណើត និង​ការរៀបចំ​គ្រួសារ​។

​ក្នុងចំណោម​អ្នកចូលរួម​ទាំងនោះ មាន​អ្នកតំណាង មកពី​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ (Marie Stopes International) អង្គការ PSI និង ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​កិច្ច​អភិ​វ​ឌ្ឈ​ន៏​អន្តរជាតិ (​យូ​សេដ USAID) ដែល​បានធ្វើ​ការវែកញែក នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្មេង​ជំទង់ និង​យុវជន​ពេញវ័យ​ដែល​សកម្ម​ក្នុង​ការរួម​ភ​ទ​មួយចំនួន (​ពី​អាយុ​១០ ដល់ ២៤ ឆ្នាំ​) គួរតែ​ចេះ​ប្រើប្រាស់​មធ្យោបាយ​ក្នុង ការពន្យារ​កំណើត ដូចជា​ការពន្យា​កំណើត​តាមរយ​: ការចាក់​ថ្នាំ និង ការដាក់​កង​ក្នុង​រាងកាយ​ជាដើម​។ អ្នកតំណាង​អង្គការ​ទាំងអស់នេះ​បាន​មានប្រសាសន៍​បន្តទៀតថា មធ្យោបាយ​បង្ក​កំណើត​ទាំងអស់នេះ មិន​ត្រឹមតែ​ទប់​ស្តា​ត់ ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ក្នុងចំណោម​ក្មេងស្រី​ជំទង់ ដែល​នៅ​កំពុង​សិក្សា និង​ស្វែងរក​ការងារ រឺ មិនទាន់​រៀបការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បន្ថយ​ការធ្លាក់​ឈាមរដូវ និង​ការឈឺចាប់​ពេល​មក​រដូវ ជួយ​ព្យាបាល​អាការ​:​រោគ​ស្ត្រី​មួយចំនួន និង​កាត់បន្ថយ​ការចុះ​ខ្សោយ​ឈាមក្រហម (anemia)​ទៀតផង​។


​លោក​វេជ្ជបណ្ឌិត Chittaranjan Narahari Purandare ដែល​មកពី​អង្គការ International Federation of Gynecology and Obstetrics (​រោគ​ស្ត្រី និង​សម្ភព​ស្ត្រី​) បាន​មានប្រសាសន៍​នៅក្នុង​វគ្គ​ពិភាក្សា​តូច​មួយ ក្នុង​សន្និសីទ​នោះ​ថា ទិសដៅ​ចំបង​របស់​អង្គការ​របស់គាត់ គឺ​ជំ​រុញអោយ ឆ្មប អ្នកជំនាញ​ខាង​ព្យាបាល​រោគ​ស្ត្រី និង សម្ភព​ស្ត្រី ចូលរួម​ក្នុងការ​កាត់បន្ថយ​កត្តា​រារាំង​នានា ក្នុងប្រទេស​នីមួយៗ​របស់ខ្លួន និង​អប់រំ​ពី​ការប្រើប្រាស់​វិធី​ពន្យា​កំណើត LARCs ដើម្បី​បំពេញតម្រូវការ​របស់​យុវជន​ទាំងអស់នោះ​។​

​បើតាម​ក្បួនច្បាប់​ពេទ្យ គ្មាន​មូលហេតុ​ណា​ដែល​យើង​គួរ​បដិសេធ មិនអោយ​ក្មេង​ជំទង់​ទទួល​ការប្រើប្រាស់​មធ្យោបាយ​បង្ក​កំណើត​នោះទេ​។ លោក​វេជ្ជបណ្ឌិត​ដដែល​អះអាង​បន្ថែមទៀតថា ប្រទេស​នីមួយៗ គួរតែមាន​ទំនួល​ខុសត្រូវ​ក្នុងការ ឧបត្ថម្ភ គាំទ្រ និង ជំរុញអោយមាន​ការទទួល​បានការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ដ៏​មាន​គុណភាព​សំរាប់​មនុស្ស​រាល់គ្នា មិន​ថា ពួកគេ​រៀបការ​ហើយ រឺ​មិនទាន់​រៀបការ​នោះទេ ព្រោះថា ការធ្វើ​នេះ គឺ​ដើម្បី​សុខភាព​ផ្លូវភេទ ក៏ដូចជា​សុខភាព របស់​មនុស្ស​ទូទៅ​មាន​ភាពល្អប្រសើរ​។

​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​ស្ត្រី​ជាច្រើន​ដែលមាន​ផ្ទៃពោះ ហើយ​ចង់​រម្លូតកូន​ចេញ​។ ប៉ុន្តែ​ពួកគេ​មិន​បានទទួល​ព័ត៌មាន​គ្រាប់​គ្រាន់​អំពី​ជម្រើស​នានា​ក្នុងការ​ពន្យា​កំណើត​នេះ​ទេ​។ នៅពេល​គាត់​ត្រលប់មក​ពេទ្យ​លើក​ទី​២ ហើយ​ក្នុងនាម​ជា​ពេទ្យ យើង​មិនអាច​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​អំពី ការពន្យា​កំណើត​ដល់​ពួកគាត់ នេះ​មានន័យថា យើង​ធ្វើអោយ​គាត់​បរាជ័យ​ជា​លើក​ទី​២»​។​


​នៅ​ប្រទេស​ជាច្រើន ក្មេង​ជំទង់ និង​យុវវ័យ ពិតជា​មានការ​លំបាក​ណាស់​ក្នុងការ​ដើរចូល​មន្ទីរ​ពេទ្យ ហើយ​សុំ​យោបល់​ទាក់ទង​អំពី​ការពន្យា​កំណើត​។ លោក​វេជ្ជបណ្ឌិត ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ការចាក់​ថ្នាំ​ពន្យា​កំណើត អាចជា​វិធី​មួយ​ដ៏​មាន​ប្រយោជន៍​សំរាប់ ក្មេង​ជំទង់ ហើយ​គួរ​មាន ការផ្សព្វផ្សាយ ឬ​ការប្រឹងប្រែង​បន្ថែម​ទៅលើ​ប្រយោជន៍​របស់​ការពន្យា​កំណើត​តាម​ការចាក់​ថ្នាំ​នេះ​។​

​កញ្ញា រាំ​យ៉ា ចា​វ៉ា​ហា ប្រធានស្តីទី មកពី​សហព័ន្ធ​យុវជន​អន្តរជាតិ​ស្តីពី​ការពន្យា​កំណើត​នៃ​ទីក្រុង​បេង​ហ្គា​ឡរ ប្រទេស​ឥណ្ឌា​វិញ បាន​និយាយថា បើទោះបី មណ្ឌល​សុខភាព​មួយចំនួន មាន​សម្ភារ​ពន្យា​កំណើត LARCs គ្រប់គ្រាន់​ក្តី ក៏ប៉ុន្តែ​ផលវិបាក​នោះ គឺ​ការជំរុញអោយ ស្ត្រី​គ្រប់រូប មកកាន់​មណ្ឌល​សុខភាព​នោះ ចាប់ផ្តើម​ប្រើប្រាស់ និង ជំរុញ​អោយ​បុរសៗ​យល់ដឹង​ពី​បញ្ហា​ទាំងអស់​នេះដែរ​។​

​នៅក្នុង​សន្និសីទ​នេះ ក៏មាន​ការពិភាក្សា​លើ "​សុវត្ថិភាព​" របស់ សម្ភារ​ពន្យា​កំណើត LARCs សម្រាប់​ក្មេង​ជំទង់ និង​យុវវ័យ​ផងដែរ​។ សព្វថ្ងៃនេះ នៅមាន​ការ​ភាន់​ប្រ​ឡំ និង​ជំនឿ​ខុស​ផ្សេងៗ ទាក់ទង​នឹង​ឥទ្ធិពល នៃ​វិធី​ពន្យា​កំណើត​សម្រាប់​រយ​:​ពេល​យូរ មកលើ​សុខភាព​របស់​ក្មេង​ជំទង់​។ វេជ្ជបណ្ឌិត ច​ន្ត្រា ម៉ូ​លី (V Chandra-Mouli) មកពី​អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញ​ថា ក្មេង​ជំទង់​ពេញវ័យ​នានា មាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​ពន្យា​កំណើត​ផ្សេងៗ​ទៀត ដូចជា​យុវវ័យ​ដែរ ព្រោះថា គ្មាន​ភស្តុតាង​ខាង​ពេទ្យ​ណា ដែល​និយាយថា ការដាក់​សម្ភារ​ពន្យា​កំណើត ឬ​ការប្រើប្រាស់ LARCs ប៉ះពាល់​នឹង​សមត្ថភាព​បង្ក​កំណើត​របស់​ក្មេង​ជំទង់​ពេញវ័យ រឺ​យុវវ័យ នោះទេ​។​

​លោក​សម្គាល់​ឃើញថា ប្រទេស​មួយចំនួន ដូចជា ទីក្រុង​ហុងកុង និង ប្រទេស​កូរ៉េខាងត្បូង​បាន​ចំណាយ​ជួយ​យុវជន​លើ​សុខភាព និង​ការអប់រំ​៖"​ស​និទាន​ភាព​ដ៏​សំខាន់បំផុត (rationale) សម្រាប់​ការចំណាយ​លើ​ក្រុម​ក្មេង​ពេញវ័យ គឺ ប្រជាសាស្ត្រ (demographics: ការសិក្សា​លើ​លក្ខណ​:​បរិមាណ​របស់​ចំនួន​ប្រជាជន​នៅ​តំបន់​ណាមួយ ខាង​ផ្នែក​ផ្សេងៗ ដូចជា អប់រំ ការយល់ដឹង​ពី​យេ​ឌ័​រ សាសនា ជាដើម ។​ល​។​) ហើយ ការចំណាយ​ជួយ​ក្រុម​ក្មេង​ពេញវ័យ គឺមាន​ប្រយោជន៍​សំរាប់ ពួកគាត់ គ្រួសារ និង​ប្រទេស​របស់​ពួកគាត់​ផងដែរ​»៕


Tag:
 វិធី​ពន្យា​កំណើត​
© រក្សាសិទ្ធិដោយ thmeythmey.com