ជាតិ
សង្គមជាតិ
កាំកុងត្រូល​ខេត្តសៀមរាប​ផ្តើម​ចុះ​ពិនិត្យ​កន្លែង​លក់​ស្ករត្នោត​រក​សារធាតុ​គីមី​
29, Jan 2016 , 11:37 am        
រូបភាព
 
​សៀមរាប​៖ ពេញ​មួយ​ព្រឹក​ហើយ កាំកុងត្រូល​ខេត្តសៀមរាប មិនទាន់​រកឃើញ​សារធាតុ​គីមី នៅក្នុង​ស្ករត្នោត​នោះទេ​។ ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ដំបូង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​នៅតាម​តូប​ក្នុង​តំបន់​ផ្សារលើ ដោយ​ក្នុងនោះ មន្ត្រី​កាំ​កុង​ត្រួ​ល បាន​ពិនិត្យ​ស្ករត្នោត​ជាច្រើន តែ​ស្ករ​ទាំងនោះ ពុំមាន​លាយ​សារធាតុ​គីមី​ឡើយ​។​

 
 
​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ពី​កាំកុងត្រូល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ មករា​នេះ កាំកុងត្រូល​ខេត្តសៀមរាប បានចាប់ផ្តើម​អនុវត្តន៍​ផែនការ ដោយ​គ្រោង​នឹង​ចុះ​ត្រួតពិនិត្យ​ស្ករត្នោត តាម​ទីផ្សារ​សំខាន់ៗ​មួយចំនួន ក្នុង​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក លឹម វុទ្ធី អនុប្រធាន​កាំកុងត្រូល​ខេត្តសៀមរាប​។​
 
​ការចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ស្ករត្នោត​ប្រមាណ​១០​តូប នៅ​ផ្សារលើ​កាលពី​ព្រឹក​មិញ អាជ្ញាធរ មិនបាន​រកឃើញ​សារធាតុ​គីមី សូ​ដ្យូ​ម​អ៊ី​ដ្រូ​ស៊ី​ល​ហ្វី​ត (Sodium hydrocilfeet) នោះទេ​។ តាម​ការបញ្ជាក់​របស់​លោក លឹម វុទ្ធី ដែល​បាន​ដកស្រង់​សំដី​របស់​ក្រុមអាជីវករ បាន​និយាយថា ស្ករត្នោត​ទាំងនោះ ពួកគេ​យក​ពី​អ្នក​ផលិត​នៅក្នុង​ស្រុក និង​ភាគច្រើន​ជា​ស្ករត្នោត​ដែល​ផលិត​ជា​លក្ខណៈ​គ្រួសារ​តូចតាច​តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ ក្រុម​កាំកុងត្រូល​ខេត្តសៀមរាប គ្រោង​នឹង​ចុះ​ពិនិត្យ​រកសារ​ធាតុគីមី​នៅក្នុង​ស្ករត្នោត នៅតាម​ទីផ្សារ​សំ​សំខាន់ៗ​មួយចំនួនទៀត មាន​តំបន់​ផ្សារ​ចាស់ និង​ផ្សារ​ក្រោម​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លឹម វុទ្ធី​។​
 
​កាលពី​ថ្ងៃទី​២៧ មករា​កន្លងទៅ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សហការ​និង​កាំកុងត្រូល​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ រកឃើញ​ស្ករត្នោត​ជាច្រើន​តោន ដែលមាន​ផ្ទុក​សារធាតុ​គីមី សូ​ដ្យូ​ម​អ៊ី​ដ្រូ​ស៊ី​ល​ហ្វី​ត​។ ក្នុងនោះ​ម្ចាស់​អាជីវកម្ម ដែល​រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ក៏​ត្រូវបាន​ឃាត់ខ្លួន​ភា្ល​មៗ​នោះដែរ​។​
 
​ទាក់ទង​នឹង​សារធាតុ​គីមី ដែល​ប្រើ​នៅក្នុង​ស្ករត្នោត​នេះ លោក លឹម វុទ្ធី ពន្យល់​ពី​គ្រោះថ្នាក់​របស់​វា​ថា គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​។ លោក​បន្តថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ រាគ​រួស ឈឺក្រពះ ជាពិសេស​គឺ​គ្រោះថ្នាក់​សម្រាប់​អ្នក​កើត​ជំងឺហឺត​។ អ្នក​ជំងឺហឺត ដែល​ប៉ះ​សារធាតុ​នេះ នឹងធ្វើ​ឲ្យ​រាងកាយ​ញ័រ និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បានដែរ​។ កន្លងមក​សារធាតុ​នេះ​ច្រើន​មានប្រើ​នៅលើ​បន្លែ​មួយចំនួន មាន​សណ្តែកបណ្តុះ និង​ខ្ញី​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com