ជាតិ
សូម្បីតែ​សម្រស់​ក៏​លែង​ធម្មជាតិ​ដែរ​!
31, Jan 2016 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ដើមឡើយ យុវជន យុវនារី តុបតែង​ខ្លួន​ដោយ​រក្សា​នូវ​សម្រស់​ធម្មជាតិ​ច្រើន​គួរសម​។ ប៉ុន្តែ​នៅក្នុង​សតវត្ស​រិ៍​ទី​២១​នេះ ការតុបតែង​ខ្លួន​រប​ស់​នារី និង​បុរស​ខ្មែរ​មួយចំនួន​មាន​លក្ខណៈ​ចម្លែក​។ អ្នកខ្លះ កាត់សក់​របៀប​ផ្លែ​ម្នាស់ អ្នកខ្លះ​ពាក់​ក្រវិល​ដែកគោល និង​អ្នក​ខ្លះទៀត ចោះ​ធ្មេញ​ដាក់​គ្រាប់ពេជ្រ​។​ល​។



«​បើទោះបីជា​ម្តាយ ឪពុក​ខ្ញុំ​ខឹង ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ​។ អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​អោយតែ​ខ្ញុំ​សប្បាយចិត្ត​ខ្លួនឯង​»​។ នេះ​គឺជា​អះអាង​ដោយ​មិន​អៀនខ្មាស់​របស់​យុវជន ពៅ ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។

​លោក ពៅ ដែលមាន​អាយុ​ជាង​២០​ឆ្នាំ​បន្តិច បាន​បន្តទៀតថា ឪពុកម្តាយ​គេ​ស្តីបន្ទោស​មុនដំបូង​បន្តិច ប៉ុន្តែ​ក្រោយមក ពួកគេ​ឈប់​និយាយ​អ្វី​ទាំងអស់​។ «​ឥឡូវ​គាត់​ឈប់​និយាយ​តែម្តង ខ្ញុំ​តែង​សក់​ស្រេច​តែ​ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​ប្តូរ​ម៉ូត​សក់ ពីព្រោះ ខ្ញុំ​ចង់​អោយគេ​មើល​ខ្ញុំ​។ ពេល​មាន​គេ​មើល ខ្ញុំ​រំភើប​»​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​បស់​យុវជន ពៅ​។

​មាឌ​ស្តើង​ខ្ពស់ សម្តី​របៀប​ស្រី​មិន​ចំ​ស្រី ប្រុស​មិន​ចំ​ប្រុស យុវជន ពៅ បាន​និយាយថា​៖«​គ្រាន់តែ​ក្រវិល ខ្ញុំ​មាន​ច្រើន​ប្រភេទ​ណាស់​។ ខ្ញុំ​ពាក់​ពេញ​ត្រចៀក​ក៏បាន​»​។ លោក​ពាក់​របៀប​អ៊ីចឹង តើ​លោក​មិន​ខ្មាស់​គេ​ទេ​? លោក ពៅ ឆ្លើយ​មកវិញ​ថា​៖«​អត់​ផង​»​។


​បុរស​លេង​ម៉ូត​សក់​ផ្សេងទៀត​បាន​និ​យ​យ​ស្រដៀង​គ្នា​ថា ពួកគេ​ធ្វើ​ម៉ូត​លក់​ដើម្បី​ទាក់ទាញ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ឬ​ធ្វើអោយ​អ្នក​ទាំងឡាយ​ចាប់អារម្មណ៍​លើ​រូបគេ​។ កញ្ញា ធា​វី ធ្វើការ​នៅក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​នៅក្នុង​ខេត្តកំពង់ចាម បា​នស​ម្រេ​ចិត្ត​ចោះ​ធ្មេញ​ដាក់​ពេជ្រ​ក្លែងក្លាយ​គ្រាប់​តូច​មួយ​ដើម្បី​លើក​សម្រស់​ជូន​ដល់​ភ្ញៀវ​ទាំងឡាយ​។ «​ពេល​ខ្ញុំ​ញញឹម បុរសៗ​តែ​សរសើរ​ថា ធ្មេញ​ខ្ញុំ​ស្អាត​»​។ នេះ​គឺជា​ការកត់សម្គាល់​រប​ស់ កញ្ញា ធា​វី ដែល​និយាយប្រាប់​ដោយ​មិន​ខ្មាស់អៀន​។

​ការលើក​សម្រស់​របស់​នារី និង​យុវជន​សម័យថ្មី​មាន​ច្រើន​របៀប ក្នុងនោះ​មាន​៖ ធ្វើ​ម៉ូត​សក់​ចម្លែកៗ ពាក់​ស្បែកជើងកែងចោទ​ដើម្បីអោយ​ចេញ​រាង ពាក់​ខ្សែរ​ចង្កេះ​ប្លា​ក​ទីន ខ្សែរ​ជើង​ប្លា​ក​ទីន ចោះត្រចៀក​ច្រើន​រុន លាប​ព័ណ៌​សក់​ចម្រុះ ក្រចកដៃ​ច្រើន​ព័ណ៌ ធ្វើ​ច្រមុះ លាប​ស្បែក​អោ​យស​។​ល​។


​ស្ត្រី​នៅតាម​ជនបទ​មួយចំនួន​ដែល​រក្សារ​ការ​តុ​ប​តែ​បែប​បុរាណ​បាន​និយាយ​បែប​កំប្លែង និង​ចំអក​ដល់​នារី​តុបតែង​ខ្លួន​ខ្លាំងពេក​នៅ​ទីក្រុង​មួយចំនួន​ថា​៖«​ស្បែក​ខ្ញុំ​ខ្មៅ​មែន តែ​វា​ជា​សម្រស់​ពិត និង​ធម្មជាតិ​។ អ្នក​ភ្នំពេញ​ស្បែក​ស​មែន តែ​ជា​ស្បែក​គីមី ពីព្រោះ​គេ​ប្រើ​ថ្នាំ​អោ​យស​»​។

​បើ​និយាយ​ពី​ម្ហូបអាហារ​ទៅ​ចុះ គេ​គួរ​គិតពី​ធម្មជាតិ ឬ​គីមី​។ ចុះ​ឥឡូវ បើ​សម្រស់​មនុស្ស​មាន​ធម្មជាតិ ឬ​មាន​ជាតិគីមី​ទៅហើយនោះ តើ​គេ​ត្រូវធ្វើ​ដូចម្តេច​?


​បើទោះបីជា​គេ​ពិបាក​ផ្តល់​ចម្លើយ​ក៏ដោយ​ក្តី ក៏​នារី​មួយចំនួន​ដែល​មិន​ចូលចិត្ត​សម្រស់​សិប្បនិម្មិត បាន​ទូន្មាន​ដល់​សុភាពបុរស​ទាំងឡាយ​អោយ​ប្រយ័ត្ន​ចំពោះ​សម្រស់​គីមី និង​សម្រស់​នារី​ក្លែងក្លាយ​។ សម្រស់​ក្លែងក្លាយ​នៅលើ​រូបរាង​នារី​ខ្លះ អាច​ត្រូវបាន​គេ​កែ​គ្រប់​ទីកន្លែង មិន​ថា ជា​កន្លែង​ណា ឬ​កន្លែង​ណា​ទេ​៕ 


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com