រូបត្លុក
តើ​កណ្តាប់ដៃ​ដែក​កំចាត់«ខ្មោច​ពុករលួយ» នឹង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា?
31, Jan 2016 , 5:59 pm        
រូបភាព
ដោយ:
វិធានការ​របស់​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​កំចាត់​មន្ត្រី​ខ្មោច ត្រូវបាន​ដាក់អោយអនុវត្ត​ច្រើនដង​រួចមកហើយ​ដែរ​។ ក្រៅពី​ការធ្វើជំរឿន​មន្ត្រីរាជការ​ថ្នាក់ជាតិ វិធានការ​ចុងក្រោយ​មួយទៀត គឺ​ការចុះបញ្ជី​វត្តមាន​ដោយ​ម៉ាស៊ីន​អេឡិចត្រូនិក​។ ក្រសួង​ខ្លះ​សម្រេច​ប្រើប្រាស់​មធ្យោបាយ​ស្កែ​ន​ក្រយៅដៃ ស្ថាប័នរដ្ឋ​ខ្លះទៀត​ប្រើប្រាស់​មធ្យោបាយ​បង្ហាញ​ប័ណ្ណ​បុគ្គលិក​ដាក់​លើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដើម្បី​បញ្ជាក់​អំពី​វត្តមាន​ពួកគេ​នៅ​កន្លែងធ្វើការ​។ ប៉ុន្តែ វិធានការ​ទាំងនោះ គ្មាន​ប្រយោជន៍ និង​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​

​មន្ត្រីរាជការ​គ្នាឯង​បាន​និយាយ​ត​គ្នា​ថា អ្នក​ដែល​មានតែ​ឈ្មោះ ហើយ​មិន​មក​ធ្វើការ​នៅតែមាន​ច្រើន​ដូចដើម ជាពិសេស មន្ត្រី​ដែលជា​កូនក្មួយ សាច់​ញា​តិ្ត​អ្នកធំ និង​ថ្នាក់ដឹកនាំ​ខ្លះ​នៅក្នុង​ស្ថាប័នរដ្ឋ​។​

​ប្រសិនបើ​ក្រសួង​ណា​ដែល​ប្រើប្រាស់​វិធានការ​ដាក់​ស្កែ​ន​ក្រយៅដៃ មន្ត្រី​គ្រាន់​តែម​កស្កែ​ន​ក្រយៅដៃ​ពេល​ចូលធ្វើការ និង​ពេល​ចេញពី​ធ្វើការ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិនបាន​នៅ​ធ្វើការ​ឡើយ​។ ប្រសិនបើ​ស្ថាប័នរដ្ឋ​ណា ប្រើប្រាស់​មធ្យោបាយ​ស្កែ​ន​ប័ណ្ណ​បុគ្គលិក​នោះ មធ្យោបាយ​មួយ​នេះ​រឹតតែ​ស្រួល​សម្រាប់​បុគ្គលិក​ដែល​ចង់​បន្លំ​។ ពួកគេ​គ្រាន់តែ​ផ្ញើ​ប័ណ្ណ​នោះ​ត​គ្នា អោយ​មន្ត្រី​ម្នាក់​ដែល​មក​ធ្វើការ ដាក់​ស្កែ​នប​ណ្ណ​នោះ​ឱ្យ​ជាការ​ស្រេច​។​

​ម្តងនេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​បើក​យុទ្ធនាការ​កំចាត់​មន្ត្រី​ខ្មោច​ទាំងនោះ​សារជាថ្មី​ទៀត ដោយ​លោក​ហៅថា ជា​ខ្មោច​ពុករលួយ​។ យុទ្ធនាការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​អាច​ក្លាយជា​វិធានការ​ចុងក្រោយ ដែលមាន​ប្រសិទ្ធភាព ក្នុងការ​បោសសម្អាត មន្ត្រី​ខ្មោច​នៅ​កម្ពុជា​ដែរឬទេ​? ជាពិសេស ក្នុង​សំណុំ​បញ្ហា​ដដែល គឺ​ការ​បោសសម្អាត ក្រុម​សាច់ញាតិ កូនក្មួយ​របស់​មន្ត្រី​ធំ​ប្រចាំ​ស្ថាប័ន ដែល​មិន​បើកប្រាក់​ខែ​រដ្ឋ តែ​មិន​បំពេញការងារ​ជូន​រដ្ឋ​នោះ ?

​គេ​បានលឺ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយចំនួន បានចាប់ផ្តើម​ដាក់បទបញ្ជា​ទៅ​ថ្នាក់ក្រោម​ឱវាទ​សម្អាត​បញ្ជី​ឈ្មោះ​មន្ត្រី​ខ្មោច​ជា​បណ្តើ​រហើយ ខណៈដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានដាក់​ឱសានវាទ​៣​ខែ​ដល់​ស្ថាប័នរដ្ឋ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com